ភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយស្តីអំពីការពន្យារពេលនៃការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១២នេះ ខណៈដែលការផ្តល់សេវាកម្មប្រមូលពន្ធមិនបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១២បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារពេលប្រមូលពន្ធលើអចលនទ្រព្យម្តងទៀតរហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១២នេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖«នៅមានម្ចាស់អចលនទ្រព្យជាច្រើនបាននិងកំពុងមមាញឹកមកប្រកាសបង់ពន្ធនៅតាមបណ្តាសាខាពន្ធដារខេត្តខណ្ឌ ដូច្នេះបានជាការផ្តល់សេវាជូនអ្នកជាប់ពន្ធមិនបានទាន់ពេលវេលា»។
ជាងនេះទៅទៀតដើម្បីផ្តល់លទ្ធភាពកាន់តែងាយស្រួលដល់ម្ចាស់អចលនទ្រព្យអគ្គនាយកដ្ឋានពន្ធដារបានរៀបចំចាត់ចែងផ្តល់សេវាប្រមូលពន្ធនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យបន្ថែមទៀត។
លោកអោម ចន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មិនបានធ្វើសេចក្តីអត្ថាធិប្បាយលម្អិតទាក់ទងនឹងបញ្ហានេះទេដោយលោកមានប្រសាសន៍យ៉ាងខ្លីថា៖«នេះជាកិច្ចការរបស់ថ្នាក់លើខ្ញុំមិនដឹងឆ្លើយថាម៉េចទេ ហើយពេលនេះខ្ញុំកំពុងជាប់រវល់ប្រជុំ»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកាលពីឆ្នាំ២០១១បង្ហាញថា ចំណូលពន្ធលើអចលនទ្រព្យមានចំនួនជិត១២លានដុល្លារអាមេរិក ដែលមានអចលនទ្រព្យសរុបទាំងអស់ចំនួន១១៣ ៨៨៥កន្លែង៕
ភ្នំពេញ ប៉ុស្តិ៍







