ភ្នំពេញៈ កីឡាករវាយកូនបាល់មិនសូវល្បីរបស់ចិន Gao Wan បានបង្ហាញពីទម្រង់លេងយ៉ាងល្អបំផុតរបស់ខ្លួនក្នុងពេលផ្តួលកីឡាករឥណ្ឌា Jeevan Nedunchezhiyan ដែលមានលេខ១ប្រចាំព្រឹត្តិការណ៍ ក្នុងលទ្ធផល ៦-៣ និង៦-២ នៅក្នុងការប្រកួតជុំទី១នៃព្រឹត្តិការណ៍ ITF NagaWorld Futures Championship នៅឯមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកាលពីថ្ងៃម្សិលមិញ។
ក្នុងនាមជាកីឡាករមានភាពល្បីល្បាញជាងគេក្នុងព្រឹត្តិការណ៍ Pro Circuit សម្រាប់ការប្រកួតជាគូជាមួយនឹងបងប្អូនភ្លោះរបស់គេ Gao Peng កីឡាករសញ្ជាតិស្ថិតក្នុងលេខរៀង៩៨៤ប្រើដៃស្តាំរូបនេះ បានធ្វើឲ្យកីឡាករឥណ្ឌាដែលមានចំណាត់ថ្នាក់ទី៣៣០ មិនមានឱកាសវាយបកវិញឡើយ។
Jeevan បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «នៅត្រឹមពេលដែលខ្ញុំអាចបង្ហាញខ្លួនជាមួយនឹងផែនការនៃការប្រកួតដើម្បីប្រកួតជាមួយនឹងភាពខ្លាំងក្លារបស់គេ រូបគេបានត្រៀមលក្ខណៈរួចជាស្រេចទុកជាមុន។ គេពិតជាខ្លាំងក្លា និងលេងបានយ៉ាងល្អ»។
ចំណែកកីឡាករ Gao បាននិយាយថា រូបគេមានអារម្មណ៍ «ល្អណាស់» ទៅលើការប្រកួតរបស់ខ្លួននៅថ្ងៃនោះ។ រូបគេបានឲ្យដឹងថា៖ «ខ្ញុំបានគិតថា គូប្រជែងរបស់ខ្ញុំបានចាប់ផ្តើមយឺតបន្តិច ហើយខ្ញុំអាចធ្វើការគ្រប់គ្រងយ៉ាងរហ័ស។ ពិតណាស់ ខ្ញុំមានភាពជោគជ័យធំៗមួយចំនួនក្នុងរយៈពេល៤ឆ្នាំនៃជីវិតអាជីពរបស់ខ្ញុំ ប៉ុន្តែចំណាត់ថ្នាក់របស់គេស្ថិតក្នុងចំណោមកីឡាករឆ្នើមៗផ្នែកឯកត្តជន»។
ជាមួយគ្នានេះ ក្តីសង្ឃឹមចុងក្រោយរបស់កម្ពុជាលើការប្រកួតឯកត្តជន បានត្រឡប់ទៅជាការខកចិត្តកាលពីថ្ងៃព្រឹកម្សិលមិញ ក្រោយពី ម៉ម បញ្ញារ៉ា បានទទួលបរាជ័យក្រោមស្នាដៃរបស់កីឡាករលេខ៦ប្រចាំព្រឹត្តិការណ៍ Maximilian Neuchrist សញ្ជាតិអូទ្រីស ក្នុងលទ្ធផល ៦-៤ និង៧-៥។
លោក ទេព រិទ្ធីវិត អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (TFC) បានមានប្រសាសន៍ថា៖ «ទម្រង់លេងរបស់បញ្ញារ៉ា គឺមានភាពខ្លាំងគួរឲ្យកត់សម្គាល់ក្នុងចំណោមកីឡាកររបស់កម្ពុជាទាំងបីរូប។ គេបានលេងដោយទឹកចិត្ត។ គេបានខ្វះនូវភាពមុតស្រួចក្នុងការប្រកួតបន្តិចបើគិតចាប់តាំងពីគេមិនធ្លាប់បានប្រកួតកីឡាវាយកូនបាល់ក្រោយពីយុទ្ធនាការ Davis Cup ក្នុងទីក្រុងដូហា»។
ការទទួលជ័យជម្នះដ៏មានប្រជាប្រិយភាពបំផុតប្រចាំថ្ងៃបានធ្លាក់ទៅលើកីឡាករវាយកូនបាល់ជើងចាស់ជប៉ុន Katsushi Fukuda។
ស្ថិតក្នុងវ័យ៣៦ឆ្នាំ គេគឺជាកីឡាករចាស់ជាងគេបំផុតក្នុងវគ្គចាប់ឆ្នោតនេះ ហើយរូបគេបានផ្តួលកីឡាករ Sarvar Ikramov របស់អ៊ូសបេគីស្ថាន ដែលមានលេខ៧ប្រចាំព្រឹត្តិការណ៍ ក្នុងលទ្ធផល ៦-៣ និង៦-៣។
ខណៈដែលត្រូវបានផ្តល់នូវសំឡេងគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ជប៉ុននៅក្បែរទីលាននោះ Fukuda ដែលបានចំណាយពេលក្នុង Pro Circuit សម្រាប់រយៈពេលស្ទើរតែ១៥ឆ្នាំនោះ មិនដែលជួបបញ្ហាឡើយ និងបានធ្វើការគ្រប់គ្រងលើល្បឿននៃការវាយបកបានយ៉ាងល្អ។
Fukuda បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ TFC សម្រាប់ការផ្តល់ឲ្យរូបខ្ញុំនូវលិខិតអនុញ្ញាត ហើយខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិអភិវឌ្ឍន៍អាស៊ី (Asian Development Fund) និងលោកប្រធាន President Mitsuji Konoshita សម្រាប់ការឧបត្ថម្ភដល់ខ្ញុំរាល់ឆ្នាំទាំងអស់»៕ IS
ភ្នំពេញ ប៉ុស្តិ៍








