ភ្នំពេញៈ ការប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរទម្ងន់៦៣,៥គីឡូក្រាមក្នុងជុំទីមួយដើម្បីសន្សំពិន្ទុឆ្ពោះទៅដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាកាលពីថ្ងៃអាទិត្យទទួលបានលទ្ធផលដ៏គួរឲ្យកត់សម្គាល់។
វង្សណយបានឈ្នះស៊ីវឌីណាទាំងលំបាកបំផុតហើយផលសោភ័ណ្ឌបានផ្តល់មេរៀនយ៉ាងជូរចត់ឲ្យនន់ជំនិតខណៈដែលវ៉ាន់ចាន់វៃ ធ្លាយដំណឹងចាញ់ឯមខ្លឹមខ្មៅតាំងពីមុនប្រកួតម៉្លេះ។
វង្សណយមកពីក្លិបកងពលលេខ៣១ដែលត្រូវបានគេសម្គាល់ថាមានស្នៀតកែងមុតស្រួចល្អនិងជង្គង់ខ្លាំងនោះមិនអាចផ្តួលស៊ីវឌីណាមុនទឹកទី៥បានដូចការព្យាករនោះឡើយ។
នៅក្នុងជំនួបជាក់ស្តែងវង្សណយយកឈ្នះត្រឹមពិន្ទុលើ ស៊ីវឌីណាមកពីកងទ័ពឆត្រយោង៩១១ទាំងត្រដាបត្រដួសបំផុត។
វង្សណយមានប្រៀបនៅក្នុងទឹកទី១ប៉ុន្តែនៅទឹកបន្តបន្ទាប់ គេមិនបានធ្វើឲ្យស៊ីវឌីណាចុះញ៉មឬខ្លាចរអានោះឡើយផ្ទុយទៅវិញស្នៀតកណ្តាប់ដៃនិងស្នៀតទាត់ជើងក្រោមរបស់ស៊ីវឌីណាបានធ្វើឲ្យវង្សណយឈឺជើងនិងមិនសូវហ៊ានចូលវាយខ្លាំងឡើយដោយសារវង្សណយវាយរបៀបសន្សំកម្លាំង។
ចំណែកឯពិន្ទុរបស់អ្នកទាំងពីរពេលចប់ការប្រកួតទឹកទី៥មានភាពប្រហាក់ប្រហែលគ្នាហើយគណៈវិនិច្ឆ័យបានប្រគល់ឲ្យវង្សណយឈ្នះត្រឹមពិន្ទុ។
ផលសោភ័ណ្ឌអ្នកប្រដាល់មកពីក្លិបតាឡីមានរិទ្ធដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ស្រាបៀរកម្ពុជាដែលទើបដណ្តើមបានពី វង្សណយបានប្រកួតឈ្នះកីឡាករជើងចាស់នន់ជំនិតដោយពិន្ទុដាច់តែម្តង។
ទោះបីជាយ៉ាងក៏ដោយ ពួកគេមានការតស៊ូគ្នាបាន៥ទឹកហើយធ្វើឲ្យនន់ជំនិតចាញ់ទាំងគ្រាំគ្រាខ្លួន។នន់ជំនិតវាយល្អបានពីរទឹកដែលមានលទ្ធភាពវាយចេញសងបានខ្លះប៉ុន្តែនៅទឹកទី៣កែងឆ្វេងរបស់ផលសោភ័ណ្ឌវាយចូលគល់ថ្គាមបណ្តាលឲ្យជំនិត ដួលដល់ក្តាររេញហើយអាជ្ញាកណ្តាលរាប់រហូតដល់៨ទើបបន្តការប្រកួតបានទាំងត្រដាបត្រដួស។
បន្ទាប់ពីការរាប់នៅទឹកទី៣នន់ជំនិតនៅតែទទួលរងការវាយឡុកផ្ទួនៗធ្វើឲ្យរូបគេស្ថិតក្នុងសភាពដូចបាវសាក់ឲ្យផលសោភ័ណ្ឌវាយស្ទើរទក់សាច់រហូតស្នូរជួងបញ្ចប់នៅទឹកទី៥ទើបរួចផុតពីការសន្លប់។
ចំណែកគូប្រដាល់រវាង វ៉ាន់ចាន់វៃនិងឯមខ្លឹមខ្មៅត្រូវបានគេមើលឃើញថាមានបញ្ហាបែកធ្លាយព័ត៌មានចេញមកក្រៅពីលទ្ធផលឈ្នះចាញ់មុន។
ការប្រកួតរបស់អ្នកទាំងពីរគឺបាន៥ទឹកពេញតែមិនទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនានោះឡើយដោយសារតែពួកគេដឹងថា វាគ្រាន់តែជាការសម្តែង។
គួរបញ្ជាក់ថាវ៉ាន់ចាន់វៃចាប់ផ្តើមមានស្ថិតិប្រកួតចាញ់កាន់តែច្រើនហើយឈ្មោះរបស់គេចាប់ផ្តើមល្បីពីរឿងអាស្រូវទាក់ទងនឹងការប្រកួតសង្ស័យលក់ខ្លួននិងមិនចង់ឈ្នះដែលក្នុងនោះកាលពីបីសប្តាហ៍មុនគេបានប្រកួតជាមួយជាមអាដាំនៅស៊ីធីអិនក៏មានធ្លាយព័ត៌មានថា ចាន់វៃចាញ់តាំងពីមុនប្រកួតដូចគ្នាដែរ។
ក្នុងចំណោមកីឡាករទាំង៦រូបមានវ៉ាន់ចាន់វៃវង្សណយស៊ីវឌីណាឯមខ្លឹមខ្មៅផលសោភ័ណ្ឌនិងនន់ជំនិត ត្រូវបានអ្នកទស្សនារំពឹងថាវង្សណយនិងផលសោភ័ណ្ឌអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
ភ្នំពេញ ប៉ុស្តិ៍







