ភ្នំពេញៈ ការលក់ក្បឿង និងហ្វីប្រូប្រក់ដំបូល គិតត្រឹមត្រីមាសទី៣ឆ្នាំនេះមានកំណើនខ្ពស់នៅពេលដែលវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាកំពុងមានភាពប្រសើរឡើងជាបន្តបន្ទាប់។
លោក ម៉ៅចាន់រិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុនសេងហុងហេងដែលនាំចូលផលិតផលក្បឿងសញ្ញាត្រាពេជ្រ មកពីប្រទេសថៃ មានប្រសាសន៍ថាការលក់ក្បឿងនិងហ្វីប្រូប្រក់ដំបូលនៅត្រីមាសទី៣ឆ្នាំនេះមានភាពប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១កន្លងមកប្រហែល២០ភាគរយហើយលោកសង្ឃឹមថាកំណើននេះនឹងបន្តកើនឡើងទៀតនៅឆ្នាំ២០១៣ខាងមុខ។
លោកបានថ្លែងថា៖«កំណើននៃការលក់ក្បឿង និងហ្វីប្រូ នៅឆ្នាំនេះដោយសារសេដ្ឋកិច្ចរបស់ប្រទេសយើងមានភាពល្អប្រសើរ ចំណែកឯការសាងសង់ក៏មានសន្ទុះគួរឲ្យកត់សម្គាល់ផងដែរ។ប្រសិនបើផលិតផលកសិកម្មរបស់កសិករយើងទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់នោះការលក់របស់យើងនឹងមានកំណើនកាន់តែច្រើនបន្ថែមទៀតជាមិនខាន»។
តែទោះបីជាយ៉ាងណាលោក ចាន់រិទ្ធ បានប្រាប់ទៀតថាក្រុមហ៊ុនរបស់លោកដែលលក់ផលិតផលក្បឿង និងហ្វីប្រូនៅពេលនេះក៏កំពុងតែមានការប្រកួតប្រជែងច្រើនផងដែរនៅលើទីផ្សារជាពិសេសផលិតផលនាំចូលពីប្រទេសចិនដែលកំពុងតែជ្រៀតចូលក្នុងទីផ្សារជារៀងរាល់ថ្ងៃ។
លោក រ័ត្នសាវណ្ណនាយកប្រតិបត្តិផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុនSCGTradingមានប្រសាសន៍ថាការលក់ក្បឿង និងហ្វីប្រូនៅឆ្នាំនេះមានកំណើនច្រើនជាងឆ្នាំ២០១១ប៉ុន្តែទោះបីជាយ៉ាងណាលោកមិនបានបញ្ជាក់អំពីតួលេខនៃការលក់នោះទេ។
លោកបានថ្លែងថា៖«កត្តាសេដ្ឋកិច្ចនិងការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជាបានជំរុញឲ្យមានកំណើននេះហើយយើងរំពឹងថាការលក់របស់ក្រុមហ៊ុនSCGTradingនឹងមានកំណើនជាបន្តទៀត»។
ចំណែកលោក ហ៊ន់ច័ន្ទរ៉ានាយកផ្នែកលក់នៃក្រុមហ៊ុន ឃីហ៊ួតដែលនាំចូលនិងចែកចាយបរិក្ខារសំណង់បាននិយាយថាការលក់ក្បឿងនិងហ្វីប្រូប្រក់ដំបូលរបស់ក្រុមហ៊ុនលោកមិនសូវមានកំណើននោះទេគឺកើនឡើងប្រមាណ៥ទៅ៦ភាគរយតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
លោកបានថ្លែងថា៖«បើទោះបីជាសេដ្ឋកិច្ចនិងវិស័យសំណង់កើនឡើងខ្លាំងក៏ដោយ ក៏ការលក់របស់ក្រុមហ៊ុនខ្ញុំហាក់មិនសូវមានកំណើនខ្លាំងនោះទេពីព្រោះមានការនាំចូលផលិតផលថ្មីៗមកពីប្រទេសផ្សេងៗជាច្រើន»។
លោកបានប្រាប់ទៀតថា៖«នៅពេលនេះផលិតផលរបស់ប្រទេសចិននិងឥណ្ឌូនេស៊ីក៏កំពុងប្រកួតប្រជែងខ្លាំងនៅលើទីផ្សារកម្ពុជាដែរ ហើយផលិតផលរបស់ទាំងនេះក៏កំពុងដណ្តើមយកចំណែកទីផ្សារផលិតផលនាំចូលមកពីប្រទេសថៃទៀតផង»៕
ភ្នំពេញ ប៉ុស្តិ៍







