ភ្នំពេញ:ខណៈវិស័យកសិ-ឧស្សាហកម្ម និងទេសចរណ៍ កំពុងរីកចម្រើនខ្លាំងនៅខេត្តក្រចេះនោះនៅពេលនេះគេក៏សង្កេតឃើញថា វិស័យអចលនទ្រព្យ និងសំណង់ នៅទីនោះក៏កំពុងបោះជំហានទៅមុខជាបណ្តើរៗផងដែរ។
លោកឡៅទិព្វសីហាអគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាបច្ចុប្បន្នខេត្តក្រចេះចាប់ផ្តើមមានការវិនិយោគលើវិស័យអចលនទ្រព្យនិងសំណង់ជាបណ្តើរៗហើយ ដែលក្នុងនោះរួមមានរោងចក្រសណ្ឋាគារ ហាងលក់ទំនិញ និងលំនៅដ្ឋានប្រជាជនជាដើម។
លោកទិព្វសីហា បានថ្លែងថា៖«កំណើននេះដោយសារតែតំបន់នេះស្ថិតនៅតំបន់ចំណុចប៉ូលមួយក្នុងចំណោមតំបន់អភិវឌ្ឍន៍ដទៃទៀតនៅកម្ពុជាដែលហៅថាតំបន់ត្រីកោណមរកតឬត្រីកោណមាស»។
លោកសចំរ៉ុងអភិបាលខេត្តក្រចេះបានថ្លែងថា ការអភិវឌ្ឍវិស័យសំណង់នៅខេត្តក្រចេះ កំពុងចាប់ផ្តើមមានសកម្មភាពក្នុងកម្រិតយឺតៗដោយមានសំណង់ថ្មីៗមួយចំនួនដូចជាសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សំណង់សណ្ឋាគារផ្ទះសំណាក់ សំណង់រោងចក្រស្ករស (របស់ប្រទេសឥណ្ឌា) ដែលពេលនេះសាងសង់បាន៩៥ភាគរយ ហើយមានសមត្ថភាពផលិតស្ករសបានជាង២០០០តោនក្នុងមួយថ្ងៃ និងអាចផលិតថាមពលអគ្គិសនីពីកាកសំណល់អំពៅដែលសល់ពីការផលិតស្ករសបានជាច្រើនទៀតផង។
លោកបានបន្តថា នៅក្នុងខេត្តក្រចេះដីសម្បទានសេដ្ឋកិច្ចដំណាំកសិ-ឧស្សាហកម្មមានជាង៤០ក្រុមហ៊ុនដែលមកដល់ពេលនេះដាំកៅស៊ូបាន៤៦០០ហិកតា និងការដាំកៅស៊ូជាលក្ខណៈគ្រួសារបាន៦៥០០ហិកតា។
លោកបន្តថា វិស័យទេសចរណ៍តំបន់ដែលមានសត្វផ្សោតរស់នៅក៏ជាការទាក់ទាញនិងផ្តល់សារៈប្រយោជន៍ដល់អ្នកវិនិយោគដែលបានបោះទុនវិនិយោគនៅទីនោះដែរ។ លោកបានអះអាងថា ដោយសារមានគម្រោងវិនិយោគវិស័យកសិឧស្សាហកម្ម និងទេសចរណ៍កើនឡើងទើបមានសំណង់លំនៅដ្ឋាន ហាងលក់ទំនិញ សណ្ឋាគារ និងរោងចក្រកើតឡើងច្រើនបែបនេះ ហើយក៏បានធ្វើឲ្យតម្លៃដីធ្លីនៅពេលនេះក៏មិនថោកប៉ុន្មានដែរ។
លោក ឌឹតចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី មានប្រសាសន៍ថា ការវិនិយោគ និងតម្លៃអចលនទ្រព្យនៅខេត្តក្រចេះ កើនឡើងចន្លោះ១០ទៅ១៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងតម្លៃអចលនទ្រព្យតិចតួចបែបនេះគឺដោយសារខេត្តក្រចេះមានការរីកចម្រើនខ្លាំងតែវិស័យទេសចរណ៍និងកសិកម្មតែប៉ុណ្ណោះ ដោយមិនសូវល្អដូចខេត្តព្រះសីហនុ សៀមរាបបាត់ដំបង និងខេត្តកំពង់ឆ្នាំងទេ។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថាទឹកដីខេត្តក្រចេះផ្តោតសំខាន់បំផុតលើផ្នែកកសិកម្មនិងទេសចរណ៍ ចំណែកវិស័យអចលនទ្រព្យវិញមិនទាន់ដំណើរការល្អនៅឡើយទេ គឺស្ថិតក្នុងទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។ លោកបានបន្តថាបច្ចុប្បន្នតម្លៃដីធ្លីក្នុងទីរួមខេត្តមួយម៉ែត្រការ៉េមានតម្លៃចន្លោះពី៥០ទៅ២០០ដុល្លារ ប៉ុន្តែដីសម្រាប់ធ្វើកសិកម្មវិញមួយម៉ែត្រការ៉េមានតម្លៃត្រឹមតែ១ទៅ៥ដុល្លារនិងដីសម្បទានវិញមួយហិកតាមានតម្លៃតែ០,៥ទៅ១ដុល្លារ។
លោកបានបញ្ជាក់ថា ការវិនិយោគនៅខេត្តក្រចេះដំណើរការល្អតែវិស័យកសិកម្មប៉ុណ្ណោះ ដូច្នេះវិស័យសំណង់មិនសូវជាមានសកម្មភាពខ្លាំងទេ។ តែទោះជាយ៉ាងណាក៏អាស្រ័យលើវិស័យទេសចរណ៍នៅតំបន់ខាងជើង និងតំបន់ឦសាននៃប្រទេសផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍







