ក្រុងមុយនិចៈ ក្រុមហ៊ុនផលិតរថយន្តទំនើបៗ Daimler របស់អាល្លឺម៉ង់ បានទទួលសិទ្ធិគ្រប់គ្រងទាំងស្រុងលើក្រុម Mercedes ក្នុងការប្រណាំងរថយន្ត Formula One ក្រោយពីទិញភាគហ៊ុនចំនួន៤០ភាគរយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Aabar Investments នៃត្រកូលក្សត្រនៅ Abu Dhabi។
ការលូកដៃចូលទៅក្នុងការប្រណាំងរថយន្ត Formula One ធ្វើឲ្យស្លាកយីហោរថយន្តមួយដូចជា Mercedes អាចធ្វើការផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ដល់ទូរទស្សនិកជនទូទាំងពិភពលោក ក្រោយពីការប្រណាំងចំនួន២០លើក និងព្រមទាំងបានអនុញ្ញាតដល់ពួកគេឲ្យប្រើប្រាស់អ្នកបើកបរដើម្បីជួយធ្វើពាណិជ្ជកម្មលក់រថយន្តទៀងផង។
បច្ចុប្បន្នក្រុម Mercedes កំពុងតែឈរក្នុងចំណាត់ថ្នាក់លេខ៥លើតារាងពិន្ទុរួមនៃការប្រណាំងរថយន្ត Formula One ខណៈដែលនៅសល់ការប្រណាំងត្រឹមតែមួយលើកទៀតប៉ុណ្ណោះក្នុងរដូវកាលនេះ។
ក្រុមនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដើម្បីប្រកួតក្នុងកីឡានេះរហូតដល់ឆ្នាំ២០២០។
ពួកគេសង្ឃឹមថា នឹងធ្វើបានល្អប្រសើរនៅរដូវកាលក្រោយ ក្រោយពីផ្ទេរចូលអតីតម្ចាស់ជើងឯកពិភពលោក Lewis Hamilton ក្នុងកិច្ចសន្យារយៈពេលបីឆ្នាំដែលមានតម្លៃ៤៥លានផោន (ស្មើនឹង៧១,៣លានដុល្លារអាមេរិក)។
Hamilton ដែលបានទទួលជ័យជម្នះក្នុងការប្រណាំង US Grand Prix កាលពីថ្ងៃអាទិត្យនោះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏គួរឲ្យកត់សម្គាល់បំផុតក្នុងកីឡាករនេះ និងត្រូវបានចាត់ទុកថា ជាជំនួយដ៏សំខាន់ក្នុងការបន្ថែមភាពស្រស់បំព្រងដល់ស្លាកយីហោរបស់ Mercedes៕ IS
ភ្នំពេញ ប៉ុស្តិ៍







