ភ្នំពេញៈ កីឡាករ-ការិនី១៥នាក់ ក្នុងប្រភេទកីឡាអាទិភាពចំនួន៥ កំពុងហ្វឹកហាត់បន្ថែមនៅតាមសហព័ន្ធរៀងៗខ្លួន ដើម្បីត្រៀមលក្ខណៈក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់សាកលវិទ្យាល័យអាស៊ាន លើកទី១៦ ដែលនឹងរៀបចំឡើងនៅប្រទេសឡាវ។
ការប្រកួតនឹងដំណើរការចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែធ្នូ ខាងមុខដោយមានការចូលរួមពីប្រទេស១១ក្នុងតំបន់រួមមានកម្ពុជា វៀតណាម ឡាវ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ ហ្វីលីពីន មីយ៉ាន់ម៉ា និងទីម័រខាងកើត។ វិញ្ញាសាដែលត្រូវបានកំណត់ដោយម្ចាស់ផ្ទះរួមមាន អត្តពលកម្ម វាយសី បាល់បោះ បាល់ទះ បាល់ទាត់ ការ៉ាតេដូ សីប៉ាក់តាក្រ ហែលទឹក តេក្វាន់ដូ យូដូ វាយកូនឃ្លីលើតុ វាយកូនបាល់ ប៉េតង់ បញ្ចសីលា បាញ់ធ្នូ វូស៊ូ និងមួយ (ប្រដាល់)។
កម្ពុជាបានសម្រេចបញ្ចូលកីឡាករ-ការិនីចំនួន១៥នាក់ឲ្យចូលរួមប្រកួត ក្នុងនោះកីឡាប៉េតង់មាន៥នាក់ តេក្វាន់ដូ៣នាក់ យូដូ២នាក់ អត្តពលកម្ម ២នាក់ និងវាយកូនបាល់ចំនួន៣នាក់ ហើយនេះជាលើកទី៤ហើយ ដែលកម្ពុជាបានចូលរួមនៅក្នុងការប្រកួតនេះ ខណៈការចូលរួមបីលើកកន្លងមក កម្ពុជាដណ្តើមបានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ២។
លោកព្រំ ប៊ុណ្ណយី អគ្គនាយករងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡានិស្សិត បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញថា៖«ចំនួននេះនឹងមិនមានការផ្លាស់ប្តូរទៀតនោះទេ។ យើងស្នើសុំដល់សហព័ន្ធនីមួយៗ បន្តឲ្យជួយយកចិត្តទុកដាក់បង្ហាត់ដល់កីឡាករ-ការិនីបន្ថែមទៀត ដើម្បីពួកគេត្រៀមខ្លួនឲ្យបានល្អមុនការប្រកួតហើយនេះជាសកម្មភាពដើម្បីជំរុញឲ្យវិស័យកីឡារបស់យើងបោះជំហានទៅមុខបន្តិចម្តងៗ»។
សមាសភាព ដែលគ្រោងបញ្ជូនទៅប្រកួតនៅក្នុងការប្រកួតលើកនេះ កីឡាតេក្វាន់ដូ មានកីឡាការិនី ឈឿង ពុទ្ធារីម ស៊ន សៀវម៉ី និងកីឡាករ រិន ប៊ុនហួត កីឡាអត្តពលកម្ម មានកីឡាការិនី ចាន់ សីហា និង កីឡាករ ម៉ា វីរ៉ូ រីឯកីឡាយូដូ មានកីឡាករ ជឹម កែវ និង កីឡាការិនី សំ សុភា ខណៈកីឡាប៉េតង់មានកីឡាករ ឯក ណារ័ត្ន ម៉ី សុភ័ក្ត្រ កីឡាការិនី ដួង ឌីណា ឈិន ស្រីពេជ្រ និងម៉ៃ រតនា ប៉ុន្តែសម្រាប់កីឡាវាយកូនបាល់មានការផ្លាស់ប្តូរសមាសភាពកីឡាករ ប៊ុន កេននី និង ម៉ម បញ្ញារ៉ា ហើយជំនួសវិញដោយ ឡុង សំនៀង និង ឡុង ជំនិត ហើយ អន សម្បត្តិ រក្សាទុកនៅដដែល។
លោក ព្រំ ប៊ុណ្ណយី បានធ្វើការវាយតម្លៃទៅលើសមត្ថភាពក្រុមកីឡារបស់លោកថា៖«យើងមិនហ៊ាននិយាយដល់ថ្នាក់ថា ក្រុមកីឡាករ-ការិនីរបស់យើង មានអាទិភាពខ្ពស់ក្នុងការដណ្តើមយកមេដាយនោះទេ ប៉ុន្តែអ្នកដែលយើងនឹងបញ្ជូនទៅក៏មានសមត្ថភាពល្អដែរ។ ជាក់ស្តែងដូចជាកីឡាប៉េតង់ តេក្វាន់ យូដូ និងវាយកូនបាល់សុទ្ធតែធ្លាប់មានស្នាដៃ ដណ្តើមបានមេដាយនៅលើឆាកអន្តរជាតិ ហេតុនេះខ្ញុំសង្ឃឹមថា ការចេញទៅប្រកួតលើកនេះ នឹងទទួលបានលទ្ធផលល្អវិលត្រឡប់មកវិញ»។
លោកបានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមនេះថា៖«យើងជាសមាជិកអាស៊ាន ហើយសព្វថ្ងៃនេះអាស៊ានតែងតែធ្វើសមាហរណកម្មស្ទើរគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ ព្រោះអាស៊ានចង់ពង្រឹងវិស័យកីឡាឲ្យមានការរីកចម្រើននៅទូទាំងក្នុងតំបន់របស់ខ្លួន។ ជាពិសេសទៀតនោះអាស៊ានបានផ្តោតក្តីសង្ឃឹមមួយយ៉ាងសំខាន់ថា ប្រទេសណាមួយនៅក្នុងតំបន់របស់ខ្លួន នឹងអាចមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកនាឆ្នាំ២០៣០ខាងមុខ»៕
ភ្នំពេញ ប៉ុស្តិ៍







