Headlines:

យាយ​ក្រពើ​បំភ្លឺ​តប​លិខិត​សាលា​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​ការ​រំលោភ​ដី



1
ដីដែលលោក​ស្រី ឈិន សុគន្ធារី ហៅយាយក្រពើអះអាថា បាន​កាន់កាប់ ដែល​មិនទាន់ធ្វើការឈូសឆាយ។

ភ្នំពេញៈ លោកស្រី ឈិន​ សុគន្ធារី​ ហៅ យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​របស់​ក្រុមហ៊ុន​ ឡាយីម៉ិច​ហូលឌីងគ្រុប(LAYIMEX HOLDINGS GROUP) ​បាន​ឆ្លើយ​តប និង បំភ្លឺ​ចំពោះ ​លិខិត​បំភ្លឺ​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២១​ ខែ​ មិនា​ ឆ្នាំ​២០១៣​ ដែល​បាន​ចុះ​ផ្សាយ​ដោយ កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ ២៧ ខែ​មិនា​ ឆ្នាំ​២០១៣។ ហើយ​បាន​អះអាង​ថា លិខិត​នោះ ​បាន​ធ្វើ​ឲ្យ​​មតិ​សាធារណៈ មាន​ការ​យល់​ច្រឡំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​ និង​សុច្ចរិត​ភាព​របស់​គាត់​យ៉ាង​ខ្លាំង។

នៅ​ក្នុង​លិខិត លោក​ស្រី ឈិន​ សុគន្ធារី​ ចុះ​កាល​បរិច្ឆេទ ថ្ងៃទី ២៧​ ​មីនា ២០១៣ ដែល​បាន​ផ្ញើរ​ជូន មក​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ លោក​ស្រី ឈិន​ សុគន្ធារី​ បាន​បញ្ជាក់​ថា លោក​ស្រី​បាន​ទិញ​ដី​ទំហំ​ជាង​៣៤ ហិកតា នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នេះ​ តាំង​ពី​​ឆ្នាំ​ ១៩៩៩​ម្ល៉េះ ព្រម​ទាំង​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ចំនួន​ ១៨ ច្បាប់​ដោយ​មាន​ការ​ទទួល​ស្គាល់​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន និង បាន​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​ ប្រចាំ​ឆ្នាំ​ ២០១១​ ជូន​រដ្ឋ​រួចជា​ស្រេច​ទៀតផង។

លោកស្រី​មាន​ប្រសាសន៍​ថា៖«គ្រប់​សកម្មភាព​របស់​ក្រុមហ៊ុន​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​សុទ្ធ​តែ​មាន​ការ​សុំ​ច្បាប់​ និង​មាន​ការ​អនុញ្ញាត​ច្បាប់​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​ជានិច្ច​ ជាក់​ស្តែង​ការ​ឈូស​ឆាយ​ដី​ចុង​ក្រោយ​ ដែល​លោក​ កែប​ ជុតិមា​ បាន​បញ្ជា​កម្លាំង​ចុះ​ទៅ​ដក​គ្រឿង​ចក្រ​ និង​នាំ​ខ្លួន​កម្មករ​ ហើយ​ដក​ហូត​ដី​នាង​ខ្ញុំ​ ព្រម​ទាំង​ជម្រុញ​ឲ្យមាន​ការកាត់​ទោសនាង​ខ្ញុំ​ គឺ​ពួក​លោក​មិន​ទទួល​ស្គាល់​លិខិត​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ដី​លេខ​ ៤៦១ លប​ ចុះថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០១២​ របស់​សាលា​សង្កាត់​ភ្នំពេញ​ថ្មី»។

