
ក្រុងតេអេរ៉ង់ៈ យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ បានបញ្ជាឲ្យសភាបញ្ចប់ការចោទសួរលោក ម៉ះមូដ អះម៉ាឌីនេចាដ ជុំវិញធ្លាក់ចុះរូបិយប័ណ្ណ និងវិបត្តិសេដ្ឋកិច្ចជាតិ។
ទីភ្នាក់ងារសារព័ត៌មាន IRNA បាននិយាយកាលពីថ្ងៃពុធថាលោក អាយ៉ាតូឡះ អាលី ខាម៉េណី បុព្វជិតវ័យ៧៣ឆ្នាំ ដែលកាន់អំណាចកមពូល បានសម្តែងកង្វល់ថាការចោទសួរ មុខសភានោះ នឹងផ្តល់ប្រយោជន៍ដល់ក្រុមសត្រូវរបស់អ៊ីរ៉ង់។
លោក ខាម៉េណី និងលោក អះម៉ាឌីនេចាដ មានការខ្វែងគំនិតគ្នាជាច្រើនខែហើយ ហើយវាហាក់ដូចជាថា ក្រុមប្រឆាំងក្នុងសភារបស់ប្រធានាធិបតីរូបនោះ កំពុងដើរតួក្នុងនាមមេដឹកនាំកំពូល នៅពេលដែលពួកគេបានកោះហៅលោកមកសាកសួរ។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រធានាធិបតីរបស់អុីរ៉ង់ហើយ ដែលលោក អះម៉ាឌីនេ ចាដ ត្រូវបានគេកោះហៅមកសភាដើម្បីសាកសួរកាលពីខែមីនា។
ប៉ុន្តែលោកអាយ៉ាតុលឡះ ដែលមានសិទ្ធិសម្រេចចុងក្រោយលើបញ្ហារដ្ឋទាំងអស់ បាននិយាយថា៖«យើងទាមទារឲ្យតំណាងរាស្រ្តជាទីគោរពទាំងអស់ កុំបន្តការកោះហៅនោះ»។
ដោយថ្លែងសំដៅចំពោះលោកខាងលិច មេដឹកនាំកំពូលរូបនេះ បានថ្លែងថា នៅពេលដែលកង្វល់របស់សភាអំពីសេដ្ឋកិច្ចជារឿងវិជ្ជមាន ការចោទសួរប្រធានាធិបតីនៅមុខស្ថាប័ននេះគឺ«ជាអ្វីដែលសត្រូវចង់បាន»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

