Headlines:

ជើង​ខ្លាំង​កម្ពុជា​បី​នាក់​ត្រៀម​ជួប​បរទេស​នៅ​ប៉ុស្តិ៍​លេខ​៥



121109_25c
កីឡាករ ជ័យ​ កុសល ត្រូវ​តទល់​ជាមួយ Jos Mendona។ យឺន ពន្លក​

ភ្នំពេញៈ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ប្រចាំ​ខែ​របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅ​ស្តាត​ចាស់​នា​ថ្ងៃ​សៅរ៍​នេះ​មាន​ជំនួប​ចំនួន​៦​គូ ដោយ​បី​គូ​ជា​ការ​ប្រកួត​ថ្នាក់​ជាតិ និង​បី​គូ​ទៀត​គឺ​ការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស។

លោក​សេង​កដិកា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រដាល់​ប៉ុស្តិ៍​លេខ​៥​បាន​មាន​ប្រសាសន៍​ថា​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​បាន​ជ្រើស​រើស​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ល្បី​ដូច​ជា​គូ​អន្តរជាតិ​ទី១​ពេជ្រ​សីហា​កំពូល​អ្នក​ប្រដាល់​ខ្លាំង​នៅ​កម្ពុជា​ដែល​មាន​ទម្ងន់​៦៧​គីឡូក្រាម​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Darathang​ដែល​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​៣៥​ដង​ឈ្នះ​២៦​ដង​ចាញ់​៧ដង​ស្មើ​២​ដង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​១២​ដង​។

គូ​អន្តរជាតិ​ទី២​ផល​សុផាត​ទម្ងន់​៦៥​គីឡូក្រាម​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​បី​ស្ថាប័ន​នៅ​កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​Nam​Yapa​មក​ពី​ប្រទេស​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​៣៥​ដង​ឈ្នះ​២៥​ដង​ចាញ់​៨​ដង​ស្មើ​២​ដង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៩​ដង​។

គូ​អន្តរជាតិ​ទី៣​ជ័យ​កុសល​ទម្ងន់​៦៩​គីឡូក្រាម​ប្រកួត​ជាមួយ​កីឡាករ​Jos Mendona​មក​ពី​ប្រទេស​ប្រេស៊ីល​មាន​ប្រវត្តិ​ប្រកួត​បាន​៥០​ដង​ឈ្នះ​៣៥​ដង​ចាញ់​៣​ដង​ស្មើ​១២​ដង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១០​ដង​។

ចំណែក​គូ​ប្រដាល់​ថ្នាក់​ជាតិ​គូទី​១​ពេជ្រ ម្ទេស​ខ្មាំង​ទម្ងន់​៥៤​គីឡូ​ក្រាម​ប្រកួត​ជាមួយ​ឈូក​ចាន់​សុភ័ក្រ​។​គូ​ទី​២​សៅ​ប៊ុន​នឿន​ទម្ងន់​៦៥​គីឡូក្រាម​ប្រកួត​ជា​មួយ​ភុំ​សារ៉ាយ​។​គូ​ចុង​ក្រោយ​យឹម​ឌៀប​ទម្ងន់​៦៣គីឡូ​ក្រាម​ប្រកួត​ជា​មួយ​ជាម​អាដាំ​៕