លោកស្រីបានបន្តថា គណៈកម្មាធិការ​ កំណត់​ផ្ទៃទីតាំង​បឹង​បួរ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចេញ​លិខិត​លេខ​ ៦៩៩​ធទឧ ចុះ​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១២​ គោរពជូន​ សម្តេច​ នាយករដ្ឋមន្រ្តី​ ដើម្បី​សម្រេច​ជា​ផ្លូវការ​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ទាក់​ទង​និង​ការ​កំណត់​ផ្ទៃបឹង​ពោង​ពាយ​ គឺ​តម្រូវ​ការ​ចាំ​បាច់​ សម្រាប់​អាង​ស្តុក​ទឹក​ មាន​ត្រឹម​តែ​ ៥៣,៣១​ ហិកតា​ តែ​ប៉ុណ្ណោះ​ ហើយ​ សម្តេច ​នាយករដ្ឋមន្រ្តី​ ក៏​បាន​ឯកភាព​ តាម​ចំណារ​ចុះ​ថ្ងៃ​ទី​០៩​ ខែ​មេសា ឆ្នាំ​២០១២​ ហើយ​ដី​របស់​គាត់ មិន​ស្ថិត​នៅ​ចំ​អាង​ស្តុក​ទឹក​របស់​រដ្ឋ​ឡើយ។

ទាក់​ទង​នៅ​នឹង​ដី​ក្នុង​តំបន់​បឹង​ពោងពាយ​ខាង​លើ លោក​ស្រី​បាន​ឲ្យ​ដឹង​ថា បឹង​ពោងពាយ ពិត​មែន​មាន​ឈ្មោះ​ថា​បឹង តែតាម​ពិត​ក្រោយ​ឆ្នាំ​ ១៩៧៩​ បឹង​នេះ គឺ​មាន​តែ​ឈ្មោះ​ទេ​ ពោល​ដូច​ជា​បឹង​កេង​កង​ បឹង​សាឡាង​ ដូច្នោះ​ដែរ​ តែ​បាន​បាត់​បង់​លក្ខណៈ​ជា​បឹង​រួច​ទៅ​ហើយ​ ហើយ​ត្រូវ​បាន​ប្រជាជន​ចុះ​ចាប់​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​តាំង​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩​ មក​ហើយ​ទីតាំង​ដី​ក្រុមហ៊ុន​របស់​គាត់​គឺ​ស្ថិត​នៅ​ជាប់​ផ្លូវ​កៅ​ស៊ូ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩២៨​ បច្ចុប្បន្ន​ផ្លូវ​ឧកញ៉ា​ម៉ុង​ ឫទ្ធី ហើយ​ជា​ដី​គោក​ដែល​បាន​ចាក់​បំពេញ​តាំង​ពី​ឆ្នាំ​២០០៣​ មក​ម៉្លេះ​គ្រាន់​តែ​ប្រើ​​​ពាក្យ​​ហៅ​ជាប់​ថា​បឹង​ ”បឹង​ពោង​ពាយ​”​តែ​ប៉ុណ្ណោះ​​។​ បើ​ពុំ​នោះ​ទេ​ មិន​មែន​ក្រោយ​ពី​យក​ដី​របស់​គាត់​ តាម​រយៈ​អនុក្រិត្យ​១០១​ មិន​បាន​ប៉ុន្មានផង​ ក៏​លោក​កែប​ ជុតិមា​ អះអាង​ភ្លាម​ថា​ បឹង​ទាំង​មូល​លែង​មាន​មុខ​ងារ​ជា​អាង​ស្តុក​ទឹក​ ហើយ​ធ្វើការ​ដោះ​ដូរ​ភ្លាម​ជាមួយ​នឹង​ ឧកញ៉ា​ លី​ យ៉ុង​ផាត់​ នោះ​ទេ ​។

2
ដីដែលលោកស្រីឈិន សុគន្ធារី​អះអាងថា សាលាក្រុងរំលោភយក​ ក្រោយ​ពេល​ធ្វើការឈូសឆាយ និង​លក់​ទៅ​ឲ្យ​បុរី​ពិភព​ថ្មី។

