Headlines:

ក្រុមហ៊ុន​រុស្ស៊ី​បោះ​ទុន​វិនិយោគ​ដើម្បី​អភិវឌ្ឍ​នៅ​កោះ​ក្របី​



121220_07

ទិដ្ឋភាព​នៃ​កោះ​ក្របី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ។ រូប​ថត សហការី

ខេត្ត​ព្រះសីហនុ: ក្រុមហ៊ុន RBP Investment របស់​អ្នក​វិនិយោគ​ទុន​ជន​ជាតិ​រុស្ស៊ី​ដែល​ជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ូស្គូ គ្រោង​នឹង​ចំណាយ​ទុន​ជាង​១០​លាន​ដុល្លារ​អាមេរិក​ដើម្បី​វិនិយោគ​រមណីយដ្ឋាន​ទេសចរណ៍​មួយ​កន្លែង​ស្ថិត​នៅ​តំបន់​កោះ​ក្របី​ទល់​មុខ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​។

លោក ទូស សាភឿន ព្រឹទ្ធ​បុរស​វិស្វកម្ម​និង​ស្ថាបត្យ​កម្ម​សំណង់​ស៊ីវិល​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា និង​ជា​អ្នក​រៀប​ចំ​សិក្សា​គម្រោង​ប្លង់​និង​ផល​ប៉ះពាល់​បរិស្ថាន​បាន​ប្រាប់​ថា​គម្រោង​អភិវឌ្ឍន៍​កោះ​ក្របី​លាត​សន្ទឹង​លើ​ផ្ទៃ​ដី​១២​ហិកតា​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៥​។

លោក​បន្ត​ថា​កោះ​នេះ​មាន​ឆ្នេរ​ខ្សាច់​ស្អាត​សម្បូរ​ព្រៃ​ធម្មជាតិ​បៃតង ជា​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​ក្នុង​ចំណោម​កោះ​ប្ញស្សី កោះ​តាគាវ កោះ​បង កោះ​អឿន កោះ​ប្រើស និង​កោះ​ត្រេះ ផង​ដែរ។

លោក​បញ្ជាក់​ថា​បើ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះ​សីហនុ​កាន់​តែ​រីក​ចម្រើន​នោះ​នឹង​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាជន​ស្នាក់​នៅ​ទីនោះ​ក៏​ច្រើន​ដែរ​ខណៈ​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​តែ​កើត​មាន​ជា​ច្រើន​កន្លែង​នៅ​ទីនោះ​។

លោក​បាន​បញ្ជាក់​ថា៖«​តំបន់​នេះ​មាន​សក្តានុពល​ទី២​បន្ទាប់​ពី​ខេត្ត​សៀមរាប។​ខ្ញុំ​ជឿ​ថា ទៅ​ពេល​អនាគត​ខេត្ត​ព្រះ​សីហនុ​នឹង​មាន​កំណើន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​រាជធានី​ភ្នំពេញ​ដោយ​សារ​តំបន់​សមុទ្រ​សម្បូរ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​និង​មាន​គម្រោង​វិនិយោគ​កាន់​តែ​ច្រើន»។

លោក​បន្ត​ថា សព្វ​ថ្ងៃ​កំណើន​ប្រជាជន​រស់​នៅ​រាជធានី​ភ្នំពេញ​ត្រឹម​១២​ភាគរយ រីឯ​នៅ​ខេត្ត​សៀមរាប​កំណើន​ប្រជាជន​ដល់​ទៅ​១៥​ភាគរយ និង​ខេត្ត​ព្រះ​សីហនុ​មាន​៧​ភាគរយ។

លោក ឌឹត ចណ្ណា អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ VMC មាន​ប្រសាសន៍​ថា នេះ​ជា​ការ​វិនិយោគ​ទៅ​លើ​កោះ​ថ្មីៗ​នៅ​កម្ពុជា​ដោយ​សព្វ​ថ្ងៃ​នេះ​កម្ពុជា​បាន​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​និង​សម្បតិ្ត​វប្បធម៌​បុរាណ​។

លោក​បន្ត​ថា​វិស័យ​ទេសចរណ៍​ធម្មជាតិ​មាន​ខេត្ត​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​នោះ​មាន​ខេត្ត​ព្រះ​សីហនុ កោះ​កុង និង​ក្រចេះ ជា​ដើម។ ប៉ុន្តែ​តំបន់​ទេសចរណ៍​លើ​កោះ​វិញ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​តាម​កោះ​ក៏​នៅ​មាន​ចំនួន​កម្រិត​ដែរ​នៅ​ពេល​នេះ​ដូច្នេះ​បើ​មាន​ការ​អភិវឌ្ឍ​លើ​កោះ​កាន់​តែ​ច្រើន​នោះ​ប្រាកដ​ជា​មាន​ការ​ទាក់​ទាញ​បន្ថែម​ទៀត​មិន​ខាន​ឡើយ។

លោក ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីភីអិល​ខេមបូឌា បាន​និយាយ​ថា​ជា​ធម្មតា​គម្រោង​វិនិយោគ​អ្វី​មួយ​ម្ចាស់​គម្រោង​ភាគ​ច្រើន​គឺ​មាន​ផែន​ការ​ច្បាស់​លាស់​មុន​នឹង​សម្រេច​វិនិយោគ​កន្លែង​ណា​មួយ​។ លោក​បាន​បន្ត​ថា បើ​ការ​វិនិយោគ​គ្មាន​ភាព​ទាក់​ទាញ​អតិថិជន​ទេ​ពួកគេ​ទាំង​នោះ​នឹង​មិន​ធ្វើ​ឡើយ។

លោក​បញ្ជាក់​ថា៖«បើ​តាម​គំនិត​ខ្ញុំ​ក្រុមហ៊ុន​បរទេស​មាន​ភាព​ប្រាកដ​ប្រជា​និង​បទ​ពិសោធ​ច្រើន​ពួក​គេ​នឹង​ទទួល​បាន​ជោគ​ជ័យ​ទើប​ពួកគាត់​សម្រេច​ធ្វើ​»៕