Headlines:

បាយ័ន​បើក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពីរ​ប្រភេទ



121109_25a
ផល សោភ័ណ្ឌ ប៉ះ នន់ ជំនិត។ យឺន ពន្លក​ វ៉ាន់ ចាន់​វៃ ត្រូវប៉ះ ឯម ខ្លឹម​ខ្មៅ។ យឺន ពន្លក​

ភ្នំពេញៈ នៅ​ថ្ងៃ​សៅរ៍​នេះ កីឡាករ​នៅ​ក្នុង ពូល​B នឹង​ត្រូវ​ប្រជែង​សន្សំ​ពិន្ទុ​ដើម្បី​ដណ្តើម​យក​ពាន​អនុស្សាវរីយ៍​របស់​ក្រុម​ហ៊ុន​ស្រា​ពពែ​មាស​(ប្រចាំ​ពូល) មុន​នឹង​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ឆ្នាំ​២០១៣ នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ទៅ​ទូរទស្សន៍​បាយ័ន​។

កាល​ពី​សប្តាហ៍​មុន កីឡាករ សុខ ចិន្តា អ៊ុំ ចំរើន និង​ង៉ែត រដ្ឋា សុទ្ធ​តែ​ដណ្តើម​បាន​ម្នាក់​បី​ពិន្ទុ​នៅ​ក្នុង​ពូល A។

ដោយ​ឡែក​នៅ​ថ្ងៃ​អាទិត្យ ទូរទស្សន៍​ដដែល​នេះ​នឹង​រៀប​ចំ​ការ​ប្រកួត​បើក​ឆាក​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ក្នុង​ទម្ងន់​៦៣,៥​គីឡូ​ក្រាម ដោយ​មាន​កីឡាករ​៦​នាក់​ប្រកួត​គ្នា​តាម​រូបមន្ត​វិល​ជុំ​ដើម្បី​សន្សំ​ពិន្ទុ។

ប្រកួត​ក្នុង​ពូល​Bនៅ​ថ្ងៃ​សៅរ៍

សម្រាប់​សប្តាហ៍​ទី២នៃ​ការ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​សៅរ៍​បឺត​សំខាន់​អតីត​កីឡាករ​នៅ​ក្លិប​ប្រដាល់​សាល​វ័ន្ត​កីឡា ដែល​បច្ចុប្បន្ន​ហាត់​នៅ​ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក ត្រូវ​ប្រកួត​ជាមួយ កែវ វិរៈ ដែល​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​មក​ពី​ក្លិប​គុជសារ​កីឡា។

បើ​និយាយ​ពី​វិជ្ជា​គុន​របស់​អ្នក​ទាំង​ពីរ​ប្រសិន​បើ​បឺត​សំខាន់​បាន​ហ្វឹក​ហាត់​ពេញ​លេញ​និង​ប្រកួត​អស់​ពី​សមត្ថភាព​កែវ​វិរៈ​មិន​អាច​យក​ឈ្នះ​បាន​ទេ​ផ្ទុយ​ទៅ​វិញ​ឲ្យ​តែ​ទប់​កុំ​ឲ្យ​តែ​សន្លប់​គឺ​ប្រសើរ​ហើយ​។​ចំណែក​ឯ​បឺត​សំខាន់​វិញ​ប្រសិន​បើ​អាច​ទប់​ទល់​កម្លាំង​វាយ​សម្រុក​ដៃគូ​បាន​គឺ​អាច​មាន​ភាគ​រយ​ឈ្នះ​ច្រើន​។

រីឯ​គូ​ទីពីរ​ឈាន​ហុង​មក​ពី​ក្រសួង​ការ​ពារ​ជាតិ​កំពូល​កីឡា​ដែល​មាន​ជំនាញ​កែង​និង​ជង្គង់​ល្អ​លំបាក​រក​កីឡាករ​ណា​មក​ទប់​ទល់​ណាស់​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​ប្រកួត​ក្នុង​លំដាប់​អន្តរជាតិ​ជា​ច្រើន​។​ឈាន​ហុង​ត្រូវ​ប៉ះ​ជា​មួយ​សុខ​វិស័យ​មក​ពី​ក្លិប​តេជះ​ខេត្ត​ក្រចេះ​។

