ភ្នំពេញ: ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជារយៈពេល១០ខែដើមឆ្នាំ២០១២នេះបានកើនឡើង៧៣,៣ភាគរយនេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីសប្តាហ៍មុន។
ទិន្នន័យបានបង្ហាញថាក្នុងរយៈពេល១០ខែឆ្នាំនេះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញលិខិតអនុញ្ញាតគម្រោងសាងសង់ចំនួន១៤៩៤គម្រោងស្មើនឹងផ្ទៃក្រឡាសាងសង់ចំនួន៥.៩១២.១៥៤ម៉ែត្រការ៉េ និងមានតម្លៃទុនវិនិយោគ១៩២៣,៤ លានដុល្លារបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១មានគម្រោងសាងសង់១៨៥០គម្រោងលើផ្ទៃក្រឡាសាងសង់ ៣.៦៤០.៤៩៧ម៉ែត្រការ៉េដោយមានតម្លៃទុនវិនិយោគ១.១០៩,៦លានដុល្លារអាមេរិក។
លោកឡៅទិព្វសីហាអគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា កំណើននេះដោយសារកំណើនសេដ្ឋកិច្ចស្ថិរភាពនយោបាយក្នុងប្រទេសល្អពិសេសប្រជាជនមានប្រាក់ចំណូលខ្ពស់ មានការអនុគ្រោះពីវិស័យឧស្សាហកម្មធនាគាររួមជាមួយនឹងការដាក់ទុនវិនិយោគថ្មីៗពីអ្នកវិនិយោគទុនបរទេសដែលបានរួមចំណែកជួយបង្កើតការងារយ៉ាងច្រើន។
លោកបញ្ជាក់ថា ៖«ទាំងអស់នេះជាសក្តានុពលដែលធ្វើឲ្យវិស័យសំណង់នៅកម្ពុជាបន្តកើនឡើងជាលំដាប់។ខ្ញុំគិតថានៅដំណាច់ឆ្នាំ២០១២នេះវិស័យសំណង់នឹងនៅតែដំណើរការល្អដដែលពីព្រោះកម្លាំងនៃការវិនិយោគមានកម្រិតខ្ពស់ស្របពេលដែលកម្រិតជីវភាពរបស់ប្រជាជនកាន់តែប្រសើរនិងតម្រូវការលំនៅដ្ឋានស្នាក់នៅមានកាន់តែច្រើន»។
លោកបន្តថា គម្រោងដែលបានមកសុំច្បាប់អនុញ្ញាតសាងសង់មានដូចជាប្រភេទសំណង់លំនៅដ្ឋាន សំណង់ឧស្សាហកម្មសំណង់អគារពាណិជ្ជកម្មសណ្ឋាគារធនាគារ អគារគ្រឹះស្ថានអប់រំ និងមន្ទីរពេទ្យជាដើម។
លោកបានប្រាប់ឲ្យដឹងទៀតថា កំណើននេះបាននិងកំពុងតែជួយជំរុញឲ្យកាន់តែមានការកើនឡើងបន្ថែមទៀតក្នុងវិស័យសេដ្ឋកិច្ចវិស័យកសិកម្មវិស័យឧស្សាហកម្មនិងវិស័យទេសចរណ៍៕
ភ្នំពេញ ប៉ុស្តិ៍






