ភ្នំពេញ:ប៉ុន្មានឆ្នាំចុងក្រោយនេះមាននិន្នាការថ្មីមួយនៅកម្ពុជាដោយគេបានប្រែក្លាយផ្ទះវីឡាទៅធ្វើជាBoutique Hotelព្រោះតម្រូវការសណ្ឋាគារខ្នាតតូចបែបនេះកំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់។
លោក ស៊ឹងប៊ុណ្ណាអគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបនិងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថាការជួលវីឡា និងប្រែក្លាយវីឡាទៅធ្វើជា BoutiqueHotelកំពុងតែមានការរីកចម្រើននៅកម្ពុជាព្រោះមានតម្រូវការកើនឡើងជាលំដាប់។លោកបានបន្តថាអ្នកជំនួញនិងអ្នកមានជីវភាពធូរធារមួយចំនួនពួកគេមិនចូលចិត្តស្នាក់នៅសណ្ឋាគារបែបពាណិជ្ជកម្មនោះទេ ដោយសារវាមានភាពអ៊ូអរនិងមិនសូវមានលក្ខណឯកជនផ្ទុយទៅវិញBoutique Hotelជាកន្លែងស្នាក់នៅមានភាពស្ងប់ស្ងាត់និងមានលក្ខណឯកជនដែលធ្វើឲ្យអ្នកស្នាក់នៅមានអារម្មណ៍ប្រៀបដូចជាផ្ទះរបស់ខ្លួន។
លោកបានថ្លែងថា៖«វប្បធម៌នេះបានហូរចូលមកកម្ពុជា នារយៈពេលបីឆ្នាំចុងក្រោយនេះហើយកំពុងមាននិន្នាការរីកចម្រើនដោយសារតម្រូវការមានការកើនឡើង»។ លោកបានប្រាប់ឲ្យដឹងទៀតថា៖«រហូតមកដល់ពេលនេះនៅរាជធានីភ្នំពេញមានសណ្ឋាគារ បែបនេះប្រហែល១៥កន្លែង ហើយភាគច្រើនប្រមូលម្តុំគ្នានៅក្នុងខណ្ឌចំការមននិងខណ្ឌដូនពេញ»។
សណ្ឋាគារបែបនេះមានរៀបចំសម្ភារ ឧបករណ៍ប្រើប្រាស់របៀបជាសណ្ឋាគារផ្កាយប្រាំហើយអាចមានតម្លៃជួលថ្លៃជាងសណ្ឋាគារធំៗមួយចំនួនទៀតផង។សណ្ឋាគារប្រភេទ Boutiqueនេះមានបន្ទប់ស្នាក់នៅតិចនិងមានភាពស្ងប់ស្ងាត់ងាយស្រួលធ្វើការជួបពិភាក្សាអំពីការធ្វើជំនួញផ្សេងៗ។
លោក ខាត់ សុវណ្ណនាយកគ្រប់គ្រងក្រុមហ៊ុនCam TopPropertyGroup បានសម្តែងការយល់ស្របនឹងការលើកឡើងខាងលើដោយលោកបាននិយាយថាតម្រូវការផ្ទះវីឡាដើម្បីប្រែក្លាយទៅជាBoutiqueHotelកំពុងមានកំណើនខ្ពស់ ដោយសារអាជីវកម្មបែបនេះកំពុងមានការរីកចម្រើន។តំបន់ដែលមានសណ្ឋាគារបែបនេះច្រើនមាននៅក្នុងសង្កាត់បឹងកេងកង ដូនពេញ និងទន្លេបាសាក់។លោកប្រាប់ទៀតថាបច្ចុប្បន្នម្ចាស់គ្រប់គ្រងសណ្ឋាគារបែបនេះមានជនបរទេសនិងខ្មែរប្រហាក់ប្រហែលគ្នាប៉ុន្តែកាលពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០ម្ចាស់សណ្ឋាគារបែបនេះភាគច្រើនជាជនបរទេស។
