ភំ្នពេញៈ ម្តាយរបស់កីឡាប្រដាល់អេភូថងដែលត្រូវបានកាត់ក្តីកំបាំងមុខពីឆ្នាំ២០១០នោះ នៅព្រឹកថ្ងៃនេះ ត្រូវសាលាដំបូងរាជធានីភំ្នពេញ បើកសវនាប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារ១៧ឆ្នាំ ក្រោមការចោទប្រកាន់ពី ការលក់ -ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា ១៦នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានី បានសម្រេចផ្តន្ទាទោស អាត អន់ ភេទស្រីអាយុ ៥៨ឆ្នាំ ឲ្យជាប់ពន្ធនាគារ ១៧ឆ្នាំ និងសំណងទៅដើមបណ្តឹង ៦០លានរៀលពីបទ លក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ដោយបានតម្កល់សាលក្រមព្រហ្មទណ្ឌលេខ៨១ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០ របស់សាលាដំបូរាជធានីភំ្នពេញ នៅទាំងស្រុងដដែល ។
ជនជាប់ចោទ អាត អន់ បានយំសោកអង្គុយលើឥដ្ឋការូក្នុងបន្ទប់សវនាការ បន្ទាប់ពីលោកចៅក្រមអានសេចក្តីសម្រេចផ្តន្ទាទោសគាត់ ។ គាត់ បានបញ្ជាក់ប្រាប់ថា៖«ខ្ញុំមិនអាចទទួលយកការសម្រេចរបស់តុលាការនេះបានទេ វាអាយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ខ្ញុំនឹងប្តឹងឧទ្ធរណ៍ទៀត ខ្ញុំនឹងប្តឹងរហូតដល់ស្លាប់»។
ភ្នំពេញ ប៉ុស្តិ៍