លោកស្រីបានមានប្រសាស៍ថា៖« នាង​ខ្ញុំ​សុំ​ឲ្យ​សាធារណមតិ​ មេត្តា​សង្កេត​មើល​ នៅក្នុងចំណុច​ទី​២​នៃ​លិខិត​លោក​កែប​ ជុតិមា​ និង​លោក​កើត​ ឆែ​​ ក៏ឃើញ​ថា​មាន​ការ​ប្រែប្រួល​ឥរិយាបថ​១៨០​អង្សា​ ។ លោក​កែប​ ជុតិមា​ និង​លោក​កើត​ ឆែ អះអាង​ថា​ ដីនេះ​ប្រើ​ប្រាស់​សម្រាប់​​រង​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា​ ប៉ុន្តែ​នៅ​ពេល​លោក​កែប​ ជុតិមា​ និង​លោក​កើត​ ឆែ យក​ដី​នេះ​ទៅ​ដោះ​ដូរ​ជា​មួយលោក​​ឧកញ៉ា​លី​ យ៉ុង​ផាត់​ ពួក​គាត់​ប្រែក្រឡាស​ថា​បឹង​ទាំង​មូល​លែង​មាន​មុខ​ងារ​ជា​អាង​ស្តុក​ទឹក​ទៀត​ហើយ​ ព្រោះ​មាន​ស្ថានីយ៍​បូម​ទឹក​មួយ​កន្លែង​ ដែល​អាច​​​​រំដោះ​ទឹក​បា​ន​នៅ​រដូវ​វស្សា​»។

«ចំពោះ​ការ​ដោះ​ដូរ​ដី​នេះ​ នាង​ខ្ញុំ​សូម​ទុក​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​សមាជិក​ សមាជិកានៃ​​រដ្ឋសភា​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ តើមាន​អំពើ​ពុករលួយដែរ​ឬទេ​? ព្រោះ​ការ​ដោះ​ដូរ​នេះ​ ហាក់​ដូច​ជា​គ្មាន​តម្លាភាព​សោះ​។​ នាង​ខ្ញុំ​សូម​បញ្ជាក់​ថា​ ដី​នាង​ខ្ញុំ​មាន​គេ​ហ៊ាន​ទិញ​ក្នុង​តំលៃ​៣៥០ដុល្លា​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ដូច្នេះ​ដី​១០៦​ហិកតា​ ដែល​ប្រគល់​ឲ្យ​ឧកញ៉ាលី​ យ៉ុង​ផាត់​ គឺ​មាន​តំ​លៃ​ជាង​៣០០​លាន​ដុល្លាអាមេរិក​ ។ បច្ចុប្បន្ន​ ឧកញ៉ា​ លី​ យុង​ផាត់​ បាន​លក់​ដី​ដែល​បាន​រំលោភ​ពី​នាង​ខ្ញុំ​ទៅ​លក់​បន្ត​ឲ្យ​បុរី​ពិភព​ថ្មី​»។ ​

«នាង​ខ្ញុំ​សូម​សំណូម​ពរ​ដល់​សាធារណ​ជន​ទាំង​អស់​ សូម​មេត្តា​កុំ​ធ្វើ​ទំនាក់​ទំនង​ទិញ​លក់​ដី​របស់​នាង​ខ្ញុំ​ឲ្យ​សោះ​ ព្រោះ​ថា​ការ​ទិញ​លក់​ដី​នេះ​ចាត់​ទុក​ថា​បាន​រួម​ចំណែក​រំលោភ​បំពាន​យក​ដី​នាង​ខ្ញុំ​ដែរ​។​ នាងខ្ញុំធ្លាប់​ឃើញ​សមាជិក​-សមាជិកា​នៃ​រដ្ឋសភា​ ពិភាក្សា​ដេញដោល​គ្នាជា​ច្រើន​ថ្ងៃ​​ស្តី​អំពី​​ការ​កសាង​វារី​អគ្គិសនី​ ដែល​មាន​តំលៃ​ជាង​២០​លាន​ដុល្លា​អាមេរិក​ តែ​នេះ​លោក​កែប​ ជុតិមា​ និង​លោក​កើត​ ឆែ សម្រេច​​ដោះដូរ​ដី​ ដែលរំលោភ​យក​ពី​ប្រជាពលរដ្ឋ​ ជាមួយ​ឧកញ៉ាលី​ យ៉ុងផាត់ ដោយ​មិន​មាន​តម្លាភាព​ទោះ​ជា​ដី​នេះ​មាន​តំលៃ​រហូត​​ជាង​៣០០​លានដុល្លា​អាមេរិក​ក៏ដោយ»។

