ភ្នំពេញៈ ការប្រើប្រាស់ប្រាក់កម្ចីពីធនាគារដើម្បីទិញ និងអភិវឌ្ឍ ឬកែលម្អលំនៅដ្ឋាននៅដំណាច់ខែកញ្ញាឆ្នាំ២០១២នេះបានកើនឡើងខណៈសេដ្ឋកិច្ចនៅតែមានកំណើនខ្ពស់ ហើយតម្រូវការប្រាក់កម្ចីនៅតែបន្តកើនដែរ នេះបើយោងតាមការឲ្យដឹងពីអ្នកជំនាញផ្នែកធនាគារនៅកម្ពុជា។
អ្នកស្រីសូភណ្ឌនារីអនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានថ្លែងថា ចាប់តាំងពីវិស័យធនាគារនៅកម្ពុជាបើកឲ្យមានសេវាកម្មកាន់តែទូលាយ ស្របគ្នាទៅនឹងកំណើនសេដ្ឋកិច្ចនោះយើងឃើញថាកម្រិតជីវភាពប្រជាជនកាន់តែមានការកើនឡើងរីឯចំនួនអ្នកខ្ចីប្រាក់ពីធនាគាររបស់យើងក៏បានកើនឡើងដែរ ដោយនៅដំណាច់ខែកញ្ញាមានចំនួន១០១៥៧នាក់ ដែលមានទឹកប្រាក់ប្រមាណ១៣២,១១លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០១០ មានអតិថិជន៤៣២១នាក់ គិតជាទឹកប្រាក់កម្ចីមាន៧១,៨លានដុល្លារប៉ុណ្ណោះ ដោយចំនួនអ្នកខ្ចីបានកើនឡើង១៣៥ភាគរយ។
អ្នកស្រីបន្តថា មិនត្រឹមតែកម្ចីឥណទានវិស័យអចលនទ្រព្យប៉ុណ្ណោះទេដែលកើនឡើងពេលនេះវិស័យកសិកម្មក៏កើនឡើងដែរ ពោលគឺកម្ចីឥណទានវិស័យកសិកម្មមានអ្នកខ្ចីដល់ទៅ១៣៥,៧៧៤នាក់ដែលមានប្រាក់សរុបចំនួន២១៤,២៥លានដុល្លារអាមេរិក។ អ្នកស្រីបានបញ្ជាក់ថា៖«កម្ចីឥណទាននេះអាចឲ្យប្រជាជនមានលំនៅដ្ឋានស្នាក់នៅផង និងអាចមានដើមទុនសម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ កាលពីមិនទាន់មានឥណទានប្រភេទនេះប្រជាជនណាចង់មានលំនៅដ្ឋានឬចង់បង្កើតមុខរបរអ្វីមួយទាល់តែមានប្រាក់ខ្លួនឯង ឬខ្ចីបុលពីបងប្អូននិងមិត្តភក្តិទើបអាចបំពេញបំណងនេះបាន ប៉ុន្តែឥឡូវនេះមានធនាគារ គឺវាគ្រប់គ្រាន់ហើយងាយស្រួលទៀតផង»។
អ្នកស្រីងួនសុខាអគ្គនាយកធនាគារជាតិកម្ពុជាមានប្រសាសន៍ថា កម្ចីឥណទានពីធនាគារ និងវិស័យអចលនទ្រព្យធ្លាប់បានកើនឡើងយ៉ាងច្រើននៅមុនពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែនៅពេលមានវិបត្តិមកដល់វិស័យទាំងនេះក៏បានថមថយវិញ គឺវាទើបតែរីកចម្រើនវិញតែប៉ុណ្ណោះពេលនេះ។ អ្នកស្រីបន្តថា កំណើនផលិតផលសរុបនៅក្នុងស្រុកត្រូវរាជរដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថាបានកើនឡើង៧ភាគរយ រួមនឹងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាជាប្រទេសដែលមានប្រជាជនពេញវ័យច្រើនហើយនៅពេលនេះពួកគេភាគច្រើមានគូស្រករនិងត្រូវការផ្ទះស្នាក់នៅជាច្រើន។ហេតុនេះហើយទើបវិស័យអចលនទ្រព្យបន្តការកើនឡើងបែបនេះ។ កំណើននេះក៏បានជួយឲ្យបង្កើតការងារឲ្យប្រជាជនខ្មែរក៏ដូចជាជួយឲ្យក្រុមហ៊ុនវិនិយោគវិស័យអចលនទ្រព្យក្រុមហ៊ុនលក់សម្ភារសំណង់រីកចម្រើនផងដែរ ជាពិសេសវាបានជួយជំរុញធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។
លោកនៅ សីហា អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថានេះជាសញ្ញាល្អក្រោយពីមានវិបត្តិ ប៉ុន្តែវាមិនខ្លាំងក្លាដូចមុនពេលមានវិបត្តិនោះទេដែលពេលនោះគ្រប់វិស័យទាំងអស់នៅទ្រឹងមិនកម្រើកទាល់សោះ។ លោកបញ្ជាក់ថា ឥឡូវនេះវាចាប់ផ្តើមកើនម្តងបន្តិចៗជាសញ្ញាមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាប៉ុន្តែបើវាកើនយ៉ាងគំហុកដូចឆ្នាំ២០០៧-២០០៨ទើបយើងមានការបារម្ភទៅវិញ។
លោកបានបន្ថែមថា បើទោះបីជាវិស័យធនាគារនៅកម្ពុជាមានចំនួនច្រើនក៏ដោយក៏ការប្រតិបត្តិរបស់គេនៅមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ ព្រោះធនាគារខ្លះទាល់តែមានឯកសារពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លីទើបអាចខ្ចីបាន៕
ភ្នំពេញ ប៉ុស្តិ៍