លោកមានប្រសាសន៍ថា៖«អ្នកស្នាក់នៅសណ្ឋាគារប្រភេទនេះភាគច្រើនជាអ្នកមានជីវភាពធូរធារអ្នកទេសចរជាលក្ខណៈគ្រួសារនិងអ្នកជំនួញដែលចូលចិត្តភាពស្ងប់ស្ងាត់ព្រោះសណ្ឋាគារបែបនេះអាចមានតម្លៃចាប់ពី៤០ដល់១៨០ដុល្លារក្នុងមួយយប់»។លោកបន្តថា៖«សណ្ឋគារបែបនេះមានបន្ទប់មិនច្រើនទេប៉ុន្តែមានទីតាំងល្អបរិយាកាសល្អមានអាងហែលទឹកមានសួនច្បារដែលជាទីមនោរម្យដល់ការស្នាក់នៅលំហែកាយ។
លោក សុវណ្ណបានប្រាប់ឲ្យដឹងទៀតថាបច្ចុប្បន្នមានតម្រូវការវីឡាសម្រាប់ធ្វើBoutique Hotel ច្រើនដោយសារចំនួនភ្ញៀវមានការកើនឡើង ប៉ុន្តែការរកវីឡាសម្រាប់ធ្វើសណ្ឋាគារបែបនេះបានជួបនឹងការលំបាកព្រោះគេត្រូវការរយៈពេលកុងត្រាយូរចាប់ពី១០ដល់១៥ឆ្នាំចំណែកវីឡាខ្លះមិនមានអំណោយផលសម្រាប់ធ្វើសណ្ឋាគារបែបនេះឡើយ។
លោក ឌឹតចណ្ណាប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ីបាននិយាយស្រដៀងគ្នានឹងការលើកឡើងខាងលើដែរប៉ុន្តែលោកបានបន្ថែមថា សណ្ឋាគារបែបនេះត្រូវបានគេតុបតែងឡើងជាលក្ខណៈធម្មជាតិមានដាំដើមឈើច្រើនមានអាងហែលទឹកមានបរិយាកាសស្ងប់ស្ងាត់និងមានរៀបចំបែបលក្ខណៈបុរាណអាចដែលផ្តល់នូវភាពពេញចិត្តដល់អ្នកស្រឡាញ់ធម្មជាតិនិងមានតម្លៃមិនខ្ពស់នោះទេ គឺអាចរកបានក្នុងតម្លៃចាប់ពី២០ទៅ៣០ដុល្លារក្នុងមួយយប់។ លោកបន្តថាសណ្ឋាគារបែបនេះកំពុងមាននិន្នាការរីកចម្រើននៅកម្ពុជាហេតុនេះអ្នកដែលមានផ្ទះនៅសង្កាត់បឹងកេងកង១ដែលមានចាប់ពី៧ទៅ១០បន្ទប់គួរចាប់អារម្មណ៍វិនិយោគបែបនេះជាការប្រសើរព្រោះវាជួយបង្កើនចំណូលសម្រាប់គ្រួសារ។
លោក ចណ្ណាបានបន្តទៀតថាលោកមិនមានតួលេខចំនួនសណ្ឋាគារបែបនេះនៅកម្ពុជាទេ ប៉ុន្តែអ្វីដែលលោកបានដឹងនោះគឺមានចំនួនច្រើនហើយនៅពេលនេះនិន្នាការបែបនេះក៏កំពុងកើនឡើងជាលំដាប់ដែរព្រោះមានតម្រូវការពីភ្ញៀវច្រើនហើយពេលនេះក៏មានអតិថិជនជាច្រើនកំពុងប្រាប់ឲ្យលោកជួយរកវីឡាឲ្យដើម្បីបើកសណ្ឋាគារបែបនេះជាបន្តបន្ទាប់ផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍







