សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ដី​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​មាន​កំណើន​ក្នុង​រង្វង់​១០​%



121122_02a
រង្វង់​មូល​ចោមចៅ ជា​ចំណុច​ផ្លូវ​បំបែក​រវាង​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ។ រូបថត ហុង មិនា

ភ្នំពេញ​: ផ្លូវ​ជាតិ​លេខ​៤​នៅ​ពេល​នេះ​នៅ​តែ​មាន​សក្តានុ​ពល​ខ្ពស់​បើ​ទោះ​ជា​រោងចក្រ​មួយ​ចំនួន​បាន​រើ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៣​ក៏​ដោយ ក៏​តម្លៃ​ដី​ធ្លី​នៅ​ផ្លូវ​ជាតិ​លេខ​៤​នៅ​តែ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​ដដែល។

លោក ប៉ូ អ៊ាវគង់ ប្រធាន​ផ្នែក​លក់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​អេស៊ា រៀល​អេស្ទេត បាន​និយាយ​ថា តម្លៃ​ដី​ធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​មាន​ភាព​ខុសៗ​គ្នា​អាស្រ័យ​លើ​ទំហំ​និង​ទីតាំង​។​បើ​គិត​ពី​រង្វង់​មូល​ចោមចៅ​ដល់​កន្លែង​បង់​ប្រាក់​រថយន្ត​ទី១​ដី​មាន​តម្លៃ​ចន្លោះ​ពី​១០០​ទៅ​៣០០​ដុល្លារ​ក្នុង១​ម៉ែត្រ​ការ៉េ​បើ​ដី​មាន​ទំហំ​ចាប់​ពី​៥០០០​ម៉ែត្រ​ការ៉េ​ឡើង​ទៅ ប៉ុន្តែ​ប្រសិន​បើ​ដី​ទំហំ​តូចៗ​សម្រាប់​សង់​វីឡា ឬ​ផ្ទះ​ល្វែង​មាន​តម្លៃ​ចន្លោះ​ពី​២០០​ដល់​៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​។ លោក​បាន​បន្ត​ថា​បើ​គិត​ពី​កន្លែង​បង់​ប្រាក់​រថយន្ត ដល់​ថ្នល់​ទទឹង​ដី​មាន​តម្លៃ​ចន្លោះ​ពី​៥០​ទៅ​៦០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​ហើយ​តម្លៃ​នេះ​នឹង​ធ្លាក់​ចុះ​ទៀត​ប្រសិន​បើ​ទៅ​កាន់​តែ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​។

លោក​អ៊ាវគង់ បាន​ថ្លែងថា​៖​«​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ឆ្នាំ​នេះ​មាន​កំណើន​ចន្លោះ​១០​ទៅ​១៥​ភាគរយ បើ​គិត​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ព្រោះ​ផ្លូវ​នេះ​នៅ​តែ​មាន​សក្តានុ​ពល​ជាង​ផ្លូវ​ជាតិ​លេខ​៣»​។​លោក​បន្ថែម​ថា៖ ​«​ផ្លូវ​នេះ​មាន​សក្តានុ​ពល​សំខាន់​ជា​ច្រើន​ដូច​ជា​មាន​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​ទេស​ចរណ៍​ច្រើន​ដែល​អាច​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​ដាក់​ស្លាក​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ពួក​គេ​បាន ជា​ផ្លូវ​មាន​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ និង​ការ​ដឹក​ជញ្ជូន​រស់​រវើក និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ល្អ​ទៀត​ផង​»។

តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក ប៉ូ​អ៊ាវគង់​បាន​បន្ត​ថា​បើ​ប្រមើល​មើល​ពី​អនាគត​ផ្លូវ​ជាតិ​លេខ៣​អាច​នឹង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ជា​មួយ​ផ្លូវ​ជាតិ​លេខ​៤​បាន ព្រោះ​នៅ​ពេល​អនាគត​ខេត្ត​កំពត​នឹង​មាន​ការ​កសាង​កំពង់​ផែ​សមុទ្រ​ខណៈ​ពេល​នេះ​ផ្លូវ​ជាតិ​លេខ៣​នៅ​មិន​ទាន់​មាន​សក្តានុពល​អាច​ប្រៀប​ជា​មួយ​ផ្លូវ​ជាតិ​លេខ​៤​បាន​ទេ​។

