ភ្នំពេញ : ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនការអភិវឌ្ឍប្រព័ន្ធភ្លើងអគ្គិសនី និងទឹក នៅតាមជាយក្រុង និងជនបទបន្ថែមទៀតដើម្បីជួយលើកកម្ពស់វិស័យអចលនទ្រព្យនិងជាការទាក់ទាញដល់វិនិយោគិនផងដែរ។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យអេស៊ា រៀលអេស្ទេត បាននិយាយប្រាប់ថា ប្រព័ន្ធភ្លើងអគ្គិសនី ទឹកនិងផ្លូវថ្នល់មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់វិស័យអចលនទ្រព្យក៏ដូចជាជួយទាក់ទាញអ្នកវិនិយោគឲ្យចូលមកវិនិយោគផងដែរ។
លោកបានថ្លែងថា៖«យើងចង់ឲ្យរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះឲ្យកាន់តែមានល្បឿនលឿនបន្ថែមទៀត ដើម្បីជួយជំរុញដល់តម្លៃអចលនទ្រព្យព្រមទាំងអាចទាក់ទាញអ្នកវិនិយោគឲ្យមកដាក់ទុនកាន់តែច្រើនទៀតផង។ តាមបទពិសោធនៃការវាយតម្លៃដីធ្លីកន្លងមករបស់ខ្ញុំរវាងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធភ្លើងអគ្គិសនី ទឹក និងផ្លូវល្អនោះ ជាមួយតំបន់ដែលគ្មានប្រព័ន្ធភ្លើង ទឹក គឺមានតម្លៃខុសគ្នាចន្លោះ៥ទៅ១០ភាគរយ»។
លោក អ៊ាវគង់ បានបន្តថាទោះបីជាតម្លៃដីធ្លីព្រមទាំងកម្លាំងពលកម្មយើងនៅថោកជាងប្រទេសវៀតណាម និងប្រទេសថៃក៏ដោយ តែបើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង គ្មានមានភាពល្អប្រសើរក៏ពិបាកក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមក វិនិយោគនៅប្រទេសយើងដែរ។
លោក ឌឹត ចណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យ VMC បានថ្លែងថា ប្រព័ន្ធភ្លើងអគ្គិសនី ទឹក និងផ្លូវពិតជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ លោកបានបន្តទៀតថា តម្លៃដីធ្លីនៅតំបន់មានប្រព័ន្ធភ្លើងអគ្គិសនី ទឹក និងតំបន់គ្មានហេដ្ឋារចនាសម្ព័ន្ធទាំងនេះមានតម្លៃខុសគ្នាពី១០ទៅ២០ភាគរយ។ លោកបានយល់ថា រាជរដ្ឋាភិបាលកម្ពុជាគួរពង្រីកបណ្តាញទឹកស្អាត និងភ្លើងអគ្គិសនី ទៅកាន់តំបន់ជាយក្រុងឲ្យបានកាន់តែច្រើន ជារឿងល្អណាស់ ពីព្រោះវាមិនត្រឹមតែជួយលើកកម្ពស់វិស័យអចលនទ្រព្យប៉ុណ្ណោះទេប៉ុន្តែវាជួយលើកតម្កើងកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាជួយធ្វើឲ្យតំបន់នោះមានសកម្មភាពអាជីវកម្មនិងឧស្សាហកម្មនានាឲ្យមានដំណើរការល្អផងដែរ។
លោក ខាត់ សុវណ្ណ ប្រធានគ្រប់គ្រងក្រុមហ៊ុន Cam Top Property Group បានទទួលស្គាល់ថាប្រព័ន្ធភ្លើងអគ្គិសនី និងទឹកពិតជាចាំបាច់សម្រាប់ប្រជាជនហើយការដែលរាជធានីរបស់យើងមិនអាចរីកចម្រើនលឿនដូចប្រទេសគេនោះ គឺដោយសារតែកង្វះខាត ប្រព័ន្ធអគ្គិសនី និងទឹកស្អាតផងដែរ។ តែទោះបីជាយ៉ាងណាលោកយល់ឃើញថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំតភ្ជាប់បណ្តាញអគ្គិសនីឲ្យទៅដល់ទីជនបទបានជាច្រើនខណៈប្រព័ន្ធទឹកស្អាតនៅមានចំនួនតិចតួចនៅឡើយ។
លោកបានថ្លែងថា៖«តម្លៃដីនិងអចលនទ្រព្យ នៅតំបន់មានហេដ្ឋារចនាសម្ព័ន្ធភ្លើងអគ្គិសនី និងទឹកស្អាត ប្រើប្រាស់មានតម្លៃថ្លៃជាងតំបន់ដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងទឹកស្អាតពី៣០ទៅ៥០ភាគរយ»៕
ភ្នំពេញ ប៉ុស្តិ៍