«នាងខ្ញុំសូម​បញ្ជាក់​ជូន​សាធារណជន​ឲ្យដឹង​ថា​ដី​តំបន់​ពោង​ពាយ ​ដែល​ត្រូវ​សិក្សា​មាន​ទំហំ​១៥៧ហិកតា​ក៏​ប៉ុន្តែ​ក្នុង​អនុកិត្យ​លេខ​១០១​ អគក្រ.បន ចុះថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១២ គឺ​កំណត់​ផ្ទៃ​ដី​តែ​១៤០​ហិកតា​តែ​ប៉ុណ្ណោះ​ ព្រោះថា​ដី​ទំហំ​១៧​ហិកតា​ទៀត​ត្រូវ​បាន​លោក​កែប​ ជុតិមា​ ជូនយោបល់​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ប្រគល់​ទៅ​ឲ្យ​បុគ្គល​មួយ​ចំនួន​ ដែល​គាត់​ពេញ​ចិត្តនាង​ខ្ញុំ​​មិនដឹង​ថា​មនុស្ស​ដែល​លោក​កែប​ ជុតិមា​ពេញចិត្ត​នោះ​បានបង់​ពន្ធ​ជូន​រដ្ឋ​ដូច​នាង​ខ្ញុំ​ដែរ​ឬ​ទេ?​»។

ទាក់ទងទៅនឹង សំណង់ការដ្ឋាន​ពហុកីឡាដ្ឋាន​មរតក​តេជោ​ ដែលត្រូវ​កសាង​លើ​ដី​ដែលបាន​ដោះ​ដូរ​ជាមួយ​ឧកញ៉ា​​លី​យ៉ុង​ផាត់​នោះ លោកស្រីឈិន សុគន្ធារី បានថ្លែងថា៖«​ នាង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​មាន​រឿង​អាស្រូវ​ ព្រោះ​ពហុកីឡដ្ឋាន​ ជា​កន្លែង​ដែល​កីឡាករ​ប្រកួត​គ្នា​ដោយ​យុត្តិធម៌​ ហើយ​ពហុកីឡ​ដ្ឋាន​នេះ​អាច​នឹង​ធ្វើ​ជា​កន្លែង​ប្រកួត​ស៊ី​ហ្គេម​ បើគេ​ដឹង​ថា​ប្រវត្តិនៃការ​សាង​សង់​នេះ​ ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ជាតិ​ នាង​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពហុកីឡាដ្ឋាន​ ដែល​មាន​ឈ្មោះ​សម្តេច​នាយក​រដ្ឋមន្ត្រី ​​ កសាង​ដោយ​​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ»។

ពាក់ព័ន្ធនឹងការចោទប្រកាន់ និងកាត់ទោសរូបគាត់ លោកស្រី ឈិន​ សុគន្ធារី​ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២០​ ខែ​១២​ ឆ្នាំ​២០១២​ សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស និង​ផ្តន្ទាទោស​គាត់កំបាំងមុខ ជាប់​ពន្ធនាគារ​រយៈពេល​៤ឆ្នាំ​ និង​៦​ខែ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៣០លានរៀល​ និង​សង​ជំងឺ​ចិត្ត​ទៅ​លោក​កែប​ ជុតិមា​ និង​គូកន​ចំនួន​៣០​លាន​រៀល​ ។​ ចៅក្រម​សាលាដំបូងបាន​ផ្តន្ទាទោស​រូបគាត់ ដោយយោងតាម​តាមមាត្រា២៥៩​ នៃ​​ច្បាប់​ភូមិបាល ។