លោក ឌឹត ចណ្ណា​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​អចល​នទ្រព្យ​វី​អឹម​ស៊ី​បាន​និយាយ​ថា តម្លៃ​ដីធ្លី​ផ្លូវ​ជាតិ​លេខ​៤​មិន​មាន​កំណើន​ខ្ពស់​នោះ​ទេ​គឺ​កើន​ឡើង​ក្នុង​រង្វង់​ពី​៥​ទៅ​១០​ភាគរយ​តែ​ប៉ុណ្ណោះ​ព្រោះ​តម្លៃ​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ថ្លៃ​រួច​ទៅ​ហើយ​ម៉្យាង​ទៀត​ប្រជាជន​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ក៏​មិន​សូវ​ច្រើន​ដែរ ព្រោះ​រោង​ចក្រ​សហ​គ្រាស​នៅ​តំបន់​នេះ​កំពុង​ខ្វះ​កម្មករ​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​សូវ​មាន​ការ​បង្កើត​រោងចក្រ​ថ្មីៗ​ទេ ដែល​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន​បាន​ប្តូរ​ទីតាំង​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៣​វិញ ព្រោះ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​មាន​តម្លៃ​ថោក​និង​ងាយ​ស្រួល​រក​កម្មករ​ធ្វើ​ការ​ទៀត​ផង​។

លោក​បន្ត​ថា តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ មាន​តម្លៃ​ចន្លោះ​ពី​៣០​ដល់​១០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​បើ​យើង​គិត​ពី​រង្វង់​មូល​ចោមចៅ​រហូត​ដល់​កន្លែង​បង់​ប្រាក់​រថយន្ត​ប៉ុន្តែ​ចាប់​ពី​កន្លែង​បង់​ប្រាក់​រថយន្ត​ទៅ​មុខ​តម្លៃ​ដី​បាន​ធ្លាក់​ចុះ​ច្រើន​ដោយ​គេ​អាច​រក​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​១៥​ទៅ​២៥​ដុល្លារ​និង​មាន​តម្លៃ​ត្រឹម​៥​ទៅ​១០ដុល្លារ​ប្រសិន​បើ​យើង​ទៅ​កាន់​តែ​ឆ្ងាយ​។

លោក ស៊ឹង ប៊ុណ្ណា អគ្គ​នាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប​និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា បាន​យល់​ឃើញ​ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ​ដោយ​លោក​មាន​ប្រសាសន៍​ថា​តម្លៃ​ដី​ធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​ទេ​ចាប់​តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាកល​កន្លង​មក​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​សកម្ម​ភាព​ទិញ​លក់ មាន​ការ​កើន​ឡើង​ច្រើន​តែ​មិន​ទាន់​បាន​រុញ​ឲ្យ​តម្លៃ​ដីធ្លី​កើន​នៅ​ឡើយ​ទេ​។

លោក​ថ្លែង​ថា​៖​«​ផ្លូវ​នេះ​ជា​ច្រក​សេដ្ឋកិច្ច​ទាំង​វិស័យ​ទេស​ចរណ៍​ឧស្សាហ​កម្ម កសិកម្ម​និង​មាន​ការ​អភិវឌ្ឍ​ផ្នែក​រដ្ឋ​និង​ឯក​ជន​ហេតុ​នេះ​ផ្លូវ​នេះ​ពិត​ជា​មាន​សក្តា​នុពល​»​។

បើ​តាម​ការ​វាយ​តម្លៃ​របស់​លោក ប៊ុណ្ណា​បាន​ប្រាប់​ថា តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​បើ​គិត​ពីរ​ង្វង់​មូល​ចោម​ចៅ​ទៅ​ដល់​ផ្សារ​ជម្ពូវ័ន ដី​អាច​មាន​តម្លៃ​ចន្លោះ​ពី​១០០​ដល់​៣០០​ដុល្លារ​ហើយ​បើ​គិត​ពី​ផ្សារ​ជម្ពូវ័ន​ដល់​កន្លែង​បង់​ប្រាក់​រថយន្ត​ដី​មាន​តម្លៃ​ចន្លោះ​១០០​ដល់​១៥០​ដុល្លារ​និង​គិត​ពី​កន្លែង​បង់​ប្រាក់​រថយន្ត​ទៅ​មុខ​ទៀត​ដី​មាន​តម្លៃ​ចន្លោះ​១០​ទៅ​៥០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​៕