ភ្នំពេញៈអ្នកលេងក្បាច់បុរាណខ្មែរ១២នាក់មកពីក្លិបសមាគមខុសៗគ្នា ត្រូវបានសម្រិតសម្រាំងរួចជាស្រេចដោយស្ថានីយទូរទស្សន៍ស៊ីធីអិន និងសហព័ន្ធកីឡាប្រដាល់កម្ពុជា ដើម្បីឲ្យពួកគេធ្វើការប្រយុទ្ធគ្នា នៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ជើងឯក១០លានស្រាផែនដី ក្នុងទម្ងន់៥៧គីឡូក្រាម។
ក្នុងសន្និសីទកាសែត នៅទីស្នាក់ការស្ថានីយទូរទស្សន៍ស៊ីធីអិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គ្រប់ភាគីពាន់ព័ន្ធនៅតែមានការព្រួយបារម្ភទៅលើផលអវិជ្ជមានមួយចំនួនដែលអាចកើតមានឡើង បើទោះបីការប្រកួតកន្លងមក បានទទួលលទ្ធផលល្អប្រមាណ៩០ភាគរយហើយក៏ដោយ។
លោក ម៉ា សេរី ប្រធានគ្រប់គ្រងកីឡានៅស៊ីធីអិនបានលើកឡើងថា៖ «យើងអាចនិយាយបានថា ការប្រកួតកន្លងមក វាមានដំណើរការល្អបានប្រមាណ៩០ភាគរយហើយ ប៉ុន្តែយើងនៅតែមានការព្រួយបារម្ភ ចំពោះបញ្ហាមួយចំនួនទៀត ដែលអាចនឹងកើតមានឡើងនៅក្នុងការប្រកួតលើកនេះ ប៉ុន្តែយើងសង្ឃឹមថាសហព័ន្ធនឹងដោះស្រាយនៅលើបញ្ហាទាំងនោះមិនធ្វើឲ្យម្ចាស់ឧបត្ថម្ភកម្មវិធីខុសបំណងនោះឡើយ»។
លោកបានសង្កត់ធ្ងន់ថា៖«ទូរទស្សន៍បានព្យាយាមទាក់ទងដៃគូឧបត្ថម្ភ បង្កើតឲ្យមានកម្មវិធីប្រកួតនេះឡើង ដើម្បីឲ្យមនុស្សមានការងារធ្វើ និងមានប្រាក់ចំណូល ប៉ុន្តែទូរទស្សន៍មិនអាចគ្រប់គ្រង ក្លិបនិងកីឡាករបាននោះទេ ព្រោះបញ្ហានេះគឺជាភារកិច្ចរបស់សហព័ន្ធដែលត្រូវចាត់ចែង ថាតើត្រូវធ្វើយ៉ាងណាដើម្បីធ្វើឲ្យការប្រកួតនេះ ទទួលបានជោគជ័យ»។
ចំណែកលោក វេង ស៊ីគួរ តំណាងក្រុមហ៊ុនស្រាផែនដី បាននិយាយថា៖«ស្រាផែនដី តែងលើកទឹកចិត្តខ្ពស់ដល់ស៊ីធីអិន ក្នុងការរៀបចំការប្រកួតដែលមិនធ្លាប់មាននៅលើសង្វៀនផ្សេងៗ ព្រមទាំងបានឧបត្ថម្ភទៅលើកម្មវិធីធំៗមួយចំនួនទៀត»។
លោកបានបន្ថែមថា៖ «ការចំណាយថវិកាដ៏ច្រើននេះ គឺយើងមានគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់របស់យើង ហើយដើម្បីឲ្យវិស័យកីឡាមួយនេះ កាន់តែមានការរីកចម្រើនទៀតនោះយើងសន្យាថានឹងនៅតែជួយគាំទ្រប្រដាល់បុរាណខ្មែរជាបន្តទៀត ប៉ុន្តែសូមឲ្យការប្រកួតលើនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូនផង»។
ឆ្លើយតបទៅនឹងការទាមទាររបស់ស៊ីធីអិន និង ម្ចាស់ឧបត្ថម្ភលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថា៖«ខ្ញុំសូមអរគុណដល់ស៊ីធីអិន និងក្រុមហ៊ុនស្រាផែនដី ដែលតែងជួយគាំទ្រដល់វិស័យកីឡាប្រដាល់ ហេតុនេះសូមឲ្យកីឡាករទាំងអស់ដែលត្រូវធ្វើការប្រកួតលើកនេះ ត្រូវមានឧត្តមគតិ និងស្រឡាញ់ជាតិមាតុភូមិ ដោយធ្វើអ្វីមួយត្រូវមានទំនួលខុសត្រូវ»។
លោកបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ថា៖«បញ្ហាកើតឡើងកន្លងមក សូមឲ្យហួសទៅចុះ ប៉ុន្តែចាប់ពេលនេះតទៅទាំងគ្រូបង្វឹក គណៈកម្មការរៀបចំការប្រកួត និងក្រុមគ្រូពេទ្យ ត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង ជាពិសេសកីឡាករទាំង១២នាក់ដែលត្រូវធ្វើការប្រកួតលើកនេះ ត្រូវស្គាល់ពីតម្លៃខ្លួនឯង និងគោរពច្បាប់ទម្លាប់នៃការប្រកួតឲ្យបានល្អ បើសិនជាអ្នកណាធ្វើខុសពីបទបញ្ជាដែលបានចែង យើងនឹងដកអ្នកនោះចេញពីការប្រកួត ដើម្បីកុំឲ្យខូចឈ្មោះដល់គេឯងផ្សេងទៀត»។
នៅក្នុងការប្រកួត ដែលតម្រូវឲ្យកីឡាករទាំង១២នាក់ ធ្វើការចាប់ឆ្នោតដើម្បីរកបេក្ខភាពនៅតាមពូលនោះកីឡាករ ទេស សំខាន់ សួង សុវណ្ណថា ជ័យ វណ្ណៈ ពៅ ស៊ីយ៉េត ព្រំ វី និង ទិត្យ សុវណ្ណគីរី ឈរនៅពូលA ខណៈ ពូលBមាន ផាន់ សារុន ឆាំ រ៉ែម ហ៊ុល ដារ៉ា គួន ប៊ុនហ៊ីម ទី ពន្លែត និង ខុន ស៊ីចាន់ រីឯកីឡាករដែលត្រូវធ្វើការប្រកួតបើកឆាក នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះគឺ ទេស សំខាន់ ជួប សួង សុវណ្ណថា ខណៈ ជ័យ វណ្ណៈ ប៉ះ ពៅ ស៊ីយ៉េត៕
ភ្នំពេញ ប៉ុស្តិ៍







