Headlines:

ទឹក​ប្រាក់​នាំ​ចូល​សម្ភារ​សំណង់​មាន​ជាង​៣០២​លាន​ដុល្លារ



121122_09
ដែក​ ដែល​ប្រើ​ប្រាស់​ក្នុងវិស័យ​សំណង់​នៅ​កម្ពុជា សុទ្ធ​តែនាំចូល​មក​ពី​បរទេស​ទាំង​អស់​​ ។ រូបថត ហុង មិនា

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​សម្ភារ​សំណង់​ប្រមាណ​៦២៣​ពាន់​តោន​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ​ដែល​ចំនួន​បាន​កើន​ឡើង​ប្រហែល​១៦​ភាគ​រយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន​៥៣៦ ពាន់​តោន​នេះ​បើ​តាម​ស្ថិតិ​ពី​ក្រសួង​ពាណិជ្ជកម្ម។

ស្ថិតិ​ខាង​លើ​បាន​បង្ហាញ​ទៀត​ថា បើ​គិត​ចាប់​តាំង​ពី​ខែ​មករា​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២ ទឹក​ប្រាក់​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់​មាន​ប្រមាណ​៣០២ លាន​ដុល្លារ គឺ​ធ្លាក់​ចុះ​៣៥​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១​កន្លង​មក ដែល​មាន​ចំនួន​ដល់​ទៅ​៤៦៧ លាន​ដុល្លារ​អាមេរិក។

លោក​វង្ស​វឌ្ឍនា​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហូម​ដេខរ​ផ្គត់​ផ្គង់​សម្ភារ​សំណង់​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​មហា​វិថី​ម៉ៅសេទុង​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២​នេះ តម្លៃ​សម្ភារ​សំណង់​បាន​ឡើង​ចុះ​តិច​តួច​ព្រោះ​តម្រូវ​ការ​ប្រើ​ប្រាស់​មាន​អត្រា​ខ្ពស់​ជាង​កាល​ពី​ឆ្នាំ​មុន​ត្រឹម​តែ​១ ឬ២​ភាគ​រយ​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា​៖​«គម្រោង​អភិវឌ្ឍន៍​ធំៗ​បាន​កម្រើក​សកម្មភាព​ឡើង​វិញ​បន្ទាប់​ពី​ជាប់​គាំង​អស់​មួយ​រយៈ​ដោយ​សារ​តែ​ឥទ្ធិពល​វិបត្តិ​ហិរញ្ញ​វត្ថុ​សាកល​លោក។ វិបត្តិ​ក៏​ចេះ​តែ​រំសាយ​ទៅៗ​ហើយ​កម្លាំង​នៃ​ការ​វិនិយោគ​ចេះ​តែ​កើន​ឡើង និង​តម្រូវ​ការ​ប្រើ​ប្រាស់​មាន​ច្រើន ដូច្នេះ​បរិមាណ​នៃ​ការ​នាំ​ចូល​ក៏​ចេះ​តែ​កើន​ឡើង​ទៅ​តាម​នោះ​ដែរ»។

លោក​បន្ថែម​ថា ការ​នាំ​ចូល​សម្ភារ​សំណង់​របស់​ក្រុម​ហ៊ុន ហូម ដេខរ ចាប់​ពី​ខែ​មករា រហូត​មក​ដល់​ខែ​កញ្ញា បាន​កើន​ឡើង​១៥​ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន។

ទោះ​បី​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​លោក​មាន​កំណើន​តិច​តួច​ក្តី​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ខណៈ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នោះ​ក៏​ជា​កត្តា​មួយ​ដែល​បាន​រួម​ចំណែក​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ផង​ដែរ​។

លោក ហេង​សំណាង​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​និង​ចែក​ចាយ​សម្ភារ​សំណង់ ខេ​ភី អ៊ិនដាសស្រ្ទី​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​សង្កាត់​បឹង​រាំង​ខណ្ឌ​ចំការ​មន បាន​ប្រាប់​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​សម្ភារ​សំណង់​បាន​ឡើង​ថ្លៃ​ដោយ​ផ្នែក ចំណែក​ឯ​ការ​លក់ និង​ការ​នាំ​ចូល​របស់​ក្រុម​ហ៊ុន​លោក​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​តិច​តួច​។

លោក​បាន​លើក​ឡើង​ទៀត​ថា៖«​ពេល​នេះ​សេដ្ឋកិច្ច​កម្ពុជា​មិន​ទាន់​ល្អ​ណាស់​ណា​ទេ​ពី​ព្រោះ​ទីផ្សារ​តម្រូវ​ការ​សម្ភារ​សំណង់​ប្រែ​ប្រួល​ចុះ​ឡើងៗ ដោយ​នៅ​រដូវ​ប្រាំង​សកម្មភាព​លក់ដូរ​ល្អ​ប្រសើរ តែ​នៅ​រដូវ​វស្សា​បែរ​ជា​ស្ងាត់​ទៅ​វិញ»។

យោង​តាម​ស្ថិតិ​នៃ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយកម្ម និង​សំណង់​រយៈ​ពេល​៩ខែ​ឆ្នាំ​នេះ​បង្ហាញ​ថា ផ្ទៃ​ក្រឡា​សាង​សង់​សរុប​មាន​ប្រមាណ​៥.៥៩៣.២៨៤​ម៉ែត្រ​ការ៉េ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​មាន​ប្រមាណ​តែ​៣.២២៨.៧៩៩​ម៉ែត្រ​ការ៉េ គឺ​កើន​ឡើង​៧៣​ភាគរយ៕