សុខ​វិស័យ គឺ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ខ្ចី​ជាង​ប៉ុន្តែ​គេ​មាន​ជំនាញ​ជង្គង់​និង​កម្លាំង​តស៊ូ​៥ទឹក​មិន​ងាយ​ចុះ​ញ៉ម​ដៃ​គូ​ឡើយ​ទោះ​ចាញ់​ឬ​ឈ្នះ​ភាគ​ច្រើន​ប្រកួត​៥ទឹក​ពេញ​។

ទោះបី​យ៉ាង​ណា​ក៏​គេ​មើល​ឃើញ​ថា​ឈាន​ហុង​មាន​ប្រៀប​ឈ្នះ​លើ​សុខ​វិស័យ​។

គូទី​៣​ឈឿន​ឆៃដែន​មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ត្រូវ​ប្រកួត​ជា​មួយ​បួក​សាវឌី​មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​។

តាម​ប្រវត្តិ​ប្រកួត​និង​សមត្ថភាព​អ្នក​ប្រដាល់​ទាំង​ពីរ​កន្លង​មក​គេ​មើល​ឃើញ​ថា​បួក​សាវឌី​មិន​អាច​ប្រកួត​ឈ្នះ​ឆៃដែន​បាន​ទេ​ពី​ព្រោះ​ទាំង​បទ​ពិសោធន៍​និង​វិជ្ជា​គុន​គឺ​ឈឿន​ឆៃ​ដែន​មាន​ប្រៀប​ទាំង​ជង្គង់​ទាំង​កម្លាំង​និង​ទឹក​ចិត្ត​ព្រម​ទាំង​ចាស់​វស្សា​ជាង​ទៀត​ផង​។

ជំនួប​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​

ចំណែក​ឯ​គូ​ប្រកួត​ថ្ងៃ​អាទិត្យ​ដែល​ជា​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៦៣,៥​គីឡូ​ក្រាម​វិញ​គូ​ទី១​ឯម​ខ្លឹម​ខ្មៅ​មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ​ត្រូវ​ប៉ះ​ជា​មួយ​វ៉ាន់​ចាន់វៃ​មក​ពី​ក្លិប​សិង្ហ​កីឡា​។​គូ​នេះ​មាន​សមត្ថ​ភាព​ប្រហាក់​ប្រហែល​គ្នា​ហើយ​ពួក​គេ​ធ្លាប់​ឈ្នះ​ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ទស្សន៍​ទាយ​មុន​បាន​ឡើយ​។

គូទី​២​វង្ស​ណយ​មក​ពី​កង​ពល​លេខ​៣១​ប្រកួត​ជា​មួយ​ស៊ីវ​ឌីណា​មក​ពី​ក្លិប​កង​ពល​ឆត្រ​យោង​៩១១​។​អ្នក​ប្រដាល់​ទាំង​ពីរ​នេះ​ធ្លាប់​ជួប​គ្នា​ញឹក​ញយ​ប៉ុន្តែ​ស៊ីវ​ឌីណា​កម្រ​ឈ្នះ​វង្ស​ណយ​ណាស់​។

គូ​ទី​៣​នន់​ជំនិត​មក​ពី​ក្លិប​កម្ចាត់​មីន​កម្ពុជា​ប្រកួត​ជា​មួយ​ផល​សោភ័ណ្ឌ​មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ​។​មួយ​រយៈ​ចុង​ក្រោយ​នេះ​នន់​ជំនិត​ហាក់​បី​ដូច​ធ្លាក់​វិជ្ជា​គុន​ចំណែក​ផល​សោភ័ណ្ឌ​ដែល​ជា​ជើង​ថ្មី​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ដោយ​វាយ​ឈ្នះ​វង្ស​ណយ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា ដើម្បី​យក​ទៅ​គ្រប់​គ្រង​កន្លង​មក​៕