លោកស្រី ឈិន​ សុគន្ធារី​ បានថ្លែងថា៖«នាងខ្ញុំ​សូម​អោយ​សាធារណជន​មេត្តា​ពិនិត្យមើល​ ខ្លឹមសារ​នៃមាត្រា​២៥៩​ ដែល​បាន​ដាក់​ជូន​ខាង​លើ​ហើយ​មេត្តា​ជួយ​វិនិច្ឆ័យ​ផង​ ថា​តើ​នាង​ខ្ញុំ​ជា​ជនល្មើស​ឬ​ជា​ជន​រង​គ្រោះ​?​ នាងខ្ញុំ​សង្ឃឹម​​ថា​តុលា​ការ​ថ្នាក់​លើ​នឹង​វិនិច្ឆ័យ​សេចក្តី​ដោយ​យុត្តិធម៌​ មិន​បំភ័ន្តច្បាប់​ភូមិ​បាល​មាត្រា​២៥៩​ អ្នក​រំលោភ​ដី​គេ​រួច​ខ្លួន​ ម្ចាស់​រងគ្រោះ​ជាប់​គុក​ឡើយ​» ។​

សូមរំលឹកថា ទាក់ទងនឹងសំណុំរឿងខាងលើននេះ កាលពីថ្ងៃទី ២១ មីនា ២០១៣ កន្លងទៅនេះ សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយ កើត​ ឆែ​ នាយករដ្ឋបាល នៃ សាលារាជធានីភ្នំពេញ បានសរសេរបំភ្លឺ មកភ្នំពេញប៉ុស្តិ៍ថា៖«សាលារាជធានី​ភ្នំពេញ​ មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា​ “យាយក្រពើ​ប្តឹង​លោក​កែប​ ជុតិមា​ ទារ​ជំងឺ​ចិត្ត​ ១០០​លាន​ដុល្លាអាមេរិក» ដោយ​ក្នុង​អត្ថបទ​បាន​ចោទ​ប្រកាន់​ ដោយ​គ្មាន​មូលដ្ឋានច្បាប់​ ជាមួយ​ការ​ប្រមាថ​មើល​ងាយ​ទៅ​លើ​ឯក​ឧត្តម​ កែប​ ជុតិមា​ និងមន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ព្រមទាំង​បាន​ប្រើពាក្យ​ប្រាសចាក​ សេចក្តី​ថ្លៃថ្នូរ​ដូចជា​ ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញ​ កែប​ ជុតិមា​ និង​គូកន​ បានប្រើ​អំណាច​ ដោយ​រំលោភ​ជាដើម​ សាលារាជធានីភ្នំពេញ​ សូមធ្វើការ​កត់​សម្គាល់​ និងមានកាតព្វកិច្ច​ បំភ្លឺ​ការ​ពិត​ជូន​សាធារណមតិ​ នូវការពិត​ក្នុង​បញ្ហានេះ​»។​

ទាក់ទងនឹងបញ្ហាដីលោកស្រី ឈិន​ សុគន្ធារី​ នៅតំបន់បឹងពោងពាយ លិខិតនោះ​បាន​បំភ្លឺ៖«សាលារាជធានីភ្នំពេញ​ សូម​បញ្ជាក់​ចំពោះ​សាធារណមតិថា​ បឹង​ពោង​ពាយ​ជា​សម្បត្តិ​របស់រដ្ឋ​ ដែល​ប្រើ​ប្រាស់​សំរាប់​រង​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា។ នៅឆ្នាំ ​២០០៥ ដោយ​មាន​សកម្ម​ភាព​​រំលោភ​លើ​ផ្ទៃដី​បឹង​ពោង​ពាយ​ មាន​សភាព​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ​នោះ រាជរដ្ឋាភិបាល​បាន​ចេញ​លិខិត​ជាបន្ត​បន្ទាប់​ ក្នុង​នោះ​បាន​​ចេញលិខិត​លេខ​ ១១៤០​ សជណ ចុះ​ថ្ងៃ​ទី ​១៤ ខែ​ កក្កដា​ ឆ្នាំ​២០០៥ បង្គាប់​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ សហការ​ជាមួយ​ក្រសួង​ការពារជាតិ​ ដើម្បី​ចាត់​វិធានការ​ជាបន្ទាន់​បញ្ឈប់​សកម្មភាព​រំលោភ​លើ​ផ្ទៃ​ដីបឹង​ ដែល​បាន​កំណត់​ទុក​ជា​ “បឹង​ធម្មជាតិ​” ទំហំ​១៥៧ហិកតា​ ជា​សម្បត្តិ​សាធារណៈ​​របស់​រដ្ឋ​​តាម​លិខិត ៦២៨​ សជណ​ ចុះថ្ងៃ​ទី​២០​ ខែ​ មេសា​ ឆ្នាំ​ ២០០៥​ ​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ ។

