សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

វិស័យ​អចលនទ្រព្យ​ដំណើរ​ការ​ល្អ​ក្នុង​ខណ្ឌ​សែន​សុខ



121122_06b
អគារ​ធំៗ​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ទឹក​ដី​ខណ្ឌ​សែន​សុខ ។ រូបថត ស្រេង ម៉េង​ស្រ៊ុន

ភ្នំពេញ: អចលន​ទ្រព្យ​នៅ​ខណ្ឌ​សែនសុខ​កំពុង​មាន​ប្រជា​ប្រិយ​ភាព និង​សក្តានុ​ពល​ខ្លាំង បន្ទាប់​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​កំពុង​មាន​ភាព​រស់​រវើក​។

លោក ឌឹត​ចណ្ណា​ប្រធាន​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​វីអឹមស៊ី​បាន​និយាយ​ថា នៅ​ពេល​នេះ​ខណ្ឌ​សែន​សុខ ពិត​ជា​មាន​សក្តានុ​ពល​ខ្លាំង​ពិសេស​សង្កាត់​ភ្នំពេញ​ថ្មី​មាន​ការ​រីក​ចម្រើន​ច្រើន​ជាង​គេ​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ទឹក​អគ្គិ​សនី​សាកល​វិទ្យាល័យ សាលា​អន្តរជាតិ​ភោជនីយ​ដ្ឋាន​អគារ​ខុនដូ​អាផាតមិន​វីឡា ធនាគារ​និង​សំណង់​ផ្ទះ​ល្វែង​ជា​បន្ត​បន្ទាប់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សង្កាត់​ភ្នំពេញ​ថ្មី មាន​ភាព​ទាក់​ទាញ​មិន​ចាញ់​តំបន់​ទួល​គោក​ប៉ុន្មាន​ឡើយ​។ លោក​បាន​បន្ត​ទៀត​ថា​ក្នុង​ឆ្នាំ​២០១២​នេះ តម្លៃ​ដី​ធ្លី​ក្នុង​ខណ្ឌ​សែន​សុខ​បាន​កើន​ឡើង​ចន្លោះ​២០​ទៅ​៣០​ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១​កន្លង​មក​។

លោក​បាន​ថ្លែង​ថា​៖​«​តម្លៃ​ដី​ធ្លី​នៅ​តាម​ផ្លូវ​ធំ​ក្នុង​ខណ្ឌ​សែន​សុខ មាន​តម្លៃ​ចន្លោះ​ពី​៥០០​ទៅ​៦០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​ហើយ​បើ​ចូល​ក្នុង​មាន​ផ្លូវ​កៅស៊ូ​ដី​មាន​តម្លៃ​ចន្លោះ​ពី​២០០​ទៅ​២៥០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​»។

លោក ខាត់​សុវណ្ណ​នាយក​ក្រុម​ហ៊ុន​Cam Top Property Group បាន​សម្តែង​សុទិដ្ឋិ​និយម​ផង​ដែរ​ចំពោះ​សក្តានុ​ពល​វិស័យ​អចលន​ទ្រព្យ​ក្នុង​ខណ្ឌ​សែន​សុខ​ដោយ​លោក​បាន​និយាយ​ថា​ខណ្ឌ​សែនសុខ​ជា​ទីតាំង​ល្អ​ដោយ​សារ​មាន​សំណង់​ធំៗ​ត្រូវ​បាន​គេ​សាង​សង់​នៅ​ទីនោះ​ព្រម​ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ទៅ​កាន់​តំបន់​នោះ​ដែល​ធ្វើ​ឲ្យ​សកម្មភាព​ទិញ​លក់​អចលន​ទ្រព្យ​នៅ​តំបន់​នោះ​មាន​កំណើន​ប្រមាណ​ពី​១០​ទៅ​១៥​ភាគរយ​ប៉ុន្តែ​តម្លៃ​ដី​ធ្លី​មិន​កើន​ឡើង​នោះ​ទេ លើក​លែង​នៅ​តាម​បណ្តោយ​ផ្លូវ​ធំៗ​។

លោក​បាន​អះអាង​ថា៖«សក្តា​នុពល​ចំពោះ​ទឹក​ដី​ខណ្ឌ​សែន​សុខ​គឺ​ដោយ​សារ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ទឹក និង​ភ្លើង​នៅ​ទីនោះ​ល្អ​ជាង​មុន​ហើយ​ជា​តំបន់​អាច​បង្កើត​ឧស្សាហ​កម្ម​ធំៗ​ងាយ​ស្រួល​ដឹក​ជញ្ជូន​និង​ការ​កើន​ឡើង​នូវ​ខុនដូ​និង​អាផាតមិន​ជា​ដើម​»​។

លោក ស៊ឹង ប៊ុណ្ណា​អគ្គ​នាយក​ក្រុម​ហ៊ុន​ប៊ុណ្ណា​រៀលធី​គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា ខណ្ឌ​សែនសុខ​គឺ​ជា​ខណ្ឌ​ដែល​មាន​វិសាល​ភាព​ធំ​និង​មាន​ដី​ស្រែ​ចម្ការ​ប្រជាជន​ច្រើន​ប៉ុន្តែ​ក្នុង​ចំណោម​សង្កាត់​ទាំង​នោះ​មាន​តែ​សង្កាត់​ភ្នំពេញ​ថ្មី​តែ​ប៉ុណ្ណោះ ដែល​មាន​ការ​រីក​ចម្រើន​ជាង​គេ​ព្រោះ​នៅ​ទី​នោះ​មាន​សេវា​កម្ម​ចម្រុះ​ជា​ច្រើន​។

លោក​ប៊ុណ្ណា មាន​ប្រសាសន៍​ថា​៖​«​សង្កាត់​ភ្នំពេញ​ថ្មី​កំពុង​មាន​ការ​វិវឌ្ឍ និង​មាន​សក្តានុពល​ភាព​ខ្លាំង​ដោយ​សារ​តែ​ភាព​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​។​តម្លៃ​ដីធ្លី​និង​លំនៅ​ដ្ឋាន​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​មាន​តម្លៃ​ចន្លោះ​ពី​២០០​ទៅ​៦០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ»។​លោក​បាន​បន្ត​ទៀត​ថា​៖​«មាន​ជន​ជាតិ​បរទេស​មក​ពី​អឺរ៉ុប​និង​អាស៊ី​ជា​ច្រើន​បាន​ទៅ​រស់​នៅ​ក្នុង​អាផាត​មិន និង​ខុនដូ​នៅ​តំបន់​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​នោះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​នា​ពេល​បច្ចុប្បន្ន​នេះ​»​។

តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​ប្រាប់​ថា​នៅ​ម្តុំ​ពោធិ៍ចិន​តុង​និង​សង្កាត់​មួយ​ចំនួន​ទៀត​ក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ​ប៉ុន្តែ​មិន​អាច​ប្រៀប​ធៀប​ជា​មួយ​សង្កាត់​ភ្នំពេញ​ថ្មី​បាន​ទេ​៕