ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រុមហ៊ុន Mobile C&C (Cambodia) បង្កើតនូវ បចេ្ចកវិទ្យា One ASEAN សម្រាប់ផ្តល់ព័តមានពី ASEAN ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកកិត្យានុភាពកម្ពុជាឱ្យកាន់តែប្រសើរក្នុងឱកាសជាប្រធានអាស៊ានក្នុងឆ្នាំ២០១២នេះ។
ការរួមគ្នាបង្កើតបច្ចេកវិទ្យា One ASEAN នេះធ្វើឡើងក្រោមអនុស្សនៈយោគយល់គ្នា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានការចុះហត្ថលេខារវាងលោក ពេជ្ជ ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានរបស់កម្ពុជា ជាមួយនឹងលោក Hwangbo Young Cheolអគ្គនាយកក្រុមហ៊ុន Mobile C&C (Cambodia)ដែលជាក្រុមហ៊ុនកម្ពុជាមួយដែលមានវិនិយោគិនមកពីសាធារណៈរដ្ឋ កូរ៉េ។
ការបង្កើតនេះក៏មានការគាំទ្រនិងលើកសរសើរពី អគ្គលេខាធិកាអាស៊ានលោក Surin Pitsuwan ផងដែរ។
នៅក្នុងលិខិតឆ្លើយតបរបស់លោក Surin Pitsuwan ជូនលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានសរសេរថា អគ្គលេខាធិកាអាស៊ានលោក Surin Pitsuwan គាំទ្រ និងកោតសរសើរកម្ពុជាពីការផ្តួចផ្តើមគំនិត និងការខិតខំប្រឹងប្រែងកសាងកម្មវិធីទូរស័ព្ទ One ASEAN ដើម្បីជួយផ្សព្វផ្សាយព័ត៌មានពីអាស៊ានជូនប្រជាជន និងមន្រ្តីអាស៊ានក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ ខាងមុខនេះឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា One ASEAN នេះគឺជាផលិតផលទី១ ដែលគិតចេញពីកូនខ្មែរពិតៗ និងបានចូលរួមបង្កើតឡើងដោយអ្នកសរសេរកម្មវិធីជាយុវជនកម្ពុជា និងអ្នកជំនាញជនជាតិកូរ៉េ ។ ទូរស័ព្ទ Smart Phones ដែលប្រើប្រាស់កម្មវិធីរបស់ Apple iOS និង Android អាចបញ្ចូលកម្មវិធី One ASEAN នេះបានដោយឥតគិតថ្លៃ។
ភ្នំពេញ ប៉ុស្តិ៍

