ភ្នំពេញៈ កីឡាករស្ថិតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមចំនួន៨នាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមការប្រកួតដណ្តើមប្រាក់ក្នុងធនាគារ ដែលឧបត្ថម្ភដោយក្រុមហ៊ុនទឹកបរិសុទ្ធហាយតិច នៅលើសង្វៀនប៉ុស្តិ៍លេខ៣ ហើយ៤នាក់ក្នុងចំណោមពួកគេ នឹងត្រូវឡើងប្រឈមមុខដាក់គ្នា នៅថ្ងៃសៅរ៍ ទី១៧ចុងសប្តាហ៍នេះ ដើម្បីដណ្តើមយក៣ពិន្ទុនាថ្ងៃប្រកួតបើកឆាក។
ទាក់ទងទៅនឹងការប្រកួតនេះ លោក ទី រ៉ាណាត នាយកផ្នែកផលិតកម្មវិធីប៉ុស្តិ៍លេខ៣ បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹង កាលពីរសៀលម្សិលមិញថា កីឡាករទាំង៨នាក់ ដែលត្រូវធ្វើការប្រកួតនៅក្នុងកម្មវិធីនេះ បានជ្រើសរើសគ្រប់ចំនួនហើយ។
ពួកគេត្រូវបានបែងចែកការប្រកួតជា២ពូល ហើយការប្រកួតបើកឆាក នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ចុងសប្តាហ៍នេះតទៅ។
លោក ទី រ៉ាណាត បានគូសបញ្ជាក់ថា៖«នៅក្នុងពូលនីមួយៗ ត្រូវធ្វើការប្រកួតវិលជុំជម្រុះយក២នាក់ សម្រាប់ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយអ្នកឈ្នះ២រូបនៅក្នុងវគ្គនេះ នឹងឡើងទៅប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដោយចំណាត់ថ្នាក់លេខ១ នឹងទទួលបានទឹកប្រាក់៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់១០០ដុល្លារ បូកនឹងប្រាក់តម្លៃខ្លួន១០០ដុល្លារបន្ថែមទៀត»។
សម្រាប់ការប្រកួតបើកឆាក នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺជាការជួបគ្នារបស់កីឡាករ៤រូបនៅក្នុងពូលA ដោយក្នុងនោះ សារឿន ចាន់ មកពីក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន ត្រូវធ្វើការប្រកួតជាមួយសិស្សគុនក្លិបតេជះរាជសីហ៍ខេត្តក្រចេះ ឆាយ មាស ខណៈអ្នកប្រដាល់ជើងថ្មី ធី តុងហ៊ី របស់ក្លិបសាលវ័ន្តកីឡា ត្រូវប្រឈមមុខជាមួយកីឡាករកំពុងសាងភាពល្បី តក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា។
ចំពោះសមត្ថភាពអ្នកទាំង៤នេះ មិនធ្លាប់បានជួបគ្នាពីមុនមកនោះទេ ប៉ុន្តែ៣នាក់ក្នុងចំណោមអ្នកទាំង៤សុទ្ធតែទទួលការបរាជ័យដូចគ្នា នាជំនួបចុងក្រោយរបស់ពួកគេកន្លងមកនេះដោយក្នុងនោះ សារឿន ចាន់ បានចាញ់ពិន្ទុ យ៉េន ឌីណា ឆាយ មាស ចាញ់ពិន្ទុ រិន មុន្នី រីឯ ធី តុងហ៊ី ចាញ់ រឿម វណ្ណៈ តែ តក់ សោភ័ណ្ឌ ឈ្នះពិន្ទុ ថុល មករា។
តែទោះបីជាយ៉ាងណា ផ្អែកលើសមត្ថភាព និងបទពិសោធប្រកួតកន្លងមក សារឿន ចាន់ នៅតែជាកីឡាករ ដែលមានអាទិភាពខ្ពស់ ក្នុងការគ្រងតំណែងលេខ១ប្រចាំពូលមួយនេះ ហើយគេក៏អាចក្លាយជាបេក្ខភាព ឈ្នះប្រាក់ក្នុងធនាគារលើកនេះផងដែរ បើសិនជារូបគេ ត្រៀមខ្លួនបានល្អ១០០ភាគរយ។
ដោយឡែកអ្នកប្រដាល់៤រូបផ្សេងទៀត ដែលឈរនៅក្នុងពូលB វិញនោះ មានអ្នកលេងស្នៀតកែង រឿម វណ្ណៈ របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ សិស្សគុនក្លិបព្រះខ័នរាជ ផាន់ គ្រាន់ កីឡាករ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡា និងអ្នកប្រដាល់ជើងចាស់ វ៉ាន់ ចាន់វ៉េត មកពីក្លិបសិង្ហកីឡា ហើយអ្នកទាំង៤នឹងធ្វើការប្រកួតគ្នានៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ដោយក្នុងនោះ រឿម វណ្ណៈ ជួប ផាន់ គ្រាន់ ខណៈ ថុល មករា ប៉ះ វ៉ាន់ ចាន់វ៉េត៕
ភ្នំពេញ ប៉ុស្តិ៍







