ភ្នំពេញៈ យ៉ាងហោចណាស់មានកម្មករ កម្មាការិនីប្រមាណជិត ៥០នាក់ នៅរោងចក្រកាត់ដេរចំនួន៦ ស្ថិតក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ២ ក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ បានសន្លប់ទៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ កម្មករ កម្មការិនីជិត២០០នាក់ ដួលបានសន្លប់ បន្តគ្នានិងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិង គ្លីនិកចំនួន៣ កាលពីរសៀលថ្ងៃពុធម្សិលមិញ។
លោក អ៊ុក លី មេប៉ុស្តិ៍ក្រាំងពង្របានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា មានកម្មករ កម្មការិនីប្រមាណជាង៥០ នាក់បានដួលសន្លប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដោយសារតែធុំក្លិនប្រេងខ្លាំងពេក ពេលពួកគេនាំគ្នាធ្វើការ។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ខាងមន្ត្រីពាក់ព័ន្ធកំពុង បង្កើតគណៈកម្មការចុះពិនិត្យលើបញ្ហាហ្នឹង។ រីឯកម្មករ កម្មការិនីដែលមិនដួលសន្លប់ ត្រូវបានអនុញ្ញាតឲ្យសម្រាក និងត្រលប់ទៅផ្ទះវិញ។
កាលពីម្សិលមិញ លោក ខឹម ចំណាន មន្ត្រីសហជីពសេរីកម្មករកម្ពុជាដែលបានចុះផ្ទាល់ដល់កន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងតិចមានកម្មករប្រមាណជា២០០នាក់ បានក្អួតចង្អោរទន់ដៃជើង និងដួលសន្លប់ នៅក្នុង៦រោងចក្រនោះ មានរោងចក្រញូវធិច, ផាភីលៀននិងរោងចក្រកាត់ដេរ មហាហ្គាមេន ទី១ ទី២ និងទី៣ ដែលស្ថិតនៅក្នុងបរិវេណសួនឧស្សាហកម្មវឌ្ឍនៈ។
យោងតាមមន្ត្រីសហជីពសេរីកម្មករ អ៊ុំ លីណា បានឲ្យដឹងដែរថាចាប់តាំងពីខែមករា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មានកម្មករ កម្មការិនីរោងចក្រជាង ២០៦០នាក់ហើយបានដួលសន្លប់ ក្នុងពេលបំពេញការងារ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

