ក្រុងឡុងដ៍ៈ ក្លិប Chelsea បានចែកផ្លូវជាមួយលោក Roberto Di Matteo ដែលជាអ្នកចាត់ការទូទៅត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ក្រោយពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានដឹកនាំឲ្យពួកគេឈ្នះពានរង្វាន់ Champions League ជាលើកទី១។
ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយនេះ បានធ្វើការបណ្តេញចេញលោក Di Matteo យ៉ាងរហ័សក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារក្រោមស្នាដៃក្រុម Juventus ដើម្បីនាំឲ្យពួកគេអាចធ្លាក់ចេញពីយុទ្ធនាការមួយដែលពួកគេបានឈ្នះនៅក្នុងរាត្រីដ៏គួរឲ្យចងចាំមួយក្នុងទីក្រុង Munich កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។
Chelsea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្លិបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍មួយនេះ នឹងចេញនូវសេចក្តីប្រកាសក្នុងរយៈពេលយ៉ាងខ្លីអំពីអ្នកចាត់ការទូទៅថ្មីម្នាក់។
Chelsea បានបញ្ជាក់នៅលើគេហទំព័ររបស់ពួកគេ (www.chelsea.com) ថា៖ «ទម្រង់លេង និងលទ្ធផលរបស់ក្រុមនាពេលថ្មីៗនេះ គឺមិនមានល្អប្រសើរឡើយ ហើយម្ចាស់ក្លិប និងក្រុមប្រឹក្សាបានមានអារម្មណ៍ថា ការផ្លាស់ប្តូរមួយគឺជារឿងដ៏ចាំបាច់មួយនៅពេលឥឡូវនេះដើម្បីរក្សាធ្វើក្លិបនេះធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវ ខណៈយើងឆ្ពោះទៅរកផ្នែកមួយដ៏សំខាន់នៃរដូវកាលនេះ»។
លោក Di Matteo បានជួយឲ្យក្រុម Chelsea ឈ្នះពានរង្វាន់ Champions League និង FA Cup កាលពីរដូវកាលមុនក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ក្រោយពីការបណ្តេញលោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Andre Villas-Boas និងត្រូវបានផ្តល់ការងារនេះជាផ្លូវការកាលពីខែមិថុនា។
Di Matteo គឺជាគ្រូបង្វឹកទី៨ដែលបានធ្វើការក្រោមការកាន់កាប់របស់លោក Roman Abramovich ដែលជាម្ចាស់កម្មសិទ្ធិ បើគិតចាប់តាំងមហាសេដ្ឋីសញ្ជាតិរុស្ស៊ីទិញChelsea កាលពីឆ្នាំ២០០៣។
Juventus កំពុងមានប្រៀបយ៉ាងខ្លាំងក្នុងការចូលរួមជាមួយនឹង Shakhtar ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៣-០របស់ក្រុម Chelsea ដើម្បីឡើងទៅឈរលេខ២ក្នុងពូល E។
ដោយឡែក Lionel Messi បានជួយឲ្យ Barcelonaឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងពេលពួកគេទទួលជ័យជម្នះ៣-០ នៅលើទឹកដីSpartak Moscow។
រីឯ Valenciaនិងក្រុមជើងឯករងកាលពីរដូវកាលមុន Bayern Munich បានឆ្លងផុតពីការប្រកួតជម្រុះក្នុងពូល F ជាមួយនឹងលទ្ធផលស្មើ ១-១ នៅក្នុងទីក្រុង Mestalla ខណៈដែលShakhtar Donetsk បានផ្តួល Nordsjaelland ក្នុងលទ្ធផល ៥-២ ខណៈ Luiz Adrianoរកបានបីគ្រាប់ទាំងចម្រូងចម្រាសដើម្បីបន្ថែមដំណើរឆ្ពោះទៅមុខក្នុងពូល E។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ហាក់ដូចជាមិនបានដឹងថា មិត្តរួមក្រុមរបស់គេ Willianកំពុងតែបានបណ្តើរបាល់នៅពីក្រោយអ្នកចាំទីរបស់ក្រុមដាណឺម៉ាកឡើយ ក្រោយពីការរងរបួសមួយ និងបានបញ្ជូនបាល់ដើម្បីរកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេដែលនាំឲ្យមានការសើចចំអក និងខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងក្រុមម្ចាស់ផ្ទះ។
Valencia បានមានភាពប្រាកដប្រជារួចជាស្រេចក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ នៅមុនពេលពួកគេប្រកួតជាមួយBayern Munich ក្រោយពីបានបរាជ័យក្នុងលទ្ធផល ២-០ របស់BATE Borisov ក្រោមស្នាដៃLille ក្នុងការប្រកួតគូមុននេះ។
ការស៊ុតបាល់បញ្ចូលទីពីរគ្រាប់របស់ Messi សម្រាប់ Barcelona បានធ្វើឲ្យគ្រាប់បាល់សរុបក្នុងការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបរបស់គេកើនដល់៥៦គ្រាប់ដើម្បីចូលរួមជាមួយនឹងខ្សែប្រយុទ្ធ Ruud van Nistelrooy ក្នុងបញ្ជីឈ្មោះអ្នកដែលរកគ្រាប់បាល់បញ្ចូលទីគ្រប់ពេលទាំងអស់ទី២ ខណៈដែលក្រុមរបស់ខ្លួនបានឈរក្នុងចំណាត់ថ្នាក់លេខ១នៅក្នុងពូល G។
ខណៈដែល Barcelona មានពិន្ទុនាំមុខដាច់ចំនួន១២ពិន្ទុ តំណែងក្នុងចំណាត់ថ្នាក់លេខ២កំពុងតែស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពីBenfica បានផ្តួល Celtic ២-១ ដើម្បីធ្វើឲ្យក្រុមទាំងពីរសុទ្ធសឹងមាន៧ពិន្ទុស្មើគ្នាជាមួយនឹងការនៅសល់មួយប្រកួត។
ខណៈនោះផងដែរ Galatasaray បានរក្សាឱកាសនៃការឈានទៅវគ្គបន្តរបស់ខ្លួនឲ្យនៅរស់ ជាមួយនឹងជ័យជម្នះ ១-០ លើManchester United ដែលបានឆ្លងផុតវគ្គជម្រុះរួចជាស្រេច។ ពួកគេនឹងត្រូវប្រជែងជាមួយ CFR Cluj សម្រាប់តំណែងលេខ២ក្នុងពូល H ក្រោយពីក្រុមរបស់រូម៉ានីមួយនេះ ផ្តួល Braga ៣-១ ខណៈដែល Rui Pedro រកគ្រាប់បាល់បញ្ចូលទីបីគ្រាប់តែម្នាក់ឯង៕ IS
ភ្នំពេញ ប៉ុស្តិ៍








