ការនាំអង្ករចេញទៅកាន់ទីផ្សារបរទេស មានកំណើនតិចតួចបំផុតត្រឹមតែ០,៥១ភាគរយ ក្នុងរយៈពេលដប់ខែ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយ មន្រ្តីសំដែងក្តីបារម្ភចំពោះផែនការណ៍នាំអង្ករចេញមិនដល់គោលដៅ។
លោក ហ៊ាន វណ្ណហន អគ្គនាយករងអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បាននិយាយថា តួលេខនាំចេញអង្កររហូតដល់បញ្ចប់ខែតុលានេះ បានត្រឹមតែ១៤៨២០០តោនប៉ុណ្ណោះ ខណៈពេលដែលតួលេខនាំចេញអង្ករកាលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបានចំនួន ១៤៧ ៤៣៥ តោន។
លោក បានឡើងថា មូលហេតុដែលបានបណ្តាលឲ្យមានកំណើនដ៏តិចតួចមិនគួរឲ្យយកជាការបានបែបនេះ បណា្តលមកពីតម្លៃប្រកួតប្រជែងខ្លាំងពីប្រទេសជិតខាង ហើយទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លះដែលធ្វើឲ្យអង្ករកម្ពុជាពិបាកបញ្ជៀតចូលក្នុងទីផ្សារ ព្រោះអង្ករកម្ពុជាទើបតែថ្មីថោងផង។
លោក និយាយថា៖ «វាគួរឲ្យបារម្ភដែលវាមានកំណើនយឺត។ កំណើនតិចណាស់ដែលពិបាកនឹងយកជាការបានណាស់។ គោលនយោបាយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ជោគជ័យ ឬមិនជោគជ័យ គឺត្រូវប្រឹងប្រែងទំាងអស់គ្នា។ ខ្ញុំក៏លំបាកវាយតម្លៃដែរ ព្រោះខ្ញុំធ្វើការតែមួយជ្រុងមួយនោះទេ»។
ក្រៅពីតម្លៃប្រកួតប្រជែងនៅខាងក្រៅដែលអង្ករកម្ពុជាកំពុងតែជួបប្រទះ ក៏នៅមានក្រុមហ៊ុនខ្លះប្រព្រឹត្តមិនស្មោះត្រង់ជាប់ពាក់ព័ន្ធគុណភាពអង្ករ រហូតដល់ប្រទេសខ្លះបានព្រមានទៀតផង។ ទោះជាយ៉ាងណា លោក មិនបានបញ្ចេញឈ្មោះក្រុមហ៊ុននោះទេ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

