ភ្នំពេញៈព្រឹត្តិការណ៍ប្រកួតប្រណាំងកង់អន្តរជាតិអង្គរលើកទី៧ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយអង្គការភូមិគោលដៅ (Village Focus)នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ ពោលគឺមួយថ្ងៃមុនការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ។
នេះជាព្រឹត្តិការណ៍មួយដែលមានលក្ខណៈបើកទូលាយទាំងកីឡាករអាជីពទាំងមិនអាជីពទាំងខ្មែរទាំងជនបរទេស។ មកទល់ពេលនេះក្រៅពីអ្នកចូលរួមដែលជាជនជាតិកម្ពុជាគេសង្កេតឃើញថាមានអ្នកជិះកង់ទាំងអាជីព ទាំងមិនអាជីពមកពីប្រទេសអង់គ្លេស បារាំង អេស្ប៉ាញ អាមេរិកបានដាក់ពាក្យចូលរួមប្រកួតច្រើនជាងគេ ។
គិតត្រឹមថ្ងៃនេះមានកីឡាករបរទេស៤០០នាក់ដែលមកពីជាង៣០ប្រទេសនិង កីឡាករខ្មែរ១០០នាក់បានដាក់ពាក្យចូលរួមប្រកួត។
វិញ្ញាសាចំនួន៣ ត្រូវបានដាក់ឲ្យប្រកួតគឺ ចម្ងាយ១០គីឡូម៉ែត្របុរស-នារី ៣០គីឡូម៉ែត្របុរស-នារី និងចម្ងាយ១៧ គីឡូម៉ែត្រ បុរស-នារី ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការ NOCC បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថាព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅស្វែងរកមូលនិធិសម្រាប់ជួយដល់សកម្មភាពមនុស្សធម៌ និង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា។ វាជាការប្រណាំងមួយដែលមានលក្ខណៈជាការកម្សាន្តសប្បាយច្រើនជាងការប្រជែងគ្នាដើម្បីយកចំណាត់ថ្នាក់ ។
លោកបន្ត ថា ការប្រកួតគោរពតាមគោលការណ៍បី គឺបច្ចេកទេស ការរក្សាសុវត្ថិភាព និង សាមគ្គីភាព ។
លោកថោងខុនប្រធានNOCCនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកនុត សាអានប្រធានសហព័ន្ធកីឡាប្រណាំងកង់កម្ពុជានិងលោកស៊ូ ភិរិន្ទអភិបាលខេត្តសៀមរាបគឺជាអ្នកបាញ់កាំភ្លើងសម្រាប់ការចេញដំណើរនៃការប្រកួតទាំង៣ វិញ្ញាសានេះ ។
អ្នកស្រី ហង្ស ពិផលប្រធានអង្គការភូមិគោលដៅបានអះអាងថាថវិកាដែលបានមកពីព្រឹត្តិការណ៍នេះសម្រាប់ជួយដល់កុមារកំព្រា កុមារក្រីក្រ កុមារដែលស្ថិតនៅក្នុងពន្ធនាគារជាមួយម្ដាយតាមរយៈការផ្ដល់ឲ្យពួកគេនូវអាហារូបត្ថម្ភ និង ការសិក្សា ។
លោកវ៉ាន់ ថនអគ្គលេខាធិការសហព័ន្ធកីឡាប្រណាំងកង់កម្ពុជាបានបញ្ជាក់ថាសម្រាប់កង់គួកដែលចូលប្រកួតក្នុងព្រឹត្តិការណ៍នេះត្រូវមានវិជ្ឈមាត្រពី ៥៥ ទៅ៧០សង់ទីម៉ែត្រ៕
ភ្នំពេញ ប៉ុស្តិ៍







