ភ្នំពេញ: អគារខ្ពស់កប់ពពកនៃគម្រោង Riviera ដែលមានទីតាំងនៅទីក្រុងកោះពេជ្រហើយគ្រោងនឹងចំណាយទឹកប្រាក់ជាច្រើនរយលានដុល្លារអាមេរិក នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៣ខាងមុខនេះ។
លោក ជិនហុកប្រធានគ្រប់គ្រងគម្រោង Rivieraមានប្រសាសន៍ថាអគារខ្ពស់កប់ពពកកម្ពស់២៨ជាន់ចំនួន២(A,B)និងអគារខ្ពស់កប់ពពកកម្ពស់៣៨ជាន់ចំនួន៣អគារទៀត (C,D,E)នៃគម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៣ខាងមុខដោយពេលនេះយើងកំពុងសិក្សាស្វែងរកក្រុមហ៊ុនដៃគូដើម្បីជួយសាងសង់អគារនេះ។លោកបានបន្តថា គម្រោង Rivieraនេះរួមមានផ្ទះល្វែង ផ្សារទំនើបសណ្ឋាគារខុនដូអាផាតមិនសួនកម្សាន្តអគារការិយាល័យនិងមានអាងទឹកប្រវែង២០០ម៉ែត្រស្ថិតនៅពីលើអគារខ្ពស់កប់ពពកកម្ពស់៣៨ជាន់ទាំងបីទៀតផងដោយរហូតមកទល់ពេលនេះគម្រោងRiviera ទាំងមូលសម្រេចបានប្រមាណ២០ភាគរយហើយ។
លោកបន្តថាការចំណាយចំពោះគម្រោងនេះយើងមិនអាចកំណត់បានច្បាស់លាស់នៅឡើយទេ ព្រោះតម្លៃសម្ភារសំណង់មានការប្រែប្រួលខ្លាំង ហេតុនេះយើងមិនដឹងច្បាស់ថា ត្រូវចំណាយអស់ប្រាក់ប៉ុន្មានពិតប្រាកដនោះទេ។
កញ្ញា បាន ស៊ូលី ប្រធានផ្នែកទីផ្សារនៃគម្រោង Riviera បានប្រាប់ថាមានអតិថិជនជាច្រើនបានចាប់អារម្មណ៍ចំពោះគម្រោង Reviera ព្រោះផ្ទះល្វែងចំនួន១០៤ល្វែងនៅក្នុងគម្រោងនេះលក់អស់ភ្លាមនៅពេលក្រុមហ៊ុនចាប់ផ្តើមប្រកាសលក់ចំណែកអគារខ្ពស់កប់ពពកទាំង៥នោះក៏មានអតិថិជនចាប់អាម្មណ៍ច្រើនដែរ។
កញ្ញា ស៊ូលី បានបញ្ជាក់ថា៖«ការប្រកាសលក់ខុនដូស្នាក់នៅ(អគារA) នាពេលថ្មីៗនេះមានអតិថិជនជាច្រើនចាប់អារម្មណ៍ ដោយខុនដូរបស់យើងមានតម្លៃជាមធ្យម១៨០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ»។
បើតាមលោក ភឿងសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានប្រសាសន៍ថាគម្រោងនេះមានអគារស្នាក់នៅរួមអគារពាណិជ្ជកម្មដែលមានផ្ទៃក្រឡា៣៣៣៧៥១ម៉ែត្រការ៉េ និងមានចំណតយានយន្តទំហំ៥៦.២៨៤ម៉ែត្រការ៉េ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៥។
លោក ស៊ឹងប៊ុណ្ណាអគ្គនាយកក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុប និងជាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានថ្លែងថា គម្រោងនេះជាឱកាសជោគជ័យមួយ ពីព្រោះកោះពេជ្របានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើក ហេតុនេះរយៈពេលដែលគាត់សង់រួចគឺជាពេលវេលាដែលតម្រូវការអគារបែបនេះពេញនិយម។ លោកបានថ្លែងថា៖«ភាពជោគជ័យនៃគម្រោងនេះគឺដោយសារទីតាំងនិងកាលៈទេសៈល្អ»។
លោក ឌឹត ចណ្ណាប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី បានយល់ស្របនឹងការលើកឡើងរបស់លោក ស៊ឹង ប៊ុណ្ណាដោយលោកលើកឡើងថាគម្រោងនេះស្ថិតនៅទីតាំងល្អជាអគារដែលមានភាពប្លែកគេនិងមានតែមួយគត់នៅកម្ពុជាព្រោះលើអគារនេះមានអាងទឹកនៅពីលើនិងកន្លែងហាត់ប្រាណ ដែលជាកត្តាជំរុញឲ្យមានការចាប់អារម្មណ៍ច្រើនពីអតិថិជនទាំងជនជាតិខ្មែរនិងបរទេស។
លោកបានអះអាងថា៖«គម្រោងនេះស្ថិតនៅទីតាំងល្អព្រោះមានទន្លេព័ទ្ធជុំវិញមានបរិស្ថានល្អនិងខ្យល់អាកាសបរិសុទ្ធដែលលក្ខណៈបែបនេះបើគិតតាមក្បួនហុងស៊ុយចិនគឺល្អលេខ១។ ម៉្យាងទៀតគម្រោងនេះក៏បានជួយលើកស្ទួយសោភណភាពរាជធានីភ្នំពេញនិងវិស័យអចលនទ្រព្យព្រមទាំងទាក់ទាញភ្ញៀវទេសចរផងដែរ»៕
ភ្នំពេញ ប៉ុស្តិ៍







