ភ្នំពេញៈ ក្រុមហ៊ុន Bali Resort គ្រោងបញ្ចប់គម្រោងខុនដូ Bali Scenery ដែលមានកម្ពស់កប់ពពកនៅឆ្នាំ២០១៥ខាងមុខ បន្ទាប់ពីបានចាប់ផ្តើមដំណើរការសាងសង់កាលពីពាក់កណ្តាលខែតុលាកន្លងមក។
លោកវិស្វករ អួង គឹមសាយ ប្រធានគ្រប់គ្រងការដ្ឋានសាងសង់នៃគម្រោង Bali Scenery បានប្រាប់ថា គម្រោងសាងសង់ខុនដូនេះជាផ្នែកមួយនៃគម្រោងសាងសង់អាផាតមិន និងខុនដូជាច្រើនរបស់ក្រុមហ៊ុន Bali Resort។ គម្រោងដែលមានទីតាំងនៅកោះពេជ្រនេះមានខុនដូចំនួនពីរគឺទី១អគារកម្ពស់២០ជាន់ចំនួន១ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឆ្នាំ២០១៤និងគម្រោងទី២ អគារខុនដូកម្ពស់៣១ជាន់ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៥ខាងមុខដោយគ្រោងចំណាយថវិកាសរុបប្រមាណ៣០លានដុល្លារអាមេរិកដោយមិនទាន់គិតបញ្ចូលតម្លៃដីធ្លីនៅឡើយទេ។
លោកបន្តថា៖«គម្រោងនេះនឹងទទួលបានជោគជ័យដោយសារវាស្ថិតនៅទីតាំងល្អអំណោយផលដល់ការរស់នៅ»។ អគារខុនដូទី១មានចំនួន៩ Unit ក្នុងមួយជាន់ដោយមានទំហំ៨៦០ម៉ែត្រការ៉េក្នុងមួយជាន់ឯអគារទី២មានចំនួន១៤Unit មានទំហំ១១៤៤ម៉ែត្រការ៉េក្នុងមួយជាន់ៗ។
លោក គឹមសាយ បានបន្តថា គម្រោងនេះត្រូវបានគូរប្លង់ហើយសាងសង់ដោយវិស្វករនិងស្ថាបត្យករជនជាតិខ្មែរទាំងអស់ ព្រោះបច្ចុប្បន្នខ្មែរមានបទពិសោធ និងចំណេះដឹងមិនចាញ់វិស្វករមកពីបរទេសឡើយ។
លោក លឿង ជី ប្រធានផ្នែកទីផ្សារនៃគម្រោង Bali Scenery បាននិយាយថា រហូតមកដល់ពេលនេះគម្រោងទាំងពីរលក់បានជាង៥០ភាគរយហើយ។យើងរំពឹងថា គម្រោងទាំងមូលនឹងលក់អស់នាពេលឆាប់ៗនេះ ព្រោះគម្រោងនេះស្ថិតនៅចំទីតាំងល្អមានបរិយាកាសអំណោយផល។ លោកបន្តថា៖«គម្រោង Bali Scenery ល្អណាស់បើទោះបីជាមិនទិញសម្រាប់ស្នាក់នៅក៏អតិថិជនអាចទិញទុកសម្រាប់ជួលបានផងដែរ ដោយក្នុង១ Unit មានតម្លៃចាប់ពី១០០.០០០ដុល្លារឡើងទៅ»។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី មានប្រសាសន៍ថាទីតាំងខុនដូនេះស្ថិតនៅចំកន្លែងល្អលេខ១ព្រោះមានទីតាំងនៅជាប់ទន្លេនិងតំបន់ពាណិជ្ជកម្មដែលមានសេវាកម្មចម្រុះដូចជាផ្សារទំនើបសាលារៀនអន្តរជាតិធនាគារ និងសេវាកម្មជាច្រើនទៀតដែលសម្រួលដល់ការរស់នៅប្រកបដោយផាសុកភាព។ គម្រោងនេះក៏ជាផ្នែកមួយដែលជួយលើកកម្ពស់សោភណភាពរាជធានីភ្នំពេញនិងទាក់ទាញភ្ញៀវទេសចរផងដែរ។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា គម្រោងBali Scenery នឹងទទួលបានជោគជ័យ ប៉ុន្តែអ្វីៗក៏អាស្រ័យទៅលើការដាក់តម្លៃ និងគុណភាពសំណង់ផងដែរ»៕
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថាទីតាំងនេះអាចចាត់ទុកថា ជាតំបន់លំនៅដ្ឋានលេខ១បើគិតពីគោលដៅរបស់អតិថិជនគឺអាចប្រៀបធៀបជាមួយRose Condo បានប៉ុន្តែអ្វីដែលសំខាន់គឺគុណភាពនិងការរចនាអគាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់តែប៉ុណ្ណោះ។
លោកបានអះអាងថា៖«ភាពជោគជ័យរបស់គម្រោងនេះវាអាស្រ័យទៅលើការលក់ការគ្រប់គ្រងការលក់ការរចនានិងគុណភាពរបស់អគារ»៕
ភ្នំពេញ ប៉ុស្តិ៍








