ភ្នំពេញ: បើទោះជាការខ្ចីប្រាក់ពីធនាគារត្រូវប្រឈមមុខនឹងការសងការប្រាក់ដ៏ច្រើននិងមានហានិភ័យនៃការបង្វិលប្រាក់សងប្រចាំខែច្រើនក៏ដោយ ក៏និន្នាការការខ្ចីប្រាក់ធនាគាររបស់ប្រជាជនខ្មែរដើម្បីទិញលំនៅដ្ឋាននៅតែមានការកើនឡើងជាប្រចាំ។
លោក កឺកណារិន អនុប្រធានក្រុមហ៊ុនអេស៊ា រៀលអេស្ទេតមានប្រសាសន៍ថា បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុនឃើញថាប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើនអំពីការខ្ចីប្រាក់ពីធនាគារដើម្បីទិញលំនៅដ្ឋាននិងសម្ភារប្រើប្រាស់ដទៃទៀត។លោកបាននិយាយទៀតថា ផលវិជ្ជមានពីការប្រើប្រាស់ប្រាក់កម្ចីពីធនាគារ គឺបើយើងយកប្រាក់នោះមកបង្កើនប្រាក់ឬយើងមានប្រាក់ចំណូលទៀងទាត់ជាប្រចាំនោះវាជាការល្អប្រសើរណាស់តែទោះបីជាយ៉ាងណាការខ្ចីប្រាក់ពីធនាគារក៏មានផលអវិជ្ជមានច្រើនដែរ ប្រសិនបើយើងមិនបានគិតអំពីចំណូលរបស់ខ្លួនឲ្យបានច្បាស់នោះ។
លោកណារិន បានថ្លែងថា៖«ការខ្ចីប្រាក់ពីធនាគារល្អឬអាក្រក់អាស្រ័យលើប្រាក់ចំណូលឬស្ថានភាពសេដ្ឋកិច្ចរបស់បុគ្គលម្នាក់ៗហេតុនេះការថ្លឹងថ្លែងនិងពិចារណាពីប្រាក់ចំណូលរបស់ខ្លួនមានសារៈសំខាន់ណាស់»។ លោកបន្ថែមថា៖«ចរិតរបស់អ្នកធនាគារដំបូងអង្វរយើងឲ្យខ្ចីប្រាក់របស់គេយកទៅប្រើប្រាស់ប៉ុន្តែប្រសិនបើយើងមានបញ្ហាក្នុងការសងត្រឡប់ទៅវិញនោះយើងនឹងមានបញ្ហាជាមួយធនាគារ»។
លោកអនុប្រធានក្រុមហ៊ុនអេស៊ា រៀលអេស្ទេត រូបនេះបានបន្តថាអត្រាការប្រាក់ធនាគារនៅកម្ពុជាមានកម្រិតខ្ពស់ជាងប្រទេសជិតខាងដូចជាថៃ សិង្ហបុរី។តែទោះបីជាយ៉ាងណាស្ថានភាពនៅពេលនេះ គឺល្អប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុនឆ្ងាយណាស់ ដែលនៅពេលនោះការខ្ចីប្រាក់តែងតម្រូវឲ្យមាននីតិវិធីស្មុគស្មាញជាច្រើន អត្រាការប្រាក់ខ្ពស់និងឥណទានទទួលបានមានរយៈពេលខ្លីទៀតផង។
លោក ឡេង អូនអគ្គនាយកក្រុមហ៊ុនឡេងអូន គ្រុបដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលនទ្រព្យបាននិយាយថា ការខ្ចីប្រាក់ពីធនាគារដើម្បីទិញលំនៅដ្ឋានជារឿងដែលត្រូវឆ្លុះបញ្ចាំងនៅពេលអនាគតប៉ុន្តែប្រសិនបើប្រជាពលរដ្ឋមានប្រាក់របស់ខ្លួនចាប់ពី៥០ទៅ៧០ភាគរយនិងសល់ប៉ុន្មានខ្ចីពីធនាគារយកមកទិញលំនៅដ្ឋានជាការល្អប្រសើរដែរដើម្បីធានានូវស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន។
លោកអះអាងថា៖«ការខ្ចីប្រាក់ពីធនាគារទោះបីជាយើងមានចំណូលទៀងទាត់ឬមិនទៀងទាត់ គឺសុទ្ធតែមានហានិភ័យដូចគ្នា។តែទោះបីជាយ៉ាងណានៅឆ្នាំនោះខ្ញុំសង្កេតឃើញថាចំនួនប្រជាជនខ្មែរដែលខ្ចីប្រាក់ទិញលំនៅដ្ឋានបានបន្តកំណើនចន្លោះពី១០ទៅ១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១១កន្លងមក»។
លោក ស៊ឹងប៊ុណ្ណាអគ្គនាយកក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុបនិងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ស្រដៀងនឹងការលើកឡើងខាងលើដែរដោយលោកប្រាប់ថា ការខ្ចីប្រាក់ពីធនាគារដើម្បីទិញលំនៅដ្ឋានពិតជាមានផលពីរដើរទន្ទឹមគ្នាគឺផលវិជ្ជមាននិងអវិជ្ជមាន។ផលវិជ្ជមានត្រង់ថាបើយើងមានប្រាក់ចំណូលទៀងទាត់នោះ ការខ្ចីប្រាក់ទិញលំនៅដ្ឋានវាជាឱកាសល្អសម្រាប់វិនិយោគប៉ុន្តែផលអវិជ្ជមានបើយើងមិនមានចំណូលទៀងទាត់គឺវាមានភាពផុយស្រួយណាស់ហេតុនេះប្រជាពលរដ្ឋគួរស្វែងយល់ឲ្យបានច្រើនពីបញ្ហានេះ។
លោក ប៊ុណ្ណាបានថ្លែងថា៖«វប្បធម៌និងនិន្នាការនៃការប្រើប្រាស់ប្រាក់ធនាគារក្នុងចំណោមប្រជាជនកម្ពុជាកំពុងផ្លាស់ប្តូរ។ពីមុនក្នុងចំណោមប្រជាជន១០នាក់មានតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវមានពី៣ទៅ៤នាក់ដែលបានប្រើប្រាស់ប្រាក់ធនាគារ»។
គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០១២នេះធនាគារអេស៊ីលីដាបានផ្តល់ប្រាក់ឲ្យអតិថិជនទិញលំនៅដ្ឋានចំនួន៤០០០នាក់មានទឹកប្រាក់សរុប៨៨លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនមានត្រឹម៧០លានដុល្លារអាមេរិកតែប៉ុណ្ណោះនេះបើតាមការឲ្យដឹងពីអ្នកស្រី សូភណ្ឌនារីអនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា៕
ភ្នំពេញ ប៉ុស្តិ៍







