Headlines:

សណ្ឋាគារ​ខ្ពស់​បំផុត​​​បើក​​ដំណើរ​ការ​នៅ​​​កូរ៉េ​ខាង​ជើង



121108_07
The Ryugyong Hotel មាន​កម្ពស់​សរុប​៣៣០​ម៉ែត្រ ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង​មូល​នៅ​ឆ្នាំ​២០១៣ ។ Reuters

ព្យុងយ៉ាងៈ សណ្ឋាគារ​ខ្ពស់​បំផុត​របស់​ពិភពលោក គ្រោង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ​នេះ​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ដែល​អគារ​មាន​រាង​ពីរ៉ាមីត និង​មាន​កម្ពស់​១០៥​ជាន់​មួយ​នេះ​មិន​ទាន់​បញ្ចប់​ការ​សាង​សង់​នៅ​ឡើយ​។

លោក​Reto Wittwer ប្រធាន​អគ្គ​នាយក​ប្រតិបត្តិ​សណ្ឋាគារ​ប្រណីត​របស់​អាល្លឺម៉ង់​គឺ​ក្រុម​ហ៊ុន Kempinski AG បាន​និយាយ​នៅ​ក្នុង​វេទិកា​មួយ​នាទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ចុង​សប្តាហ៍​មុន​ថា​សណ្ឋាគារ​នៅ​ទីក្រុង​ព្យុង​យ៉ាង​នឹង​ចាប់​បើក​ដំណើរ​ការ​ជា​បណ្តើរៗ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​នេះ​គឺ​នៅ​ក្នុង​ខែ​កក្កដា ឬ​សីហា​។ លោក​បាន​បន្ត​ថា ក្រុម​ហ៊ុន​Kempinski នេះ​នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​បដិសណ្ឋារ​កិច្ច​បែប​លោក​ខាង​លិច​ដំបូង​គេ​ដែល​ដំណើរ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ​។

លោក Wittwer បាន​ថ្លែង​ថា៖«​សណ្ឋា​គារ​ដែល​មាន​រាង​ដូច​ប្រាសាទ​ពីរ៉ាមីត​នេះ​នឹង​ទទួល​យក​អាជីវកម្ម​ផ្តាច់​មុខ​របស់​ក្រុម​ហ៊ុន​ទាំង​អស់​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​រួច​ហើយ យើង​ត្រូវ​តែ​យក​សណ្ឋាគារ​នេះ​ឲ្យ​បាន​បើ​មាន​ឱកាស​ព្រោះ​សណ្ឋាគារ​នេះ​នឹង​ក្លាយ​ជា​ម៉ាស៊ីន​បោះ​ពុម្ព​ប្រាក់​បើ​ប្រទេស​កូរ៉េ​ខាង​ជើង​បើក​ចំហ​ទៅ​កាន់​ពិភពលោក​»។

លោក Kempinski កំពុង​ទទួល​ខុស​ត្រូវ​ផ្នែក​គ្រប់​គ្រង ខណៈ​ក្រុម​ហ៊ុន Orascom Telecom Media & Technology Holding SAE ផ្តល់​មូលនិធិ​សម្រាប់​សាង​សង់​សណ្ឋាគារ​នេះ ដែល​ជា​ផ្នែក​នៃ​អាជ្ញាប័ណ្ណ​ទូរស័ព្ទ​ចល័ត​ដែល​មាន​តម្លៃ ៤០០​លាន​ដុល្លារ ខណៈ​ក្រុម​ហ៊ុន​នេះ​បាន​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង នា​ឆ្នាំ​២០០៨។ ក្រុម​ហ៊ុន Orascom ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Cairo បាន​ចំណាយ​ថវិកា​អស់​១៨០​លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ ដើម្បី​បញ្ចប់​ការ​សាង​សង់​ផ្នែក​ខាង​មុខ​របស់​សណ្ឋាគារ​នេះ។

លោក Wittwer បាន​ថ្លែង​ថា​៖​«​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន Orascom នឹង​បញ្ចប់​តាម​ផ្នែក​សំខាន់ៗ​នីមួយៗ ហើយ​ប្រទេស​កូរ៉េ​ខាង​ជើង នឹង​តប​ស្នង​មក​វិញ​ជាមួយ​នឹង​សិទ្ធិ​រុក​រក​រ៉ែ​វត្ថុ​ធាតុ​ដើម និង​ការ​ដោះ​ដូរ​ទំនិញ​និង​ទំនិញ ដោយ​សារ​ពួក​គេ​ពុំ​មាន​ប្រាក់​»។

ការ​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍

របប​គ្រប់​គ្រង​របស់​លោក គីម នៅ​ពេល​នេះ​កំពុង​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍​របស់​ខ្លួន ដែល​ជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​រក​ប្រាក់​ចំណូល​ជា​រូបិយប័ណ្ណ​បរទេស​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​និង​ទទួល​រង​នូវ​សម្ពាធ​ពី​ការ​ដាក់​ទណ្ឌកម្ម​អន្តរ​ជាតិ​ជុំវិញ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​។

ជាន់​លើៗ​នៃ​សណ្ឋាគារ​នេះ នឹង​ផ្តល់​សេវា​ស្នាក់​នៅ​ដល់​ភ្ញៀវ​ចំនួន​១៥០​បន្ទប់​ក្នុង​ចំណោម​បន្ទប់​ដែល​បាន​រៀប​ចំ​ទុក​ចំនួន ១៥០០​បន្ទប់​ដែល​នឹង​ត្រូវ​សង់​ជា​បណ្តើរៗ ដើម្បី​ប្តូរ​ទំហំ​បន្ទប់​ដែល​បាន​គូស​ប្លង់​មិន​ត្រូវ​។ ហាង​ទំនិញ ភោជនីយ​ដ្ឋាន សាល​ប្រជុំ​និង​ការិយាល័យ​របស់​ក្រុមហ៊ុន Orascom មាន​ទីតាំង​នៅ​ជាន់​ផ្ទាល់​ដី និង​ជាន់​កណ្តាល​ហើយ​នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ​៕ BP