Headlines:

ចាប់​បញ្ជូន​មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំ​ញៀន​ទៅ​តុលាការ



បន្ទាយមានជ័យៈ ក្រុម​យុវជន​ប្រុស​ស្រី​ចំនួន​១៣​នាក់​ ដែល​ជា​មុខ​សញ្ញា​ជួញ​ដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ នៅ​ក្រុង​សិរីសោភណ័​ ត្រូវ​បាន​កម្លាំង​នគរបាល​ ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​វេលា​យប់​ថ្ងៃ​ពុធ​ ដើម្បី​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​។​

ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​១៣​នាក់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​យប់​ម៉ោង​១០​ ថ្ងៃទី​១៤​ ខែ​វិច្ឆិកា​ ដោយ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ បាន​សហការ​ជា​មួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ចេញ​ប្រតិបត្តិ​ការ​បំបែក​សំបុក​ចរាចរណ៍​គ្រឿង​ញៀន​ ស្ថិត​នៅ​ចំណុច​រ៉ា​រថភ្លើង​ ក្នុង​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភណ័​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

ប្រតិបត្តិ​ការណ៍​លើក​នេះ​ កម្លាំង​នគរបាល​បាន​ធ្វើការ​បង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ និង​ធ្វើ​ការ​ឃាត់​ខ្លួន​ក្រុម​យុវជន​ដើរ​លេង​ពេល​យប់​ប្រើប្រាស់​ថ្នាំ​ញៀន​១២​នាក់​ថែម​ទៀត​។​

លោក​ ស៊ិន​ ស៊ី​ដេត​ ប្រធាន​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍នេះ​ថា​ ៖«​កម្លាំង​យើង​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ ជា​ច្រើន​ថ្ងៃ​ ទើប​អាច​បំបែក​កន្លែង​សំបុក​គ្រឿង​ញៀន​បាន​»​។​

លោក​បន្ត​ថា​ ពី​ដំបូង​ឡើយ​ កម្លាំង​នគរបាល​បាន​ធ្វើការ​ស៊ើប​អង្កេត​ស្ទាក់​ចាប់​បាន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ម្នាក់​ រួច​ក៏​ធ្វើការ​សាក​សួរ​ រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ដល់​ចំណុច​រ៉ារថ​ភ្លើង​ ដែល​ជា​កន្លែង​ជួញ​ដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​តំបន់​អាណាធិបតេយ្យ​នៅ​ក្រុង​សិរី​សោភណ័​ ដោយ​ក្នុង​នោះ​បាន​ធ្វើការ​ប្រមូល​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​១២​នាក់​ និង​ស្រ្តី​ម្នាក់​ឈ្មោះ​សុខ​ ដា​ អាយុ​២៦​ឆ្នាំ​ មាន​មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​។​

លោក​ថា​ នៅ​ក្នុង​បេសកម្ម​លើក​នេះ​ កម្លាំង​នគរបាល​ប្រមូល​បាន​វត្ថុ​តាង​ដូច​ជា​ ម៉ូតូ​ចំនួន​៥​គ្រឿង​ និង​ធ្វើការ​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតា​មីន​មួយ​ចំនួន​ផង​ដែរ​។​

បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​ជន​សង្ស័យ​ទាំង​១២​នាក់​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ អ្នក​ខ្លះ​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ជា​លើក​ទី​១​ ខ្លះ​ទៀត​ជ្រុល​ប្រើ​តាម​មិត្ត​ភក្ត័​ ខ្លះ​ទៀត​បាន​ប្រើ​ជា​យូរ​ណាស់​មក​ហើយ​។​ ប៉ុន្តែ​ដោយ​ឡែក​ចម្លើយ​សារ​ភាព​របស់​ឈ្មោះ​សុខ​ ដា​ វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា​ បាន​ធ្វើការ​ជួញ​ដូរ​ថ្នាំ​ញៀន​នេះ​ជា​ច្រើន​លើក​កន្លង​មក​ហើយ​ក្នុង​ទឹក​ដី​ក្រុង​សិរីសោភណ័​នេះ​។​ ដូច្នេះ​ដោយ​យោង​តាម​ចម្លើយ​សារ​ភាព​នេះ​ លោក​បាន​កសាំង​សំនុំ​រឿង​ ដើម្បី​បញ្ជូន​ជន​ទាំង​១៣​នាក់​នេះ​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។​

លោក​រ៉ែម​ វិរៈ​ អធិការ​នគរបាល​ក្រុង​សិរីសោភណ័​បាន​មាន​ប្រសាសន៍​ថា​ កម្លាំង​នគរបាល​បាន​កសាំង​សំនុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​១៣​នាក់​ខាង​លើ​ ទៅ​កាន់​តុលាការ​រួច​រាល់​ហើយ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​សាក​សួរ​ចប់​។​

This content has been locked. You can no longer post any comments.
Show/hide comments
busy