Headlines:

អគារ​ហ្វឹក​ហាត់​ក្បាច់​គុន​ក្នុង​បរិវេណ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​នៅ​ស្រុក​កៀន​ស្វាយ​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​



121122_26a
លោក Ikuo Konno (កាត់​ខ្សែបូ) លោក ឯម សំអាន និង​លោក ម៉ា ឈឿន នា​ពិធី​សម្ពោធ​។ ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញៈ អគារ​ហ្វឹក​ហាត់​ក្បាច់​គុន មួយ​កន្លែង​ដែល​បាន​កសាង​នៅ​ក្នុង​បរិវេណ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។

អគារ​ដែល​បាន​ចំណាយ​ទឹក​ប្រាក់​កសាង​សរុប ៧៩៥៣១​ដុល្លារ​អាមេរិក​មួយ​នេះ គឺ​មាន​ការ​ផ្តួច​ផ្តើម​គំនិត​ពី​លោក​នាយ​ឧត្តម​សេនីយ៍ ម៉ា ឈឿន ប្រធាន​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​លោក Ikuo Konno អនុ​ប្រធានទី​២​នៃ​ក្រុម​ហ៊ុន KHR & AAP International Corporate, LTD ដោយ​លោក​បាន​ចំណាយ​ថវិកា​៤៦០៨៥​ដុល្លារ បន្ថែម​ទៅ​លើ​ទឹក​ប្រាក់​មួយ​ចំនួន​ទៀត ដែល​ទទួល​បាន​ពី​អង្គភាព​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា សប្បុរស​ជន និង​ស្នង​ការ​នគរបាល​នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត។

អគារ​នេះគឺ​សង់​អំពី​បេតុង ដំបូង​ប្រក់​ក្បឿង​ស័ង្កសី មាន​ទំហំ​(៤០m x ២០m)​+​(១៥m x ៣m) មាន​ផ្ទៃ​ក្រឡា​៨៤៥​ម៉ែត្រ​ការ៉េ ក្នុង​នោះ​៨០០​ម៉ែត្រ​ការ៉េ ជា​កន្លែង​សម្រាប់​ហ្វឹក​ហាត់ ៤៥​ម៉ែត្រ​ការ៉េ ជា​ឃ្លាំង​ដាក់​សម្ភារ និង​បន្ទប់​អនាម័យ ហើយ​ទីតាំង​នេះ នឹង​ក្លាយ​ជា​កន្លែង​ហ្វឹក​ហាត់​របស់​កីឡាករ-ការិនី​ជា​មន្រ្តី​នគរ​បាល​ជាង​៦០០​នាក់ ក្រោម​ការ​បង្វឹក​ពី​គ្រូ​បង្វឹក​ជាង​២០​នាក់​នៅ​ទី​នេះ។

នៅ​ក្នុង​ពិធី​បើក​សម្ពោធ កាល​ពី​ម្សិល​មិញ​នេះ គឺ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក ឯម សំអាន រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ស ខេង រួម​ជា​មួយ​ម្ចាស់​ឧបត្ថម្ភ និង​ក្រុម​មន្រ្តី​នគរ​បាល​រាប់​រយ​នាក់ ផ្សេង​ទៀត ហើយ​នៅ​ក្នុង​កម្ម​វិធី​នេះ​ក៏​មាន​ការ​សម្តែង​ក្បាច់​គុន​ការ៉េ​តេដូ​ផង​ដែរ មុន​ពេល​បំពាក់​គ្រឿង​ឥស្សរិយ​យស ដល់​ម្ចាស់​ឧបត្ថម្ភ និង​គ្រូ​បង្វឹក ដែល​ទើប​បញ្ចប់​វគ្គ​សិក្សា​ក្បាច់​គុន​ការ៉ាតេដូ​នៅ​ទី​នោះ។

លោក ឯម សំអាន បាន​មាន​ប្រសាសន៍​ថា​៖​«​ខ្ញុំ​សូម​កោត​សរសើរ​ដល់​នាយ​ឧត្តម​សេនីយ៍ ម៉ា ឈឿន ប្រធាន​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា និង​អ្នក​ឧបត្ថម្ភ​ទាំង​អស់ ដែល​បាន​បង្កើត​នៅ​អគារ​ហ្វឹក​ហាត់​ក្បាច់​គុន​នេះ​ឡើង ព្រោះ​វា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ហ្វឹក​ហាត់ ពង្រឹង​កាយ​សម្បទា​មន្រ្តី​នគរ​បាល ក៏​ដូច​ជា​ការ​ហ្វឹក​ហាត់​នូវ​យុទ្ធ​វិធី​បុគ្គល​បម្រើ​ឲ្យ​កិច្ច​ប្រតិ​បត្តិការ ថែ​រក្សា​សន្តិភាព សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជាជន»។

រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ បាន​ថ្លែង​សង្កត់​ធ្ងន់​ថា​៖​«ការ​ហ្វឹក​ហាត់​ក្បាច់​គុន វា​មិន​ត្រឹម​តែ​ជា​ការ​ពង្រឹង​ដល់​កាយ​សម្បទា​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​មន្រ្តី​នគរ​បាល​របស់​យើង ទទួល​បាន​នូវ​ប្រាជ្ញា ស្មារតី​ថ្មីៗ​មួយ​ចំនួន​បន្ថែម​ទៀត ព្រម​ទាំង​ជំរុញ​ឲ្យ​ពួក​គេ​មាន​ការ​តស៊ូ​ក្នុង​ឆាក​ជីវិត​ពិត​ប្រាកដ​មួយ ហើយ​កម្លាំង​រួម​ដ៏​រឹង​មាំ​នេះ នឹង​ក្លាយ​ជា​ចលនា​ដ៏​សំខាន់​បំផុត ក្នុង​ការ​រួម​ចំណែក​ការ​ពារ​ប្រទេស​ជាតិ​របស់​យើង»។

លោក Ikuo Konno បាន​លើក​ឡើង​ថា​៖​«​កម្ពុជា​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​ល្អ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ហេតុ​នេះ​យើង​ចង់​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ប្រាកដ​ថា ពួក​គេ​អាច​មក​ទស្សនា​នៅ​លើ​ទឹក​ដី​មួយ​នេះ​ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​ភាព​ជឿ​ជាក់ ហើយ​ប៉ូលិស​ជា​កម្លាំង​ការ​ពារ​ដ៏​រឹង​មាំ ដែល​អ្នក​ទាំង​នោះ​សង្ឃឹម​ថា នឹង​អាច​ផ្តល់​សេចក្តី​សុខ​ដល់​ពួក​គេ»។

លោក​បាន​បញ្ជាក់​ថា​៖​«នេះ​ជា​មូល​ហេតុ ដែល​យើង​ចូល​រួម​បង្កើត​ឲ្យ​មាន​អគារ​ហ្វឹក​ហាត់​ក្បាច់​គុន​មួយ​នេះ​ឡើង ព្រោះ​ទី​នេះ​នឹង​ផ្តល់​ជា​ទី​កន្លែង​សម្រាប់​ឲ្យ​ក្រុម​មន្រ្តី​នគរ​បាល​ធ្វើ​ការ​សិក្សា​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង ហើយនៅ​ថ្ងៃ​អនាគត​បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​របស់​យើង ទទួល​បាន​ប្រាក់​ចំណេញ​បន្តិច​បន្តួច​ក្តី ប៉ុន្តែ​យើង​នៅ​តែ​ចូល​រួម​ជួយ​ដល់​កម្ពុជា​ជា​និរន្តរ៍​ទៅ»៕