ភ្នំពេញៈអ្នកប្រដាល់ជើងថ្មីឈិន ក្វាន់ង៉ុយដែលធ្លាប់មានប្រវត្តិចាញ់តែម្តង និងនេនវណ្ណា ដែលមិនធ្លាប់ស្គាល់បរាជ័យត្រូវជួបគ្នានៅថ្ងៃអាទិត្យនេះ លើសង្វៀនប៉ុស្តិ៍លេខ៥ ក្នុងទម្ងន់៦៣គីឡូក្រាម។
ជំនួបរបស់ពួកគេ នឹងមិនចាញ់គូឯកដែលមានតម្លៃខ្លួនខ្ពស់នោះឡើយ។
លោកឈិនក្វាន់ចៃគ្រូបង្វឹកនិងជាឪពុកបង្កើតរបស់ក្វាន់ង៉ុយបានឲ្យដឹងថាសម្រាប់ជំនួបប្រកួតលើកនេះក្វាន់ង៉ុយហ្វឹកហាត់ត្រៀមខ្លួនបានល្អព្រមទាំងគោរពវិន័យប៉ុន្តែលោកមិនហ៊ានអះអាងពីការឈ្នះមុនបានទេពីព្រោះដៃគូប្រកួតគឺនេនវណ្ណា ដែលជាជើងថ្មីដូចគ្នាប៉ុន្តែធ្លាប់ប្រកួតឈ្នះជើងខ្លាំងជាច្រើនដូចជានឿនសាវឌីនិងង៉ែតរដ្ឋា។
លោកសង្ឃឹមឈ្នះត្រឹម៦០%។ស្នៀតខ្លាំងរបស់ក្វាន់ង៉ុយគឺជំនាញកែងដែលជាស្នៀតធ្លាប់ផ្តួលដៃគូឲ្យសន្លប់និងចាញ់ដោយពិន្ទុ។ចំណែកនេនវណ្ណាវិញពូកែកណ្តាប់ដៃនិងជង្គង់ព្រមទាំងកម្លាំងអាចតស៊ូបាន៥ទឹកមិនសូវព្រួយ។
ក្វាន់ង៉ុយ បាននិយាយថា៖«ខ្ញុំនឹងប្រកួតអស់ពីសមត្ថភាពដើម្បីមានឱកាសទៅប្រកួតគូឯកឬជាមួយកីឡាករបរទេស»។
លោកឡោវុទ្ធីគ្រូបង្វឹករបស់នេនវណ្ណាបាននិយាយថា៖«ក្បាច់កែងរបស់ក្វាន់ង៉ុយគឺជាឧបសគ្គប៉ុន្តែបើវណ្ណាបិទកែងនិងការពារបានខ្ញុំសង្ឃឹម៧០ភាគរយ»។
ក្វាន់ង៉ុយមកពីក្លិបមកុដរាជសីហ៍អាយុ២៣ឆ្នាំធ្លាប់ប្រកួតបាន២១ដងឈ្នះ១៩ដងចាញ់ម្តងស្មើម្តងក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន១០ដងប្រកួតចុងក្រោយផ្តួលកែវរំជោតឲ្យបែកឈាម។
នេនវណ្ណាអាយុ២៤ឆ្នាំមកពីក្លិបប្រដាល់កងពលលេខ៣ខេត្តព្រះវិហារធ្លាប់ប្រកួតបាន១៤ដងឈ្នះ១៣ដងស្មើម្តងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានចំនួន៨៕
ភ្នំពេញ ប៉ុស្តិ៍







