ភ្នំពេញ: ទោះបីជាបច្ចុប្បន្ននេះវិស័យសំណង់កំពុងមានសន្ទុះកើនឡើងក៏ដោយក៏តម្រូវការដែកមិនសូវមានកំណើនខ្ពស់នោះទេនេះបើគិតត្រឹមរយៈពេល៩ខែដើមឆ្នាំ២០១២នេះ។
លោក នាមសុខាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអ៊ីឆែដែលនាំចូលដែកផ្តាច់មុខមកពីប្រទេសចិនមានប្រសាសន៍ថាតម្រូវការដែកនៅក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ហាក់មិនសូវមានកំណើនខ្ពស់នោះទេបើប្រៀបធៀបទៅនឹងរយៈពេលកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះដែក មានតម្លៃចន្លោះពី៥៩០ ទៅ៧១៥ដុល្លារក្នុង១តោន ខណៈកាលពីរដូវប្រាំងកន្លងមកដែកមានតម្លៃខ្ពស់ជាងនេះគឺចន្លោះពី៧៧០ទៅ៧៨០ដុល្លារអាមេរិក។លោកបន្តថាបច្ចុប្បន្នតម្លៃដែកបានធ្លាក់ចុះពីព្រោះជារដូវវស្សាដែលអំឡុងពេលនេះតម្លៃដែកតែងតែធ្លាក់ចុះប្រមាណ៥ភាគរយ។
លោក សុខា បានថ្លែងថា៖«រដូវវស្សារាល់ឆ្នាំតម្លៃដែកតែងធ្លាក់ចុះព្រោះក្រុមហ៊ុនតែងទម្លាក់ថ្លៃនិងតែងដំឡើងថ្លៃវិញនៅរដូវប្រាំង»។ តែទោះជាយ៉ាងណាលោកបញ្ជាក់ថា៖«យើងរំពឹងថា នៅឆ្នាំ២០១៣ខាងមុខការលក់របស់ក្រុមហ៊ុនខ្ញុំនឹងមានកំណើនខ្ពស់ជាងឆ្នាំនេះពីព្រោះវិស័យសាងសង់កំពុងមានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឲ្យមានតម្រូវការដែកច្រើន»។
បុគ្គលិកផ្នែកលក់ក្រុមហ៊ុន ជីបម៉ុង ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះម្នាក់ក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា តម្លៃដែក និងការផ្គត់ផ្គង់ឆ្នាំនេះមិនមានភាពប្រសើរជាងឆ្នាំមុនទេ។ ជាពិសេសនៅពេលនេះតម្លៃដែកក៏កំពុងធ្លាក់ចុះផងដែរពីព្រោះជារដូវវស្សាជាពេលដែលអ្នកផ្គត់ផ្គង់នាំគ្នាធ្វើការបញ្ចុះតម្លៃ។
បុគ្គលិករូបនេះបាននិយាយថា៖«បច្ចុប្បន្ននេះការលក់បានជួបនឹងការប្រកួតប្រជែងច្រើនដោយសារតែមានការនាំចូលដែកមកពីប្រទេសផ្សេងៗជាច្រើន ខណៈដែកដែលក្រុមហ៊ុនជីបម៉ុង នាំចូលគឺមកពីប្រទេសវៀតណាមនិងថៃ។ សម្រាប់ឆ្នាំ២០១៣ខាងមុខខ្ញុំ រំពឹងថា តម្លៃដែក និងការផ្គត់ផ្គង់នឹងកើនឡើង»៕
ភ្នំពេញ ប៉ុស្តិ៍







