ភ្នំពេញៈ អ្នកប្រដាល់និស្សិត ឡុង សុវណ្ណឌឿន មិនអាចបំពេញមហិច្ឆតា ការឡើងប្រកួតសងសឹកជាលើកទី២ ចំពោះរៀមច្បង ឡៅ ស៊ីណាត បាននោះទេ ខណៈការព្យាយាមវាយលុករបស់គេ ទទួលបានផលចំណេញតិចជាងអ្វីដែល ស៊ីណាត បានធ្វើការវាយបកមកលើរូបគេវិញនោះ។
សិស្សគុនក្លិបសាលវ័ន្តកីឡា ឡុង សុវណ្ណឌឿន ធ្លាប់បានទទួលការឈឺចាប់ក្រោមស្នាដៃ ឡៅ ស៊ីណាត ម្តងរួចមកហើយ ហើយការចាញ់ ស៊ីណាត កាលណោះ បានធ្វើឲ្យរូបគេបានធ្លាក់ចេញពីការប្រកួតដណ្តើមប្រាក់ក្នុងធនាគារ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ៣ ទាំងមិនអស់ចិត្ត។
សម្រាប់ការឡើងប្រកួតសងសឹក នៅលើសង្វៀនស៊ីធីអិន កាលពីថ្ងៃអាទិត្យកន្លងមកនេះ សុវណ្ណឌឿន បានព្យាយាមទាត់ខ្លាំងៗទៅលើជន្ទល់ក្រោមរបស់ ឡៅ ស៊ីណាត ប៉ុន្តែស្នៀតទាំងនេះ ហាក់ទទួលបានផលតិច ខណៈ ស៊ីណាត បានព្យាយាមទប់ និងច្រាសកណ្តាប់ដៃសងបានយ៉ាងល្អនោះ។
ដោយមានការជួយប្រាប់ពីអ្នកឲ្យទឹក បឺត ខាំ និង ឡុង សុភី ដែលជារៀមច្បងរបស់ខ្លួននោះ សុវណ្ណឌឿន បានបង្ខំចិត្តចូលប្តូរកណ្តាប់ដៃជាមួយ ស៊ីណាត បន្ថែមទៅលើការទាត់របស់គេ ហើយការប្តូរឥរិយាបថនៃការប្រកួតនេះ បានធ្វើឲ្យស្ថានភាពប្រកួតរបស់អ្នកទាំង២ កាន់តែមានលក្ខណៈស្វិតស្វាញ និងទទួលបានការគាំទ្រច្រើន ព្រោះពួកគេបានបង្កើនការម៉ាត់ និងទាត់សងគ្នាចំគោលដៅពេញៗដូចគ្នា។
នៅដើមទឹកទី៣ ស៊ីណាត ហាក់បានបង្ហាញភាពទន់ជ្រាយផ្នែកល្វែងខាងក្រោម នៅពេល សុវណ្ណឌឿន បានទាត់រូបគេឲ្យដួលចំនួន២ដង និងបានម៉ាត់បន្ថែមភ្លាមៗនោះ ប៉ុន្តែអ្នកប្រដាល់សម្បូរល្បិចកល មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ម្នាក់នេះ នៅតែអាចគ្រប់គ្រងស្ថានភាពប្រកួតបានល្អដដែល ដោយរូបគេបានដកថយយ៉ាងលឿន រួចបានទាត់ស្កាត់ចូលឆ្អឹងជំនីរ សុវណ្ណឌឿន វិញពេញៗ និងបានបន្ថែមដោយការម៉ាត់យ៉ាងរហ័ស។
ថ្វីបើត្រូវទទួលរងការម៉ាត់ ទាត់ និងការបុកជង្គង់របស់ ស៊ីណាត យ៉ាងណាក្តី ប៉ុន្តែ ឡុង សុវណ្ណឌឿន នៅតែសន្សំចិត្តតាមទាត់ និងម៉ាត់សន្ធាប់សងទៅលើ ស៊ីណាត ទៅតាមអ្វីដែលរៀមច្បងទាំង២បានប្រាប់ ហើយភាពអំណត់នេះ បានធ្វើឲ្យ ឡៅ ស៊ីណាត ហាក់បង្ហាញភាពហេវហត់ច្រើននៅចុងទឹកទី៤។
ស្ថិតក្នុងស្ថានភាពបែបនេះកីឡាករវ័យ២៤ឆ្នាំ ឡុង សុវណ្ណឌឿន បានបង្កើនការវាយលុកទៅលើ ស៊ីណាត កាន់តែខ្លាំងនៅក្នុងទឹកទី៥ ដោយរូបគេសង្ឃឹមថា ឡៅ ស៊ីណាត អាចនឹងអស់កម្លាំងស៊ុហ្វ ហើយចាញ់ក្រោមការតាមទាត់ និងម៉ាត់របស់ខ្លួន។ ប៉ុន្តែអ្វីៗវាខុសពីការរំពឹងទុកទាំងស្រុង។
ឡៅ ស៊ីណាត ដែលស្ទើរតែត្រូវបានគេពិន័យពីបទមិនមកប្រកួតតាមពេលកំណត់ នៅស៊ីធីអិន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននោះ មិនត្រឹមតែមិនទន់ជ្រាយប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងអាចឈរយ៉ាងរឹងមាំ រួមបានទាត់ស្កាត់ និងម៉ាត់សងចំគោលដៅពេញៗ ហើយទម្ងន់នៃការវាយសងនេះ បែរជាធ្វើឲ្យ សុវណ្ណឌឿន មានអារម្មណ៍ខ្លាចរអាក្នុងការបន្តចូលវាយលុកទៅលើ ស៊ីណាត នៅចុងទឹកទៅវិញ។
នៅទីបំផុត ឡៅ ស៊ីណាតត្រូវបានកាត់សេចក្តីឲ្យឈ្នះពិន្ទុ ឡុង សុវណ្ណឌឿន យ៉ាងស័ក្តិសមបំផុត៕
ភ្នំពេញ ប៉ុស្តិ៍







