ក្រុងមេនឆេស្ទ័រ: ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City កំពុងតែមាននូវការលើកទឹកចិត្តមួយដើម្បីរក្សាក្តីសង្ឃឹមដ៏តូចក្នុងក្របខ័ណ្ឌ Champions League របស់ក្រុមខ្លួននៅតែនៅរស់ នៅពេលដែលពួកគេទទួលភ្ញៀវ Real Madrid នៅឯកីឡដ្ឋាន Etihad នៅក្នុងរាត្រីនេះ។
ក្រោយពីមិនទាន់ស្គាល់ជ័យជម្នះសូម្បីតែមួយលើកនៅឡើយក្នុងពូល D ក្រុម Man City កំពុងតែស្ថិតនៅបាតតារាងជាមួយនឹង២ពិន្ទុ ប៉ុន្តែការទទួលជ័យជម្នះនានាលើក្រុម Real Madrid និងនៅក្នុងការប្រកួតចុងក្រោយនៅក្រៅទឹកដីរបស់ពួកគេលើក្រុមលេខ១ក្នុងពូល Borussia Dortmund អាចនឹងជួយឲ្យពួកគេឈានទៅវគ្គ១៦ក្រុមចុងក្រោយ តាមរយៈការផ្អែកទៅលើលទ្ធផលផ្សេងៗ។
Aguero បាននិយាយប្រាប់នៅលើគេហទំព័ររបស់ Man City (www.mcfc.co.uk) ថា៖ «វាតែងតែពិសេសក្នុងការប្រកួតជាមួយនឹងក្លិបមួយដូចជា Real Madrid។ ជាលក្ខណៈបុគ្គល ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹង Atletico Madrid ផ្តល់នូវការលើកទឹកចិត្តបន្ថែម ប៉ុន្តែវាគ្មានអ្វីខុសប្លែកគ្នាក្នុងរបៀបដែលខ្ញុំចង់ទទួលជ័យជម្នះការប្រកួតនេះឡើយ»។
កីឡាកររូបនេះបានបន្តថា៖ «ការដែលមិនដែលធ្លាប់បានផ្តួលក្រុម Real Madrid សោះនៅពេលដែលខ្ញុំស្ថិតនៅជាមួយ Atletico គឺពិតជារឿងដ៏គួរឲ្យសោកស្តាយសម្រាប់ខ្ញុំ ដោយសារតែ Atletico មិនបានទទួលជោគជ័យក្នុងការផ្តួលពួកគេអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែខ្ញុំពិតជាបានស៊ុតបាល់បញ្ចូលទីនៅពេលជួបពួកគេ បើទោះបីយើងមិនដែលបានទទួលជ័យជម្នះក៏ដោយ»។
Aguero បានបន្ថែមទៀតថា៖ «ជារំពឹងទុក នៅរាត្រីថ្ងៃពុធ នឹងបំបែកកំណត់ត្រានោះសម្រាប់ខ្ញុំ»។
វាហាក់ដូចជាក្តីសង្ឃឹមដ៏ឆ្ងាយមួយ ប៉ុន្តែការទទួលជ័យជម្នះក្នុងលទ្ធផល ៥-០ លើទឹកដីខ្លួនឯងពេលប្រកួតជាមួយក្រុម Aston Villa កាលពីថ្ងៃសៅរ៍ នៅពេលដែលAguero បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់នោះ បានធ្វើឲ្យពួកគេឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
មិនតែប៉ុណ្ណោះជ័យជម្នះនេះ ក៏បានបង្កើនស្មារតីពួកគេផងដែរក្នុងការទទួលក្រុមរបស់លោក Jose Mourinho ដែលអាចនឹងឈានទៅវគ្គបន្ត ប្រសិនបើពួកគេធ្វើបានល្អប្រសើរជាងលទ្ធផលរបស់ Ajax ដែលត្រូវជួប Dortmund។
Man City បានទទួលជ័យជម្នះត្រឹមតែបីលើកប៉ុណ្ណោះក្នុងចំណោមការប្រកួតចំនួន១០លើករបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នេះ បើគិតចាប់តាំងពីមានសិទ្ធិចូលរួមប្រកួតកាលពីរដូវកាលមុន ហើយការបរាជ័យក្នុងការផ្តួលក្រុម Real Madrid នឹងធ្វើឲ្យពួកគេធ្លាក់ចេញត្រឹមការប្រកួតជម្រុះតាមពូលក្នុងរដូវកាលជាលើកទី២ជាប់ៗគ្នា៕ IS
ភ្នំពេញ ប៉ុស្តិ៍







