ភ្នំពេញៈ ការវិនិយោគលើបៃតងបានចាប់ផ្តើមនៅកម្ពុជាខណៈដែលបណ្តាប្រទេសនានានៅក្នុងពិភពលោកកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះដើម្បីជាប្រយោជន៍ដល់កិច្ចការពារបរិស្ថានការប្រែប្រួលអាកាសធាតុនិងការសន្សំសំចៃថាមពល។
លោក ភឿង សុភ័ណ្ឌរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានថ្លែងថា ការសង់សំណង់បៃតងបានចាប់ផ្តើមមាននៅកម្ពុជា ដែលនេះគឺជាកិច្ចការពារនិងប្រើប្រាស់ឲ្យអស់សក្តានុពលនូវធនធានធម្មជាតិ ហើយការងារនេះមិនមែនទើបតែចាប់ផ្តើមមាននៅកម្ពុជានោះទេគឺប្រជាជនកម្ពុជាបានអនុវត្តការងារនេះជាយូរមកហើយដូចជាប្រជាជននិយមធ្វើរានហាលធ្វើសំយាបផ្ទះដែលសុទ្ធតែជាផ្នែកមួយនៃការកាត់បន្ថយកម្តៅ និងផលប៉ះពាល់បរិស្ថាន។
លោកបន្តទៀតថារហូតមកដល់ពេលនេះយើងមិនទាន់មានច្បាប់ឬផែនការយុទ្ធសាស្រ្តដើម្បីជំរុញឬតម្រូវឲ្យអ្នកអភិវឌ្ឍន៍សំណង់សង់សំណង់របស់ខ្លួនមានលក្ខណៈជាអគារបៃតងនៅឡើយទេ។
លោកបានថ្លែងថា៖«ការសង់សំណង់ពណ៌បៃតង មានសារៈប្រយោជន៍ច្រើនសម្រាប់មនុស្សជាតិដែលវាជាកាតព្វកិច្ចសម្រាប់គ្រប់ប្រទេសទាំងអស់ត្រូវគិតគូរអំពីបញ្ហានេះដើម្បីការពារផែនដីបរិស្ថានធម្មជាតិនិងការពារស្រទាប់អូហ្សូនពីព្រោះកាលណាស្រទាប់អូហ្សូនខូចវានឹងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុទឹកជំនន់ពិសេសការកើនឡើងកម្តៅនៅលើភពផែនដីតែម្តង»។
អគារបៃតង គឺសំដៅដល់អគារទាំងឡាយណាដែលមានដាំដើមរុក្ខជាតិពណ៌បៃតងច្រើន ប្រើបន្ទះសូឡា និងការរចនាអគារឲ្យទទួលពន្លឺព្រះអាទិត្យជំនួសការប្រើប្រាស់ថាមពលអគ្គិសនីច្រើន ពោលគឺជាអគារដែលអាចស្រូបយកខ្យល់ និងពន្លឺពីធម្មជាតិឲ្យអស់សក្តានុពល និងមានលក្ខណៈសន្សំសំចៃអគ្គិសនី។
នៅកម្ពុជាមានសំណង់ធំៗជាច្រើនបាននឹងកំពុងអនុវត្តគោលនយោបាយនេះដូចជាគម្រោង Riviera,Camko City,The DeCastle,Skyline Olympia City, Bellevue ជាដើម នេះបើតាមការប្រាប់ឲ្យដឹងពីលោក ភឿង សុភ័ណ្ឌ។
លោកបន្តថាជាទូទៅការកាត់បន្ថយការប្រើប្រាស់ថាមពលតាមរយៈការសិក្សាគម្រោងប្លង់ឆ្ពោះទៅរកGreen Building ដែលមានដូចជា ការប្រើប្រាស់ថាមពលព្រះអាទិត្យការជ្រើសរើសគ្រឿងបំលែង និងឧបករណ៍អគ្គិសនីមេកានិកដែលប្រើប្រាស់ថាមពលតិចការជ្រើសរើសសម្ភារសំណង់ការបំលែងកម្លាំងខ្យល់ឲ្យទៅជាថាមពលអគ្គិសនីនិងការបង្កើតសួនច្បារតាមអគារ ជាដើម។
លោក ភឿង សុភ័ណ្ឌបានបន្តទៀតថា៖«ការងារនេះទាមទារឲ្យអ្នកគូរប្លង់អ្នកនគរូបនីយវិទ្យាអ្នកវិនិយោគនិងអ្នកជាប់ពាក់ព័ន្ធត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍអគារបៃតងដើម្បីការពារបរិស្ថានបរិយាកាសផែនដីនិងការពារដើម្បីកុំឲ្យក្មេងៗជំនាន់ក្រោយបន្ទោសយើង»។
លោក កឺកណារិនអនុប្រធានក្រុមហ៊ុនអេស៊ា រៀលអេស្ទេត បានថ្លែងថាលោកមិនទាន់បានសិក្សាពីផលប្រយោជន៍នៃអគារបៃតងនៅឡើយទេ និងមិនដឹងថា អគារសំណង់ធំៗនៅភ្នំពេញប៉ុន្មានភាគរយទេដែលបានអនុវត្តនូវគម្រោងខាងលើនេះ។
ចំណែកលោក ស៊ឹងប៊ុណ្ណាអគ្គនាយកក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុបនិងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់ថាលោកមិនទាន់បានចាប់អារម្មណ៍ទាក់ទងទៅនឹងបញ្ហានេះទេប៉ុន្តែវានឹងមានអត្ថប្រយោជន៍ច្រើនប្រសិនបើយើងអភិវឌ្ឍអគារបៃតង។
លោក ទូចសំណាងប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុនOCIC ដែលកំពុងតែអភិវឌ្ឍន៍គម្រោងRiviera និង Olympia Cityបាននិយាយប្រាប់ថាយើងអភិវឌ្ឍអគារខ្ពស់ដើម្បីឆ្លើយទៅតបនឹងកំណើនសេដ្ឋកិច្ចប្រទេសយើងពីព្រោះដីមានតម្លៃថ្លៃហេតុនេះយើងត្រូវតែសង់សំណង់ខ្ពស់ៗដែលអគារទាំងនោះជាអគារបៃតង ព្រោះសំណង់បៃតងវាអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនិងអាចទាក់ទាញអតិថិជនបានច្រើនទៀតផង៕
ភ្នំពេញ ប៉ុស្តិ៍







