ភំ្នពេញៈ សាលាដំបូងរាជធានីភំ្នពេញ កាលពីថ្ងៃអង្គារ បានផ្តន្ទាទោសកំបាំងមុខជនជាប់ចោទម្នាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធករណីឃាតកម្ម លើក្រុមគ្រួសារ លោកទេព ដារ៉ុង អតីតប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពី៣ឆ្នាំមុន។
ក្នុងការប្រកាសសាលា លោក អឿង សៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភំ្នពេញ បានប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោស ឈ្មោះ នាង ប៊ុនធឿនភេទប្រុសអាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារមួយជីវិតនិងសងសំណងដល់ដើមបណ្តឹង៥០ម៊ឺនដុល្លារ ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០០៩ នៅផ្ទះលេខ១០c ផ្លូវលេខ២៧១ សង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោកនិងបង្គាប់ឲ្យចាប់ឃុំខ្លួនតាមអំណាចសាលក្រមនេះ។
ក្នុងសវនាការពីថ្ងៃទី១៩ធ្នូ អ្នកស្រី អ៊ឹម ផល្លី វ័យ៤១ឆ្នាំ បានប្រាប់តុលាការថា នៅថ្ងៃកើតហេតុ ប្រហែលម៉ោង៩កូនស្រីរបស់អ្នកស្រី បានទូរស័ព្ទឲ្យអ្នកស្រី នៅពេលដែលទៅដល់ផ្ទះ ឃើញកូនស្រី២នាក់ និងក្មួយប្រុសម្នាក់អាយុ៤ឆ្នាំដេកលើគ្រេគ្រោបភួយត្រឹមក ពេលនោះស្រាបតែមានបុរសម្នាក់វាយអ្នកស្រីពីខាងក្រោយចំក្បាល រួចគេបណ្តើរអ្នកស្រីទៅជាន់ខាងលើ គេមិនឲ្យងាកមើលក្រោយ និងបានទារលុយ៥ម៊ឺនដុល្លារ។
អ្នកស្រីបន្តថា គេបង្គាប់ឲ្យបើកទូដែក យកគ្រឿងអល័ង្ការ និងលុយ រួចចងដៃជើង និងរុំស្គតមុខអ្នកស្រី ហើយច្រានអ្នកស្រីទៅលើគ្រេ អ្នកស្រីបានធ្វើពត់ជាស្លាប់ នៅពេលដែលបុរសទាំង៣នាក់យកលុយ និងគ្រឿងអាល័ងការ ហើយនិងឡានរបស់អ្នកស្រីបើកចេញពីផ្ទះ អ្នកស្រីបានរំកិលខ្លួនចុះមកខាងក្រោម រួចបើកបន្ទប់ដែលកូន និងក្មួយ ដេកនោះ ឃើញកូន ស្រី ឈ្មោះ អ៊ឹម ចាន់បូរមី អាយុ១៦ឆ្នាំ អ៊ឹម ស្រីពេញ អាយុ១៧ឆ្នាំស្លាប់នៅលើគ្រេបាត់ទៅហើយហើយក្មួយប្រុសអាយុ៤ឆ្នាំឈ្មោះ រ៉ូស្សា បានស្លាប់នៅពេលក្រោយ។
ភ្នំពេញ ប៉ុស្តិ៍