ដោយ​ឡែក​ នៅ​ឆ្នាំ​២០០៧​ រាជរដ្ឋាភិបាល​ បាន​ចេញ​លិខិត​លេខ​ ១៣១៩​ សជណ ចុះ​ថ្ងៃ​ទី​ ១១​ ខែ​ កញ្ញា ​ឆ្នាំ​២០០៧​ ចាត់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​ ពិភាក្សា​ជាមួយគណៈ​កម្មការ​រៀប​ចំអនុក្រឹត្យ​ដាក់​ផ្ទៃ​បឹង​ពោង​ពាយ​ ១៥៧ហិកតា​ ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ និង​សង្កាត់​ទួលសង្កែ​ ខណ្ឌ​ឬស្សី​កែវ​ ដោយមាន​ផែនទី​ភ្ជាប់​មក​ជា​មួយ ​។​

ក្រោយមក​ នៅ​​ថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០១២​ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​ ១០១ អនក្រ​.បក​ កំណត់​ផ្ទៃ​បឹង​ពោង​ពាយ​ខាង​ជើង​ និង​ខាង​ត្បូង​ មាន​ទំហំ​សរុប​ ១៤០.៣២​ហិកតា ជាសម្បត្តិ​សាធារណៈរបស់​រដ្ឋ ។ ដោយ​ឡែក​ សាលារាជធានី​ភ្នំពេញបាន​ដោះ​ដូរ​ទីតាំង​បឹង​ពោង​ពាយ​ទំហំ​ ១០៦​ហិកតា​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ អិល​ អាយ​ ភី​ គ្រុប​ ក្រៅ​ពី​នេះ ត្រូវ​រក្សា​ទុក​ជា​ប្រព័ន្ធ​បង្ហូរ​ទឹក ​ដើម្បី​ធានា​និរន្តភាព​តំបន់​នោះ​ ដោយ​សារ​បឹង​ទាំង​មូល​លែង​មាន​មុខ​ងារ​ជាអាង​ស្ដុកទឹក​ទៀត​ហើយ​ ព្រោះ​មាន​ស្ថានីយ៍​បូម​ទឹក​មួយ​កន្លែង​ដែល​អាច​រំដោះ​ទឹក​បាន​នៅ​រដូវ​វស្សា​ ។​

ការ​ដោះ​ដូរ​នេះ​ អាជ្ញាធរ​បាន​ទទួល​​ជា​ថ្នូរ​មក​វិញ​នូវ​ដី​ទំហំ ៨៥.៥០​ហិកតា​ ក្នុង​ខណ្ឌ​ឬស្សីកែវ​ ព្រម​ជាមួយ​នឹង​សំណង់​ពហុកីឡាដ្ឋាន​​ជាតិ​មរតក​តេជោ​ដ៏ទំនើប​ ដែល​មាន​សមត្ថភាព​អាចផ្ទុក​មនុស្ស​បាន​ជាង​ ១០ម៉ឺន​នាក់​ទៀត​ផង ​។​ ក្នុង​នាម​អាជ្ញាធរ​សាធាណៈ​ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ច​ការ​ពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ការពារ​ផល​ប្រយោជន៍​រួម​របស់​រដ្ឋ»។

This content has been locked. You can no longer post any comments.
Show/hide comments
busy