ភ្នំពេញ:តម្រូវការជួលឃ្លាំងនិងរោងចក្រនៅកម្ពុជាក្នុងរយៈពេល៩ខែឆ្នាំនេះបានកើនឡើង៤១ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី។
របាយការណ៍បង្ហាញថាការជួលឃ្លាំងនិងរោងចក្រ៩ខែឆ្នាំនេះមានចំនួន១០៧តម្រូវការ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១មានចំនួន៧៦តម្រូវការពោលគឺកើនឡើង៤១ភាគរយ។
លោកឌឹតចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី មានប្រសាសន៍ថានៅរយៈពេលនេះមិនត្រឹមតែតម្រូវការជួលឃ្លាំងកើនឡើងទេ តម្លៃរបស់វាក៏កើនដែរ គឺកើនឡើងប្រហែល២០ភាគរយ។ លោកបន្តថា តម្លៃឃ្លាំងជួលកម្រិតស្តង់ដារដែលមានទំហំចាប់ពី៤០០០ម៉ែត្រការ៉េឡើង នៅពេលនេះមានតម្លៃចន្លោះពី១,៨ទៅ២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ បើបៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនតម្លៃត្រឹមតែ១,៥ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។
លោកប្រាប់ទៀតថា តម្រូវការជួលឃ្លាំងកើនឡើងដោយសារតែវិស័យឧស្សាហកម្មកាត់ដេរត្រូវការពង្រីកទីតាំងថ្មីបន្ថែមនិងអ្នកវិនិយោគទុនថ្មីៗក្នុងវិស័យនេះក៏ច្រើនដែរ ក្នុងនោះអ្នកវិនិយោគបរទេសមានដល់ទៅ៦០ភាគរយ។ លោកបញ្ជាក់ថា៖«អ្នកត្រូវការផ្ទុកទំនិញសម្រាប់ការនាំចេញនិងចូលក៏ត្រូវការឃ្លាំងដូចគ្នាដូច្នេះបានជាតម្លៃនិងចំនួនតម្រូវការវាកើនយ៉ាងច្រើនបែបនេះ»។
លោកឌឹត ចណ្ណា បានប្រាប់ទៀតថា ឃ្លំាងនិងរោងចក្រជួលស្ថិតនៅរាជធានីភ្នំពេញមានតម្រូវការច្រើនជាងនៅតំបន់ដែលនៅឆ្ងាយពីភ្នំពេញប៉ុន្តែចំនួនឃ្លាំងនិងរោងចក្រធំៗសម្រាប់ជួលនាពេលបច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ២៣និងផ្លូវជាតិលេខ៤កំពុងមានការរីកដុះដាលជាងគេ។
លោកបានបន្តថា ស្ថានភាពសេដ្ឋកិច្ចស្ថិរភាពនយោបាយល្អកម្លាំងនៃការវិនិយោគកើនឡើងទើបធ្វើឲ្យតម្រូវការជួលឃ្លាំងនិងរោងចក្រកើនឡើងដែរ។
លោកចេងខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL ខេមបូឌាបាននិយាយថាតម្រូវការជួលឃ្លាំងនិងរោងចក្រមានអតិថិជនចូលមកសួររកព័ត៌មានជាបន្តបន្ទាប់ហើយតម្លៃក៏ចាប់កើនឡើងដែរ។លោកបានបញ្ជាក់ថា៖«ឥឡូវនេះយើងរកឃ្លាំងនិងរោងចក្រសម្រាប់ឲ្យអតិថិជនជួលស្ទើរមិនចង់បានផង ដោយសារឃ្លាំងមិនសូវទំនេរហើយការសាងសង់ថ្មីមានចំនួនមិនទាន់តម្រូវការ»។
លោកច្រឹក សុខនីមអនុប្រធានក្រុមហ៊ុនអចលនទ្រព្យVTrustបានឲ្យដឹងថាតម្រូវការជួលឃ្លាំង និងរោងចក្រមានសន្ទុះកើនឡើងតែប្រភេទធំៗប៉ុណ្ណោះ ដោយសារតែអំឡុងពេលនេះអ្នកវិនិយោគទុនកំពុងតែស៊ើបព័ត៌មានពីទីផ្សារនេះថាតើផែនការវិនិយោគនៅកម្ពុជាទៅថ្ងៃអនាគតអាចនឹងសម្រេចជោគជ័យទៅបានឬយ៉ាងណានោះ។
លោកបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនធំៗមួយចំនួនដើម្បីប្រកបអាជីវកម្មនោះវានឹងធ្វើឲ្យអ្នកវិនិយោគតូចៗអាចទទួលបានផលប្រយោជន៍ផងដែរពីការរៀបចំធ្វើឃ្លាំងដើម្បីស្តុកទំនិញឬឃ្លាំងដែលបម្រើឲ្យផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសំណង់ជាដើម»។
លោកបានបន្ថែមថារយៈពេលបីខែចុងក្រោយនេះមានភ្ញៀវបរទេសជាច្រើនបានមកស្វែងរកឃ្លាំងនិងរោងចក្រ ពិសេសគឺជនជាតិចិននិងកូរ៉េខាងត្បូង។
លោកឲ្យដឹងទៀតថាបើទោះបីជាឃ្លាំងនិងរោងចក្រមានតម្រូវការច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែបើប្រៀបធៀបជាមួយនឹងអគារការិយាល័យជួលវិញ គឺនៅមានកម្រិតទាបនៅឡើយទេ៕
ភ្នំពេញ ប៉ុស្តិ៍






