ភ្នំពេញ: អចលនទ្រព្យនៅខណ្ឌសែនសុខកំពុងមានប្រជាប្រិយភាព និងសក្តានុពលខ្លាំង បន្ទាប់ពីការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពពាណិជ្ជកម្មកំពុងមានភាពរស់រវើក។
លោក ឌឹតចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ីបាននិយាយថា នៅពេលនេះខណ្ឌសែនសុខ ពិតជាមានសក្តានុពលខ្លាំងពិសេសសង្កាត់ភ្នំពេញថ្មីមានការរីកចម្រើនច្រើនជាងគេទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទឹកអគ្គិសនីសាកលវិទ្យាល័យ សាលាអន្តរជាតិភោជនីយដ្ឋានអគារខុនដូអាផាតមិនវីឡា ធនាគារនិងសំណង់ផ្ទះល្វែងជាបន្តបន្ទាប់ដែលជាហេតុធ្វើឲ្យសង្កាត់ភ្នំពេញថ្មី មានភាពទាក់ទាញមិនចាញ់តំបន់ទួលគោកប៉ុន្មានឡើយ។ លោកបានបន្តទៀតថាក្នុងឆ្នាំ២០១២នេះ តម្លៃដីធ្លីក្នុងខណ្ឌសែនសុខបានកើនឡើងចន្លោះ២០ទៅ៣០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១កន្លងមក។
លោកបានថ្លែងថា៖«តម្លៃដីធ្លីនៅតាមផ្លូវធំក្នុងខណ្ឌសែនសុខ មានតម្លៃចន្លោះពី៥០០ទៅ៦០០ដុល្លារក្នុង១ម៉ែត្រការ៉េហើយបើចូលក្នុងមានផ្លូវកៅស៊ូដីមានតម្លៃចន្លោះពី២០០ទៅ២៥០ដុល្លារក្នុង១ម៉ែត្រការ៉េ»។
លោក ខាត់សុវណ្ណនាយកក្រុមហ៊ុនCam Top Property Group បានសម្តែងសុទិដ្ឋិនិយមផងដែរចំពោះសក្តានុពលវិស័យអចលនទ្រព្យក្នុងខណ្ឌសែនសុខដោយលោកបាននិយាយថាខណ្ឌសែនសុខជាទីតាំងល្អដោយសារមានសំណង់ធំៗត្រូវបានគេសាងសង់នៅទីនោះព្រមជាមួយនឹងការផ្លាស់ប្តូរក្រសួងស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលទៅកាន់តំបន់នោះដែលធ្វើឲ្យសកម្មភាពទិញលក់អចលនទ្រព្យនៅតំបន់នោះមានកំណើនប្រមាណពី១០ទៅ១៥ភាគរយប៉ុន្តែតម្លៃដីធ្លីមិនកើនឡើងនោះទេ លើកលែងនៅតាមបណ្តោយផ្លូវធំៗ។
លោកបានអះអាងថា៖«សក្តានុពលចំពោះទឹកដីខណ្ឌសែនសុខគឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទឹក និងភ្លើងនៅទីនោះល្អជាងមុនហើយជាតំបន់អាចបង្កើតឧស្សាហកម្មធំៗងាយស្រួលដឹកជញ្ជូននិងការកើនឡើងនូវខុនដូនិងអាផាតមិនជាដើម»។
លោក ស៊ឹង ប៊ុណ្ណាអគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានទទួលស្គាល់ថា ខណ្ឌសែនសុខគឺជាខណ្ឌដែលមានវិសាលភាពធំនិងមានដីស្រែចម្ការប្រជាជនច្រើនប៉ុន្តែក្នុងចំណោមសង្កាត់ទាំងនោះមានតែសង្កាត់ភ្នំពេញថ្មីតែប៉ុណ្ណោះ ដែលមានការរីកចម្រើនជាងគេព្រោះនៅទីនោះមានសេវាកម្មចម្រុះជាច្រើន។
លោកប៊ុណ្ណា មានប្រសាសន៍ថា៖«សង្កាត់ភ្នំពេញថ្មីកំពុងមានការវិវឌ្ឍ និងមានសក្តានុពលភាពខ្លាំងដោយសារតែភាពប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។តម្លៃដីធ្លីនិងលំនៅដ្ឋាននៅក្នុងសង្កាត់ភ្នំពេញថ្មីមានតម្លៃចន្លោះពី២០០ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ»។លោកបានបន្តទៀតថា៖«មានជនជាតិបរទេសមកពីអឺរ៉ុបនិងអាស៊ីជាច្រើនបានទៅរស់នៅក្នុងអាផាតមិន និងខុនដូនៅតំបន់នោះជាហេតុធ្វើឲ្យតំបន់នោះកាន់តែមានភាពទាក់ទាញនាពេលបច្ចុប្បន្ននេះ»។
តែទោះបីជាយ៉ាងណាលោកប្រាប់ថានៅម្តុំពោធិ៍ចិនតុងនិងសង្កាត់មួយចំនួនទៀតក៏មានការរីកចម្រើនផងដែរប៉ុន្តែមិនអាចប្រៀបធៀបជាមួយសង្កាត់ភ្នំពេញថ្មីបានទេ៕
ភ្នំពេញ ប៉ុស្តិ៍






