ភ្នំពេញ : ខណៈការរីកចម្រើនកម្រិតជីវភាព និងតម្រូវការលំនៅដ្ឋានក៏ដូចជាដីសម្រាប់ប្រកបរបរផ្សេងៗកំពុងតែកើតមានឡើងជាប្រចាំនោះគេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនបម្រើសេវាកម្មផ្នែកអចលនទ្រព្យជាច្រើនបានកើតឡើងបន្ទាប់ពីបានបិទទ្វារអស់យ៉ាងច្រើនកាលពីអំឡុងចុងឆ្នាំ២០០៨។
សេវាកម្មអចលនទ្រព្យនេះមានជាយូរណាស់មកហើយនៅកម្ពុជា ប៉ុន្តែវាមិនមានរូបភាពជាក្រុមហ៊ុនច្បាស់លាស់នោះទេ រហូតដល់ឆ្នាំ១៩៩១ គឺនៅពេលមានកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចូលមករក្សាសន្តិភាពនៅកម្ពុជាទើបក្រុមហ៊ុនអចលនទ្រព្យចាប់ផ្តើមមានរូបរាងជាបណ្តើរៗ។
ដោយមើលឃើញពីតម្រូវការនៃទីផ្សារសេវាកម្មអចលនទ្រព្យចេះតែមានទំហំកាន់តែធំឡើងៗជាប្រចាំលោក គីម ហ៊ាង ដែលធ្លាប់មានបទពិសោធច្រើនជាមួយនឹងមុខជំនាញនេះក៏សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា ខ្មែរ រៀលអេស្ទេតមានទីតាំងនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម នាដើមឆ្នាំ២០០៧។
អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត លោក គីម ហ៊ាង បានថ្លែងថា ការដែលលោកសម្រេចចិត្តបើកក្រុមហ៊ុនដោយខ្លួនឯងនោះពីព្រោះលោកគិតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមានការយល់ដឹងច្រើន ដូច្នេះនៅពេលដែលពួកគេចង់ទិញ-លក់អចលនទ្រព្យពួកគេតែងត្រូវការអ្នកដែលមានជំនាញច្បាស់លាស់ឲ្យជួយបំពេញការងាររបស់ពួកគេ។
លោកបានថ្លែងថា៖«ចាប់តាំងពីខ្ញុំបើកក្រុមហ៊ុនមកមានអតិថិជនយ៉ាងច្រើន ទាំងជនជាតិខ្មែរ និងបរទេសបានមករកឲ្យក្រុមហ៊ុនរបស់ខ្ញុំជួយដល់ពួកគេទាក់ទងទៅនឹងការទិញ-លក់អចលនទ្រព្យគ្រប់ប្រភេទ។ បច្ចុប្បន្ននេះក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត គឺប្រៀបដូចជាធនាគារឯកទេសមួយអ៊ីចឹង ដោយក្រុមហ៊ុនរបស់យើងកំណត់ជ្រើសរើសយកតំបន់ធ្វើពាណិជ្ជកម្មនិងលំនៅដ្ឋានតែនៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ»។
ជាទូទៅក្រុមហ៊ុនអចលនទ្រព្យមានប្រាក់ចំណូលមិនថេរនោះទេ ពីព្រោះក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ គឺប្រៀបបានទៅនឹងក្រុមហ៊ុនឱកាសនិយមដែរ គឺតែងមានការប្រកួតប្រជែងគ្នាជាប្រចាំ។ ទោះបីយ៉ាងណានៅឆ្នាំ២០១២នេះ ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនខ្មែរ រៀលអេស្ទេត បានកើនឡើងរហូតដល់ទៅ៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១កន្លងមក។
លោក គីម ហ៊ាង បាននិយាយថា ការដែលក្រុមហ៊ុនខ្មែរ រៀលអេស្ទេត មានដំណើរការល្អបែបនេះក៏ដោយសារតែលោកមានយុទ្ធសាស្រ្តល្អគឺវាយលុកចំគោលដៅដោយប្រើពេលខ្លី និងចំណាយថវិកាតិច ចំណែកឯបុគ្គលិករបស់លោកសុទ្ធតែជាអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ អាចប្រើប្រាស់ភាសាបរទេសបានល្អនិងមានក្រមសីលធម៌វិជ្ជាជីវៈទៀតផង។ លោកបានថ្លែងថា៖«ការកំណត់ពេលវេលា ខ្ទង់ចំណាយនិងការធ្វើការងារជាមួយអតិថិជនប្រកបដោយភាពច្បាស់លាស់ ជាហេតុផលដែលធ្វើឲ្យក្រុមហ៊ុនរបស់ខ្ញុំទទួលបានជោគជ័យ»។
នៅពេលដែលពិភពលោកជួបនឹងវិបត្តិសេដ្ឋកិច្ចកាលពីអំឡុងឆ្នាំពាក់កណ្តាលឆ្នាំ២០០៨មានក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យជាច្រើនបានផ្អាកសកម្មភាព ឬក៏បិទទ្វារតែម្តងខណៈពេលនោះក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត ក៏ជួបបញ្ហាបាត់បង់អតិថិជននិងប្រាក់ចំណូលផងដែរ។ លោកគីម ហ៊ាង បាននិយាយថា នៅពេលនោះសេវាកម្មធនាគារ សេវាកម្មរៀបចំនិងសិក្សាគម្រោងប្លង់ ឬសេវាកម្មរៀបចំតុបតែងលម្អផ្សេងៗសុទ្ធតែជួបនឹងបញ្ហាដូចៗគ្នាប៉ុន្តែពេលនេះអ្វីៗបានល្អប្រសើរឡើងវិញហើយ។
តែទោះបីជាយ៉ាងណា លោកបាននិយាយថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនគួរពង្រីកក្រុមហ៊ុនបម្រើសេវាបែបនេះបន្ថែមទៀតទេព្រោះនៅពេលនេះយើងត្រូវពង្រឹងគុណភាពរបស់ក្រុមហ៊ុនទាំងអស់ជាចម្បងសិន។ ប៉ុន្តែរយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀតតម្រូវការក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យនឹងមានការកើនឡើងព្រោះនៅឆ្នាំ២០១៥ខាងមុខកម្ពុជានឹងត្រូវធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន។
លោក គីម ហ៊ាង បានបញ្ជាក់ថា៖«យើងសង្ឃឹមថានៅថ្ងៃអនាគតវិស័យអចលនទ្រព្យប្រទេសកម្ពុជាអាចនឹងមានភាពល្អប្រសើរខ្លាំងជាងពេលនេះ ពីព្រោះកំណើនប្រជាជននៅកម្ពុជាមានជារៀងរាល់ឆ្នាំដូច្នេះតម្រូវការលំនៅដ្ឋានស្នាក់នៅនិងតម្រូវការដីធ្លីសម្រាប់ការប្រកបអាជីវកម្មផ្សេងៗប្រាកដជាកើនឡើងជាមិនខាន»៕
ភ្នំពេញ ប៉ុស្តិ៍







