ភ្នំពេញ: គម្រោងអភិវឌ្ឍន៍សំណង់អគារការិយាល័យកណ្តាលនៃធនាគារអេស៊ីលីដាដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែតុលា ឥឡូវនេះបានលើកពេលកំណត់នៃការសាងសង់របស់ខ្លួននៅខែធ្នូចុងឆ្នាំ២០១២នេះវិញ។
ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាដែលបានបើកបម្រើសេវាកម្មហិរញ្ញវត្ថុតាំងពីឆ្នាំ១៩៩៣ហើយនៅពេលនេះកំពុងមានប្រជាប្រិយភាពហើយទទួលបានការគាំទ្រពីប្រជាជនខ្មែរ និងជនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់លើការប្រើប្រាស់សេវាកម្មប្រាក់កម្ចី និងប្រាក់បញ្ញើ។
ភាពរីកចម្រើននេះបានជំរុញឲ្យថ្នាក់ដឹកនាំធនាគារសម្រេចសាងសង់អគារការិយាល័យកណ្តាលថ្មីមួយបន្ថែមទៀតកម្ពស់២០ជាន់ស្ថិតនៅខាងក្រោយអគារទីស្នាក់ការកណ្តាលបច្ចុប្បន្នស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក អ៊ិន ចាន់នីប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់អំពីមូលហេតុនៃការពន្យារពេលនេះថា៖«យើងទើបទទួលបានលិខិតអនុញ្ញាតរុះរើសំណង់អគារចាស់ និងលិខិតអនុញ្ញាតឲ្យសាងសង់អគារថ្មីក្នុងខែនេះ។ ពេលនេះយើងកំពុងរៀបចំជ្រើសរើសយកក្រុមហ៊ុនដែលមានគុណភាពឲ្យមកចូលរួមដេញថ្លៃហើយដំណើរការសាងសង់អាចចាប់ផ្តើមយ៉ាងហោចណាស់ក៏ចំណាយពេលជាង១ខែទៀតដែរ»។
លោកបានប្រាប់ទៀតថាក្រុមហ៊ុនដែលមកចូលរួមដេញថ្លៃមានក្រុមហ៊ុនក្នុងស្រុកផងនិងក្រុមហ៊ុនមកពីបរទេសផងដូច្នេះធនាគារត្រូវការពេលវេលាច្រើនដើម្បីត្រួតពិនិត្យក្រុមហ៊ុនទាំងនោះជាមុនសិន។
លោកបានប្រាប់ឲ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍អគារការិយាល័យកម្ពស់២០ជាន់និង៤ជាន់ក្រោមដីនេះមិនទាន់កំណត់ថានឹងត្រូវចំណាយទុនវិនិយោគចំនួនប៉ុន្មានឲ្យពិតប្រាកដនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលដេញថ្លៃ។ លោកបន្តថាគម្រោងសាងសង់អគារធំៗបែបនេះយ៉ាងតិចណាស់ក៏២ឆ្នាំដែរ។
លោកបានបញ្ជាក់ពីមូលហេតុនៃការសាងសង់អគារការិយាល័យថ្មីនេះបន្ថែមទៀតថាបច្ចុប្បន្នធនាគាររបស់យើងកំពុងមានការរីកចម្រើនខ្លាំងដូច្នេះដើម្បីឲ្យបុគ្គលិកនិងអតិថិជនរបស់យើងមានភាពកាន់តែងាយស្រួលទំនាក់ទំនងការងារនិងមានកន្លែងចតរថយន្តសមរម្យ។លោកបន្ថែមថា កន្លងមកកន្លែងទីធ្លាចតរថយន្តបានចំនួន៥០០គ្រឿងប៉ុណ្ណោះប៉ុន្តែសម្រាប់គម្រោងអគារថ្មីនេះនឹងអាចចតរថយន្តបានដល់ទៅ១០០០គ្រឿង ដោយមានបំពាក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ការពារសុវត្ថិភាពនៅក្នុងធនាគារទៀតផង។
លោកជឿថាសំណង់អគារនេះនឹងក្លាយជាចំណែកមួយជួយការពារបរិស្ថានរាជធានីភ្នំពេញ និងជួយជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា។លោកអះអាងថា៖«គ្រប់សំណង់អគារធំៗទាំងអស់គេតែងគិតពីភាពសន្សំសំចៃលើការប្រើប្រាស់ថាមពលនិងសុវត្ថិភាពជាចម្បង»៕
ភ្នំពេញ ប៉ុស្តិ៍







