ភ្នំពេញៈ ការប្រកួតដណ្តើមខ្សែក្រវាត់ K cement ទម្ងន់៥៤គីឡូក្រាម នឹងបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀនស៊ីធីអិន នាម៉ោង១រសៀលថ្ងៃអាទិត្យចុងសប្តាហ៍នេះ រវាងកីឡាករ អ៊ឹង បូរ៉ា និង សារឹម ង៉ា ខណៈ អាំង សំអាត និង ឈិត ង៉ុយ ក៏កំពុងត្រៀមខ្លួនដើម្បីដណ្តើមឱកាសដូចគ្នានេះផងដែរ ប៉ុន្តែអ្នកទាំងពីរត្រូវជួបគ្នា នៅថ្ងៃអាទិត្យក្រោយមួយទៀត។
នៅមុនជំនួបនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះសិស្សគុនក្លិបព្រះខ័នរាជ អ៊ឹង បូរ៉ា និង សារឹម ង៉ា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានឆ្លងកាត់ការប្រកួតយ៉ាងក្តៅគគុក ជាមួយគូប្រកួតនៅតាមពូលរៀងៗខ្លួន ដើម្បីគេចផុតពីការហាលអាវ នៅក្នុងការប្រកួតវិលជុំជម្រុះក្នុងពូល។
នៅក្នុងការប្រកួតនោះ អ៊ឹង បូរ៉ា បានក្លាយជាជើងខ្លាំងនៅក្នុងពូលA ដោយគេបានយកឈ្នះពិន្ទុ ឆាំ រ៉ែម ឈិត ង៉ុយ និង ឯម ចាន់រស្មី ប៉ុន្តែដំណើរការប្រកួតរបស់ សារឹម ង៉ា មិនសូវល្អប៉ុន្មានឡើយ ដោយរូបគេបានបើកឆាកចាញ់ពិន្ទុ ចេង រិទ្ធី បន្ទាប់មកបានផ្តួល ពៅ ស៊ីយ៉េត ឲ្យសន្លប់នៅទឹកទី៣ ហើយការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ១ក្នុងពូលBលើកចុងក្រោយជាមួយ អាំង សំអាត គេបានចាញ់ សំអាត ដោយពិន្ទុទាំងប្រផិតប្រផើយ។
សម្រាប់ការឡើងមកជួប អ៊ឹង បូរ៉ា លើកនេះ សារឹម ង៉ា ហាក់មិនសូវមានទំនុកចិត្តលើខ្លួនឯងប៉ុន្មានឡើយ។
គេបាននិយាយយ៉ាងខ្លីថា៖«ខ្ញុំមានសង្ឃឹមឈ្នះ៥០ភាគរយ»។ ការលើកឡើងបែបនេះ ដោយសារតែគេធ្លាប់ជួប បូរ៉ា ៤ដងមកហើយ មុនពេលត្រូវបានជ្រើសរើសឲ្យចូលប្រកួតដណ្តើមខ្សែក្រវាត់មួយនេះ រីឯលទ្ធផល ង៉ា បានឈ្នះពិន្ទុ បូរ៉ា នៅជំនួបលើកទី១តែម្តងគត់ ខណៈ៣លើកក្រោយមកទៀត ង៉ា បានចាញ់ពិន្ទុ បូរ៉ា ទាំងអស់។
ផ្ទុយពីនេះការលើកឡើងបែបស្ទាក់ស្ទើរកីឡាករ អ៊ឹង បូរ៉ា មិនត្រឹមតែបានបង្ហាញពីទំនុកចិត្តយកឈ្នះ សារឹម ង៉ា ប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងជឿជាក់ថា ម្ចាស់ខ្សែក្រវាត់ k cement ទម្ងន់៥៤គីឡូក្រាម អមដោយរង្វាន់ជាច្រើននៅក្នុងកម្មវិធីនេះ នឹងក្លាយជាកម្មសិទ្ធិរបស់គេ។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំបានព្យាយាមហ្វឹកហាត់ត្រៀមខ្លួនជិត៣សប្តាហ៍មកហើយ ហេតុនេះខ្ញុំគ្មានអ្វីត្រូវព្រួយបារម្ភនោះទេចំពោះការប្រកួតលើកនេះ។ ម្យ៉ាងវិញទៀតខ្ញុំធ្លាប់ជួប សារឹម ង៉ា នាការប្រកួតក្រៅផ្លូវការ៤ដងមកហើយ ហើយគេឈ្នះពិន្ទុខ្ញុំតែម្តងគត់ ក្រៅពីនោះគេចាញ់ពិន្ទុខ្ញុំទាំងអស់»។
អ៊ឹង បូរ៉ា បានបញ្ជាក់ពីទំនុកចិត្តរបស់ខ្លួនថា៖«ខ្ញុំមានសង្ឃឹមឈ្នះ សារឹម ង៉ា ១០០ភាគរយ ហើយខ្ញុំថែមទាំងមានអារម្មណ៍ថា ខ្សែក្រវាត់ K cement លើកនេះ នឹងក្លាយជារបស់ខ្ញុំ ព្រោះឆ្លងកាត់ការសង្កេតមើលរបស់ខ្ញុំកន្លងមក អ្នកទាំង៤ ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ មិនអាចធ្វើអ្វីខ្ញុំបានឡើយ»៕
ភ្នំពេញ ប៉ុស្តិ៍







