ភ្នំពេញៈ មណ្ឌលកីឡាហែលទឹកស្តង់ដារអន្តរជាតិស្ថិតនៅក្នុងខេត្តកំពង់ចាមក្រោមការផ្តួចផ្តើមរបស់លោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីនិងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តនិងលោកថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងគ្រោងដំណើរការសាងសង់នាដើមខែធ្នូខាងមុខនេះ។
លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម ជាអ្នកដែលបានឯកភាពនិងសហការក្នុងការស្វែងរកទីតាំងសាងសង់។
លោកហែមថុនអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តបានមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថាគម្រោងនេះបានទទួលនូវការអនុញ្ញាតយល់ព្រមពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីខែតុលាឆ្នាំ២០១២។
លោកបានបន្តថា៖ «តាមគម្រោងដំបូងយើងចង់សាងសង់លើទីតាំងចាស់នាសម័យសង្គមរាស្ត្រនិយម ដែលបច្ចុប្បន្ន ជាទីតាំងរបស់មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម។ យើងគ្រោងចំណាយអស់ប្រមាណ៦០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែនាការសម្រេចជាលើកចុងក្រោយ យើងនឹងសាងសង់ក្នុងទីលានកីឡាបាល់ទាត់ខេត្តវិញ ដោយមានបន្ថែមនូវវេទិកា កន្លែងកម្តៅសាច់ដុំ និងអាងលោតទំហំ២៥គុណ២៥ម៉ែត្រ។ ដូច្នេះទឹកប្រាក់ដែលត្រូវចំណាយគឺមានកើនរហូតដល់ជិតមួយលានដុល្លារអាមេរិក»។
បច្ចុប្បន្នប្លង់នៃអាងហែលទឹកដែលមានទំហំធំខ្នាតអន្តរជាតិមួយនេះកំពុងស្ថិតក្នុងដំណើរការរចនាដោយអ្នកជំនាញ។
មូលហេតុសំខាន់ៗចម្បងដែលសហព័ន្ធសម្រេចសាងសង់អាងហែលទឹកនៅខេត្តកំពង់ចាមនោះគឺដោយសារតែតាំងពីទសវត្សរ៍១៩៦០កីឡាករល្អៗសឹងតែ៩៥ភាគរយមានប្រភពមកចេញពីទឹកដីខេត្តកំពង់ចាមដែលមានបឹងមានទន្លេហើយក្មេងៗចេះហែលទឹកតាំងពីតូច។
លោកស៊ុនចាន់ថុលដែលជាអ្នកស្វែងរកថវិកាមកធ្វើកិច្ចការនេះបានមានប្រសាសន៍ប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីសប្តាហ៍មុនថា នៅឆ្នាំ២០១៣ យើងនឹងមានអាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តកំពង់ចាម។
ទោះបីជាយ៉ាងណា លោកមិនហ៊ានបញ្ជាក់ឲ្យដឹងពីការចំណាយពិតប្រាកដនោះឡើយពីព្រោះត្រូវឆ្លងកាត់ការដេញថ្លៃត្រឹមត្រូវនិងស្វែងរកដៃគូឧបត្ថម្ភ សហការ និងសប្បុរសជននានា។
អ្នកជំនាញម្នាក់ប្រាប់ឲ្យដឹងថាចំពោះការសាងសង់ដែលមានសក្តានុពលគ្រប់គ្រាន់អាចស៊ីពេលប្រហែល៨ខែ។
បច្ចុប្បន្ន សហព័ន្ធមានអាងហែលទឹកនៅពហុកីឡដ្ឋានជាតិតែមួយគត់ដែលអាចប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗដោយត្រូវជួលពីក្រុមហ៊ុនវិនិយោគឯកជន(ក្រុមហ៊ុនវិនិយោគស្តាតនេះតាមការអះអាងពីលោកហែមថុន) នៅពេលដែលសហព័ន្ធត្រូវការប្រើប្រាស់។
តាំងពីសម័យសង្គមរាស្ត្រនិយមកម្ពុជាមានអាងហែលទឹកចំនួន៦កន្លែងដូចជាអាងនៅវត្តភ្នំ(បច្ចុប្បន្នទូតអាមេរិក)អាងហែលទឹកនៅខេត្តបាត់ដំបងអាងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអាងនៅស្តាតចាស់និងអាងមួយចំនួនទៀតត្រូវបាត់បង់និងទុកចោលមិនប្រើប្រាស់ឬប្រើប្រាស់ជាទីតាំងផ្សេងៗ។
លោកវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា៖«វាជាការល្អណាស់ដែលមានថ្នាក់ដឹកនាំជួយគិតគូពីហេដ្ឋារចនាសម្ព័ន្ធកីឡានៅកម្ពុជា»។
លោកស៊ុនចាន់ថុល ជាអតីតកីឡាហែលទឹកម្នាក់ហើយបច្ចុប្បន្នលោកនៅតែចូលរួមក្នុងសកម្មភាពកីឡាដោយលោកតែងតែមានវត្តមានក្នុងការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុង៕
ភ្នំពេញ ប៉ុស្តិ៍







