ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំង ពេជ្រ សីហា និង ឡៅ ស៊ីណាត នឹងត្រូវឡើងបំពេញតួនាទីដ៏សំខាន់មួយ ដោយពួកគេត្រូវបានផ្គូផ្គងឲ្យជួបអ្នកប្រដាល់បរទេស សម្រាប់ការប្រកួតអន្តរជាតិ នៅសង្វៀនប៉ុស្តិ៍លេខ៣ នាល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍នេះដោយ សីហា ត្រូវប្រឈមមុខជាមួយកីឡាករប្រេស៊ីល ខណៈ ឡៅ ស៊ីណាត ប៉ះអ្នកប្រយុទ្ធមិនធ្លាប់ស្គាល់មកពីថៃ។
អ្នកលេងកណ្តាប់ដៃ ពេជ្រ សីហា និងអ្នកលេងស្នៀតចម្រុះ ឡៅ ស៊ីណាត ត្រូវបានគេចាត់ទុកថា ជាកីឡាករជើងខ្លាំងនៅក្នុងស្រុក និងមានបទពិសោធប្រកួតយ៉ាងក្រាស់ក្រែលនៅលើសង្វៀន ហើយពួកគេក៏ធ្លាប់បានឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសស្ទើររាប់ភ្លេចទៅមកហើយដែរ រីឯលទ្ធផលដែលទទួលបានគឺអ្នកទាំងពីរ ឈ្នះ៩៥ភាគរយ ប៉ុន្តែចំពោះការត្រៀមឡើងប្រកួតលើកនេះអ្នកទាំង២ បានបង្ហាញនូវផលលំបាករៀងៗខ្លួន។
អ្នកប្រដាល់ជនជាតិថៃ San Chainoiy ដែលត្រូវជួប ឡៅ ស៊ីណាត មិនធ្លាប់បង្ហាញខ្លួននៅលើទឹកដីកម្ពុជាឡើយ ប៉ុន្តែសមត្ថភាពរបស់គេត្រូវបានអ្នករៀបចំកម្មវិធីប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៣ បានបង្ហើបឲ្យដឹងថា គេជាកីឡាករជើងខ្លាំងវ័យក្មេងម្នាក់របស់ថៃ ដែលធ្លាប់ទទួលបានជើងឯករង នាការប្រកួតក្បាច់មួយថៃ ហើយនៅក្នុងរូបភាពដែលគេបានបញ្ជូនមក គឺរូបគេមានខ្សែក្រវាត់នៅជាប់នឹងដៃទៀតផង។
ទាក់ទងទៅនឹងបញ្ហានេះ សិស្សគុនក្លិបកងទ័ពពិសេសឆត្រយោង៩១១ ស៊ីណាត និយាយប្រាប់កាលពីម្សិលមិញនេះថា៖«ការពិបាក វាមិនអត់នោះទេ ព្រោះគូប្រកួតដែលខ្ញុំត្រូវជួបលើកនេះ ខ្ញុំមិនធ្លាប់ស្គាល់គេនោះទេ ហើយក៏មិនដឹងថាគេមានល្បិចប្រកួតបែបណានោះដែរ ហើយឮថាគឺគេជាជើងខ្លាំង»។
តែទោះបីជាយ៉ាងណា អ្នកប្រដាល់ប្រកបដោយភាពវៃឆ្លាតម្នាក់នេះ បានបញ្ជាក់ថា៖«ខ្ញុំត្រៀមខ្លួនបានល្អហើយ ហើយខ្ញុំក៏មានបទពិសោធច្រើនណាស់ដែរនៅក្នុងការប្រកួតជាមួយកីឡាករបរទេស ហេតុនេះបើទោះបីជាគេពូកែ និងមានស្នៀតប្រយុទ្ធខ្លាំងបែបណា ក៏ខ្ញុំមានវិធីសាស្រ្តទប់ស្កាត់ និងអាចធ្វើការវាយបកទៅលើគេវិញបានដែរ ប៉ុន្តែមុនការប្រកួតឈានមកដល់ខ្ញុំបង្ហាញទំនុកចិត្តលើខ្លួនឯងត្រឹម៦០ភាគរយបានហើយ»។
រីឯអ្នកលេងកណ្តាប់ដៃ ពេជ្រ សីហា ដែលទើបបានយកឈ្នះកីឡាករថៃ Dana Thang នាការប្រកួតអន្តរជាតិប្រចាំខែរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កន្លងមកនេះ បានបញ្ជាក់ពីផលលំបាករបស់ខ្លួនចំពោះជំនួបជាមួយកីឡាករប្រេស៊ីល Gustavo ថា៖«បើនិយាយពីការហាត់ត្រៀម គឺខ្ញុំខំហាត់ខ្លាំងណាស់ប៉ុន្តែបញ្ហាសំខាន់ត្រង់ របួសចាស់នៅលើកណ្តាប់ដៃខាងស្តាំរបស់ខ្ញុំបានរើឡើងវិញ នៅក្នុងការប្រកួតចុងក្រោយកន្លងមកហើយវាមានការឈឺចាប់ណាស់»។
សិស្សគុនសមាគមកីឡាប្រដាល់ក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា៖«បើតាមការព្យាយាមហ្វឹកហាត់របស់ខ្ញុំកន្លងមកខ្ញុំអាចទប់បាន៥ទឹកពេញដោយអត់បញ្ហានោះទេ ព្រោះពួកហ្នឹង(ប្រេស៊ីល) មិនសូវជាខ្លាំងដូចថៃនោះទេ ប៉ុន្តែវានៅតែជួបការលំបាក ព្រោះខ្ញុំអាចប្រើបានតែជើង និងដៃឆ្វេងតែប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណា ខ្ញុំជឿថាវាមិនចាញ់គេនោះទេ ហើយបន្ទាប់ពីការប្រកួតនេះទៅ ខ្ញុំសូមផ្អាកការប្រកួតមួយរយៈសិនហើយ ដើម្បីទុកពេលព្យាបាលរបួសដៃរបស់ខ្ញុំឲ្យបានជាសះស្បើយ»៕
ភ្នំពេញ ប៉ុស្តិ៍








