ភ្នំពេញៈ ប្រទេសកម្ពុជាបាននាំចូលសម្ភារសំណង់ប្រមាណ៦២៣ពាន់តោនក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០១២នេះដែលចំនួនបានកើនឡើងប្រហែល១៦ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន៥៣៦ ពាន់តោននេះបើតាមស្ថិតិពីក្រសួងពាណិជ្ជកម្ម។
ស្ថិតិខាងលើបានបង្ហាញទៀតថា បើគិតចាប់តាំងពីខែមករារហូតដល់ខែកញ្ញា ឆ្នាំ២០១២ ទឹកប្រាក់នៃការនាំចូលសម្ភារសំណង់មានប្រមាណ៣០២ លានដុល្លារ គឺធ្លាក់ចុះ៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១កន្លងមក ដែលមានចំនួនដល់ទៅ៤៦៧ លានដុល្លារអាមេរិក។
លោកវង្សវឌ្ឍនាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនហូមដេខរផ្គត់ផ្គង់សម្ភារសំណង់ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងបានឲ្យដឹងថា នៅឆ្នាំ២០១២នេះ តម្លៃសម្ភារសំណង់បានឡើងចុះតិចតួចព្រោះតម្រូវការប្រើប្រាស់មានអត្រាខ្ពស់ជាងកាលពីឆ្នាំមុនត្រឹមតែ១ ឬ២ភាគរយប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖«គម្រោងអភិវឌ្ឍន៍ធំៗបានកម្រើកសកម្មភាពឡើងវិញបន្ទាប់ពីជាប់គាំងអស់មួយរយៈដោយសារតែឥទ្ធិពលវិបត្តិហិរញ្ញវត្ថុសាកលលោក។ វិបត្តិក៏ចេះតែរំសាយទៅៗហើយកម្លាំងនៃការវិនិយោគចេះតែកើនឡើង និងតម្រូវការប្រើប្រាស់មានច្រើន ដូច្នេះបរិមាណនៃការនាំចូលក៏ចេះតែកើនឡើងទៅតាមនោះដែរ»។
លោកបន្ថែមថា ការនាំចូលសម្ភារសំណង់របស់ក្រុមហ៊ុន ហូម ដេខរ ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា បានកើនឡើង១៥ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីការនាំចូលរបស់ក្រុមហ៊ុនលោកមានកំណើនតិចតួចក្តីប៉ុន្តែលោកបានកត់សម្គាល់ឃើញថា ខណៈប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ាននោះក៏ជាកត្តាមួយដែលបានរួមចំណែកជំរុញដល់ការអភិវឌ្ឍវិស័យសំណង់ផងដែរ។
លោក ហេងសំណាងប្រធានផ្នែកលក់នៃក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយសម្ភារសំណង់ ខេភី អ៊ិនដាសស្រ្ទីតាមបណ្តោយផ្លូវលេខ៦៣សង្កាត់បឹងរាំងខណ្ឌចំការមន បានប្រាប់ឲ្យដឹងថាបច្ចុប្បន្ននេះសម្ភារសំណង់បានឡើងថ្លៃដោយផ្នែក ចំណែកឯការលក់ និងការនាំចូលរបស់ក្រុមហ៊ុនលោកនៅឆ្នាំនេះហាក់មានការធ្លាក់ចុះជាងឆ្នាំមុនតិចតួច។
លោកបានលើកឡើងទៀតថា៖«ពេលនេះសេដ្ឋកិច្ចកម្ពុជាមិនទាន់ល្អណាស់ណាទេពីព្រោះទីផ្សារតម្រូវការសម្ភារសំណង់ប្រែប្រួលចុះឡើងៗ ដោយនៅរដូវប្រាំងសកម្មភាពលក់ដូរល្អប្រសើរ តែនៅរដូវវស្សាបែរជាស្ងាត់ទៅវិញ»។
យោងតាមស្ថិតិនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រយៈពេល៩ខែឆ្នាំនេះបង្ហាញថា ផ្ទៃក្រឡាសាងសង់សរុបមានប្រមាណ៥.៥៩៣.២៨៤ម៉ែត្រការ៉េ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានប្រមាណតែ៣.២២៨.៧៩៩ម៉ែត្រការ៉េ គឺកើនឡើង៧៣ភាគរយ៕
ភ្នំពេញ ប៉ុស្តិ៍






