ភ្នំពេញៈ ជម្រើសអ្នកប្រដាល់ទម្ងន់៦០គីឡូក្រាម១២នាក់មកពីក្លិបផ្សេងៗគ្នាដែលកំពុងតែមានឈ្មោះប្រកួតរៀងរាល់ថ្ងៃសៅរ៍ដើម្បីសន្សំពិន្ទុឆ្ពោះទៅដណ្តើមខ្សែក្រវាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៣នៅសង្វៀនប៉ុស្តិ៍បាយ័ន បានឈានចូលដល់ជុំទី២ហើយក៏ជាសប្តាហ៍ទី៣នៃការប្រកួតដែលគ្រោងពេលវេលាចំនួន១៤សប្តាហ៍ដល់ថ្ងៃផ្តាច់ព្រ័ត្រនាដើមឆ្នាំ២០១៣។
នៅថ្ងៃសៅរ៍សប្តាហ៍នេះការប្រកួតជាការជម្រុះសន្សំពិន្ទុក្នុងពូលAដែលមានសមាសភាពដូចខាងក្រោម៖
គូទី១សេងហៀងមកពីក្លិបកីឡាប្រដាល់ចាក់អង្រែមានជ័យនិងនឿនសាវឌីមកពីក្លិបអេភូថងកីឡា។
គូខ្សែក្រវាត់មួយគូនេះបានឆ្លងកាត់ការប្រកួតត្រឹមតែមួយលើកដូចគ្នាហើយលទ្ធផលគឺចាញ់ដូចគ្នាមានតែមួយពិន្ទុម្នាក់ប៉ុណ្ណោះ។
សេងហៀងប្រកួតថ្ងៃទី៣ខែវិច្ឆិកាបានចាញ់សុខចិន្តាដោយពិន្ទុ។ចំណែកនឿនសាវឌីប្រកួតថ្ងៃដូចគ្នា បានបាញ់ង៉ែតរដ្ឋាមកពីក្លិបក្រសួងមហាផ្ទៃ។
គូទី២ង៉ែតរដ្ឋាត្រូវប៉ះជាមួយអ៊ុំចំរើនមកពីក្លិបតាឡីមានរិទ្ធ។អ្នកប្រដាល់ទាំងពីរធ្លាប់ឆ្លងកាត់មួយប្រកួតដូចគ្នានិងឈ្នះដូចគ្នាដោយមាន៣ពិន្ទុ។
ង៉ែតរដ្ឋាប្រកួតឈ្នះនឿនសាវឌីហើយអ៊ុំ ចំរើនប្រកួតឈ្នះកីឡាករខុមពិសិដ្ឋ។
គូទី៣ខុមពិសិទ្ធមកពីក្លិបអូរដឹមកីឡាត្រូវប្រកួតជាមួយសុខចិន្តាមកពីក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់។
ខុមពិសិដ្ឋទើបតែមាន១ពិន្ទុដោយប្រកួតចាញ់អ៊ុំចំរើនចំណែកសុខចិន្តាមាន៣ពិន្ទុក្នុងដៃទៅហើយ។
យោងតាមប្រវត្តិប្រកួតនិងកម្រិតវិជ្ជាគុនរបស់កីឡាករដណ្តើមខ្សែក្រវាត់ទាំង៦នាក់នេះអាចឲ្យអ្នកវិភាគតាមដានសកម្មភាពប្រដាល់ព្យាករឃើញថានឿនសាវឌីមានប្រៀបលើសេងហៀងផ្នែកជង្គង់និងកែងខណៈដែលសេងហៀងមានចិត្តធំនិងមានប្រៀបផ្នែកកណ្តាប់ដៃហើយពួកគេកំពុងមានពិន្ទុ១ស្មើគ្នា។
រីឯង៉ែតរដ្ឋានិងអ៊ុំ ចំរើនមានចំណុចខ្លាំងផ្សេងពីគ្នាគឺង៉ែតរដ្ឋាជំនាញជង្គង់ហើយអ៊ុំចំរើនជំនាញកណ្តាប់ដៃហើយការព្យាករគឺប្រហាក់ប្រហែលគ្នាមិនអាចនិយាយថាខាងណាមានប្រៀបជាងខាងណានោះទេពីព្រោះពួកគេមាន៣ពិន្ទុដូចគ្នា។
ក្រៅពីគូប្រកួតដណ្តើមខ្សែក្រវាត់មានគូទាក់ទាញពេញនិយមមួយគូទៀតគឺកីឡាការិនីវីស្រីខួចមកពីក្លិបនាគមានជ័យប្រកួតជាមួយ សុខស្រីម៉ៅមកពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ភ្នំពេញ ប៉ុស្តិ៍







