ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ៨នាក់ រស់នៅក្នុងសហគមន៍ថ្មគោល ដែលស្ថិតនៅជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួនទៅកាន់អធិការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ដោយសារតែពួកគេ បានបាញ់ថ្នាំសរសរអក្សរឲ្យជួយពួកគេ (SOS) និងដាក់រូបថតលោកអូបាម៉ា លើដំបូងផ្ទះពួគគេ។
ពលរដ្ឋដែលត្រូវបានចាប់ខ្លួននោះ ភាគច្រើនគឺជាតំណាងប្រជាពលរដ្ឋក្នុងសហគមន៍ថ្មគោលនេះដែលកំពុងប្រឈមនឹងការបណ្តេញចេញ ក្នុងនោះរួមមាន អ្នកស្រី ឆ្រាយ នីម, ភួង សុភាព, ឃាង សារី, អ៊ុន ម៉ាប់, លោកអ៊ុន សុខនី និងប្រជាពលរដ្ឋមួយចំនួនទៀត។
អ្នកស្រី ឡេង វី ដែលត្រូវជាភរិយារបស់លោក អ៊ុន សុខនី ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកមិញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ការចាប់ខ្លួននេះបានធ្វើឡើង ក្រោយពីមានការព្រមានឲ្យរុះរើ ផ្ទាំងរូបភាពលោកអូបាម៉ា និងលុបចោលនូវសារ ជាអក្សរដែលសរសេរថា SOS ចោលជាបន្ទាន់ កាលពីល្ងាចថ្ងៃពុធ ពីសំណាក់អាជ្ញាធរដែនដី។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមិនទាន់ដឹងថា អាជ្ញាធរដែលចាប់ពួកគេទាំងនោះ ត្រូវចោទប្រកាន់ពីបទអ្វីនោះទេ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋម្នាក់ក្នុងចំណោម អ្នកត្រូវបានចាប់ខ្លួនបីនាក់ចុងក្រោយនោះ ត្រូវបានសមត្ថកិច្ចដោះលែងមកវិញហើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជាង ១៨០ គ្រួសារដែលរស់នៅក្នុងសហគមន៍ថ្មគោលនោះ ត្រូវបានអាជ្ញាធរដែនដី ចេញលិខិតឲ្យរុះរើលំនៅដ្ឋានរបស់ពួកគេឃ្លាតចេញពីរបងព្រលានយន្តហោះ ដើម្បីធ្វើការពង្រីកព្រលានយន្តហោះ និងធានាការពារសន្តិសុខដល់មេដឹកនាំកំពូលៗ ក្នុងពិភពលោក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប៉ុន្មានថ្ងៃខាងមុខនេះ។
ភ្នំពេញ ប៉ុស្តិ៍

