លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានឲ្យដឹងកាលពីថ្ងៃពុធថា សមាជិកគណបក្សសាធារណរដ្ឋ នឹងត្រូវព្រមព្រៀងក្នុងការដំឡើងពន្ធលើអ្នកមានទ្រព្យសម្បត្តិច្រើន ដោយចាត់ទុកថាជាជំហ៊ានដំបូងក្នុងកិច្ចព្រមព្រៀងលើគម្រោងថវិកា ដែលនឹងទប់ស្កាត់មិនឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបំពេញការងារខុសក្នុងការជំរុញសេដ្ឋកិច្ចអាមេរិក ឲ្យធ្លាក់ចូលក្នុងវិបត្តិ។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតកាលពីសប្តាហ៍មុន លោក អូបាម៉ា បានឲ្យដឹងថា លោកនឹងស្វាគមន៍ចំពោះការពិចារណាពីអាទិភាពរបស់សមាជិកគណបក្សសាធារណរដ្ឋ ដូចជាកំណែទម្រង់សិទ្ធិ និងមធ្យោបាយផ្សេងទៀត ក្នុងការដំឡើងប្រាក់ចំណូលពន្ធ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានលក្ខណៈធំទូលាយ ដើម្បីរៀបចំហិរញ្ញវត្ថុរបស់អាមេរិកឲ្យចំគោលដៅប្រកបដោយនិរន្តភាព។
តែលោក អូបាម៉ា មានប្រសាសន៍ថា សមាជិកគណបក្សសាធារណរដ្ឋនៅសភា ជាបឋមត្រូវឯកភាពចំពោះអាទិភាពកំពូលរបស់លោកនៅក្នុងការចរចាដ៏ស្មុគស្មាញ ក្នុងគោលបំណងទប់ស្កាត់កំណើនពន្ធដែលមានចំនួន ៦០០ពាន់លានដុល្លារ និងកាត់បន្ថយចំណាយមិនឲ្យកើតឡើងនៅដើមឆ្នាំក្រោយនេះ ដែលបញ្ហានេះ គឺជាបន្សំថ្នាំពុលហៅថាវិបត្តិសារពើពន្ធ ដែលអាចរារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់អាមេរិក។
មុនកិច្ចប្រជុំជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្ម ដែលកំពុងជំរុញឲ្យមានដំណោះស្រាយឆាប់រហ័ស លោក អូបាម៉ា បានបន្តឲ្យដឹងទៀតថា៖«អ្វីដែលខ្ញុំមិនធ្វើនោះគឺ ការពន្យាពេលកាត់បន្ថយពន្ធជាបន្តសម្រាប់អ្នក ដែលមិនត្រូវការវា»។
ភ្នំពេញ ប៉ុស្តិ៍

